en     km
en     km

កម្ពុជាឃាត់ខ្លួន និងបណ្តេញជនបរទេសជិត ២ពាន់នាក់ ចេញពីប្រទេស

Share

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ លោក សុខ ផល បានឱ្យដឹងថា នៅឆ្នាំ ២០១៧ អគ្គនាយកដ្ឋានបានឃាត់ខ្លួន និងបណ្ដេញចេញនូវជនបរទេសខុសច្បាប់ សរុប ១ពាន់ ៨៨៥នាក់ មាន ៤៧សញ្ជាតិ ។

ការលើកឡើងរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ដូចនេះ ក្នុងពិធីបើកសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ ២០១៧ និងលើកទិសដៅបន្ដនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ។

នៅក្នុងពិធីនេះ លោក សុខ ផល អគ្គនាយកដ្ឋានអន្ដោប្រវេសន៍បានលើកឡើងបន្ដថា ក្នុងចំណោមជនបរទេសដែលត្រូវសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន និងបណ្ដេញចេញ ក្នុងនោះមាន ជនជាតិវៀតណាម ៩១៧នាក់ ជនជាតិចិន ៥៩៨នាក់ នីហ្សេរីយ៉ា ១៥៥នាក់ ឥណ្ឌា ៣១នាក់ តៃវ៉ាន់ ៣១នាក់ កូរ៉េខាងត្បូង ១៥នាក់ អង់គ្លេស ១៤នាក់ អាមេរិក ១៣នាក់ និងហ្វីលីពីន ១២នាក់។

របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន្ត ក្រសួងមហាផ្ទៃឲ្យដឹងថា លទ្ធផលនៃការធ្វើជំរឿនបានរកឃើញថា ជនបរទេសអន្តោប្រវេសន្តសរុប៤ម៉ឺន ៦៧៧៦គ្រួសារ ស្មើនឹងចំនួនមនុស្ស១៧ម៉ឺន ៦៨១២នាក់ ក្នុងនោះស្រីចំនួន ៧ម៉ឺន ៩៧២៨នាក់ កំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមជនបរទេសអន្តោប្រវេសន្តជាង១៧ម៉ឺនាក់ ក្នុងមានជនបរទេសអន្តោប្រវេសន្តចំនួន ២ម៉ឺន ២១៨គ្រួសារ ស្មើនឹងចំនួនមនុស្ស ៧ម៉ឺន ៣៣៩៧នាក់ ស្រី៣ម៉ឺន ៥៨៨៨នាក់ មាន ០៥សញ្ជាតិ កំពុងកាន់កាប់ប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលឯកសារទាំងនោះមាន ០៧ប្រភេទឯកសារ។

របាយការណ៍បញ្ជាក់ទៀតថា ឯកសារទាំង ០៧ប្រភេទនោះ រួមមាន សៀវភៅស្នាក់នៅចំនួន១ម៉ឺន ៨៥៨០ក្បាល សៀវភៅគ្រួសារចំនួន២ម៉ឺន ១៧៧ក្បាល សំបុត្រកំណើតចំនួន ១ម៉ឺន ១៣៣៦ច្បាប់  សំបុត្រអាពាហ៍ពិពាហ៍ចំនួន ២៤១ច្បាប់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ៦ពាន់ ៧២២ប័ណ្ណ, លិខិតឆ្លងដែនកម្ពុជា ចំនួន ៦៣២ក្បាល និងបណ្ណសម្គាល់កម្មសិទ្ធិអចលនវត្ថុចំនួន ៤១បណ្ណ៕

Share

Image
Image
Image