en     km
en     km

ចិន​ផ្ដល់​រថយន្ដ​គ្លីនិក​ចល័ត​ ២០​គ្រឿង​ជា​លើក​ទី​២​ ដល់​ក្រសួងសុខាភិបាល​កម្ពុជា​

Share

ភ្នំពេញ​ ៖​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ កាលពី​ថ្ងៃ​ទី​១២​ ខែធ្នូ​ ម្សិលមិញ​ បាន​ប្រគល់​រថយន្ដ​គ្លីនិក​ចល័ត​ចំនួន​ ២០​គ្រឿង​ដល់​ក្រសួងសុខាភិបាល​កម្ពុជា​។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៨​។​ រថយន្ដ​គ្លីនិក​ចល័ត​ទាំង​ ២០​គ្រឿង​នេះ​ នឹង​ប្រគល់​ជូន​មន្ទីរ​សុខាភិបាល​ រាជធានី​-​ខេត្ដ​ចំនួន​ ១៥​។

​លោក​ លៀ​ ស៊ី​ណា​ ជូន​សេចក្ដីរាយការណ៍​ ៖​

 

​ការ​ផ្ដល់​រថយន្ដ​គ្លីនិក​ចល័ត​ ២០​គ្រឿង​នេះ​ គឺជា​ជំនួយ​ឥត​សំណង​ពី​ប្រទេស​ចិន​ដល់​កម្ពុជា​ ជា​លើក​ទី​២​ ដែល​សរុប​មាន​រថយន្ដ​ចំនួន​ ៤០​គ្រឿង​។​ រថយន្ដ​គ្លីនិក​ចល័ត​នេះ​ នឹង​ត្រូវ​បែងចែក​ឲ្យ​ទៅ​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ដ​ទាំង​២៥​ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ផ្ដល់​សេវា​ពិនិត្យ​ព្យាបាល​ ជូន​ប្រជាពលរដ្ឋ​ ដែល​នឹង​រួមចំណែក​បង្ខិត​សេវា​សុខាភិបាល​ ឲ្យ​កាន់តែ​ជិត​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ និង​ប្រសិទ្ធភាព​។​

​ការ​ផ្ដល់​រថយន្ដ​ចល័ត​នេះ​ គឺ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ម្សិលមិញ​ នៅ​រាជធានី​ភ្នំពេញ​ ដោយ​មានការ​ចូលរួម​ពី​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​លោក​ ម៉​ម​ ប៊ុ​ន​ហេង​ និង​លោក​ ដេ​ង​ បូ​ហ្គី​ង​ (Deng​ Boqing)​ អនុប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្ដិកា​រណ៍​អន្ដរ​ជាតិចិន​សម្រាប់​អភិវឌ្ឍន៍​ (China​ International​ Development​ Cooperation​ Agency)​។​

​ថ្លែង​នៅ​ក្នុង​ពិធី​ទទួល​នេះ​ រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល​កម្ពុជា​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ បញ្ជាក់​ថា​ ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​ គឺ​តែងតែ​ផ្ដល់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ក្រសួងសុខាភិបាល​កម្ពុជា​ ក្នុង​ការ​ជំរុញ​ឲ្យ​គម្រោង​នានា​លេច​ចេញ​ជា​រូបរាង​យ៉ាង​ឆាប់រហ័ស​ ហើយ​នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​ បន្ទាប់​ពី​គម្រោង​មួយ​ចំនួន​ ដែល​បាន​និង​កំពុង​អនុវត្ដ​។​

​លោក​រដ្ឋមន្ដ្រី​បន្ដ​ថា​ ចិន​បាន​ផ្ដល់​មក​កម្ពុជា​ដែល​មាន​ដូច​ជា​ រថយន្ដ​គិលានសង្គ្រោះ​ចំនួន​ ២០០​គ្រឿង​ ម៉ាស៊ីន​អេកូ​សាស្ដ្រ​ចំនួន​ ២០០​គ្រឿង​ ការ​សាងសង់​អគារ​មន្ទីរពេទ្យ​មិត្ដភាព​កម្ពុជា​-​ចិន​ ព្រះ​កុសុមៈ​ មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ត្បូងឃ្មុំ​ និង​រថយន្ដ​គ្លីនិក​ចល័ត​ដែល​សរុប​ទាំង​ពីរ​លើក​ចំនួន​ ៤០​គ្រឿង​។​ រថយន្ដ​គ្លីនិក​ចល័ត​ទាំង​ ២០​គ្រឿង​លើក​ទី​២​នេះ​ នឹង​ប្រគល់​ជូន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ ខេត្ដកំពង់ធំ​ ខេត្ដកំពត​ កោះកុង​ ក្រចេះ​ មណ្ឌលគិរី​ ព្រះ​វិហារ​ ព្រៃវែង​ ពោធិ៍សាត់​ រតនគិរី​ ស្ទឹង​ត្រែង​ ឧត្ដរមានជ័យ​ កែប​ ប៉ៃលិន​ និង​ខេត្ដ​ត្បូងឃ្មុំ​។​

​គិត​មក​ដល់​ថ្ងៃ​ទី​១៣​ ខែធ្នូ​នេះ​ រថយន្ដ​គ្លីនិក​ចល័ត​ទាំង​អស់នោះ​មិន​ទាន់​បាន​ទៅ​ដល់​មន្ទីរ​សុខាភិបាល​តាម​គោលដៅ​ដែល​ក្រសួងសុខាភិបាល​កំណត់​នៅឡើយ​ទេ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ចំនួន​ពីរ​ ដែល​វិទ្យុ​ស្ដ្រី​បាន​សម្ភាស​។​

​លោក​វេជ្ជបណ្ឌិត​ ឈ្នាង​ សុ​វុ​ត្ថា​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដក្រចេះ​ មាន​ប្រសាសន៍​ថា​ យោង​តាម​ផែនការ​ដែល​ក្រសួងសុខាភិបាល​បាន​ដាក់​ចេញ​ មន្ទីរ​របស់​លោក​បាន​ទទួល​រថយន្ដ​គ្លីនិក​ចល័ត​នេះ​ចំនួន​១​គ្រឿង​ ក៏​ប៉ុន្ដែ​រថយន្ដ​មិន​ទាន់​បាន​បញ្ជូន​ទៅ​ដល់​មន្ទីរ​សុខាភិបាល​ខេត្ដក្រចេះ​នៅឡើយ​ទេ​។​ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​ រថយន្ដ​នេះ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​ស្ថិត​នៅ​តំបន់​ឆ្ងាយ​ ឬ​ក៏​ខណៈ​ដែល​បញ្ហា​គ្រោះ​ធម្មជាតិ​ និង​ការ​ផ្ទុះ​ជំងឺ​ជាដើម​។​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដក្រចេះ​ សង្កត់ធ្ងន់​ថា​ រថយន្ដ​គ្លីនិក​ចល័ត​នេះ​ នឹង​ជួយ​សម្រួល​យ៉ាងច្រើន​ដល់​កិច្ចការ​សុខាភិបាល​ ក្នុង​ការ​នាំ​សេវា​សុខាភិបាល​ទៅ​កាន់តែ​ជិត​ប្រជាពលរដ្ឋ​ ៖«​បាទ​នេះ​វា​សម្រួល​ដល់​ការងារ​ដែល​យើង​ចុះ​ធ្វើការ​ព្យាបាល​ នៅ​តាម​ជនបទ​ហ្នឹងឯង​ តាម​សហគមន៍​ឆ្ងាយៗ​ហ្នឹង​បាទ​ ព្រោះ​យើង​ត្រូវ​មាន​ក្នុង​នោះ​វា​មាន​សម្ភារ​បរិក្ខា​ពេទ្យ​ដែល​នៅ​ក្នុង​ហ្នឹង​ដើម្បី​ចុះ​ធ្វើ​ការងារ​ហ្នឹង​»​។​

​ដូច​គ្នា​ដែរ​លោក​វេជ្ជបណ្ឌិត​ ឃ្លោក​ ហួត​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដឧត្ដរមានជ័យ​ ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ មន្ទីរ​សុខាភិបាល​របស់​លោក​ទទួល​បាន​រថយន្ដ​១​គ្រឿង​ ក៏​ប៉ុន្ដែ​រថយន្ដ​គ្លីនិក​ចល័ត​នោះ​មិន​ទាន់​បញ្ជូន​ទៅ​ដល់​ឧត្ដរមានជ័យ​ទេ​។​ លោក​វេជ្ជបណ្ឌិត​បន្ដ​ថា​ រថយន្ដ​ទាំងនោះ​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​ចុះ​តាម​មូលដ្ឋាន​ឃុំ​នីមួយៗ​ ដើម្បី​អាច​ពិនិត្យ​ព្យាបាល​ជំងឺ​ ហើយ​ពិសេស​ទៅ​តាម​តំបន់​ដែល​មិនសូវ​មាន​មណ្ឌល​សុខភាព​។​ ក៏​ប៉ុន្ដែ​គឺ​អាស្រ័យ​ទៅ​លើ​ពេលវេលា​ និង​ថវិកា​។​

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដឧត្ដរមានជ័យ​បន្ដ​ថា​ រថយន្ដ​គ្លីនិក​ចល័ត​នេះ​ នឹង​ជួយ​សម្រួល​បាន​ច្រើន​ ក្នុង​ការ​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​ពលរដ្ឋ​មក​ស្វែងរក​មណ្ឌល​សុខភាព​ ហើយ​ម្យ៉ាងវិញទៀត​ក្នុង​រថយន្ដ​នោះ​គឺ​ផ្ទុក​ឧបករណ៍​ច្រើន​ប្រភេទ​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​ព្យាបាល​ពលរដ្ឋ​ ៖«​អ្វី​ដែល​សំខាន់​ឧបករណ៍​ សម្ភារ​ក្នុង​រថយន្ដ​ហ្នឹង​វា​មាន​ច្រើន​ ឧបមា​ថា​ ទាក់ទង​និង​រឿង​ធ្មេញ​ វា​មាន​កៅអី​ធ្មេញ​ សម្ភារ​បរិក្ខា​ ហើយ​មាន​ម៉ាស៊ីន​ អ៊ិ​ច​សា​រ៉េ​ អេកូ​ ហើ​មាន​ប្រដាប់​មើល​តាមដាន​ស្រាវជ្រាវ​ទៅ​លើ​មហារីក​ដោះ​អី​វា​មាន​ម៉ាស៊ីន​គេ​ថត​ទៀត​។​ អ​ញ្ចឹ​ង​វា​មាន​ច្រើន​សម្រាប់​ធ្វើ​ការងារ​ហ្នឹង​ វា​ហាក់ដូចជា​មន្ទីរពេទ្យ​មួយ​ទៅ​ហើយ​អាហ្នឹង​ ហើយ​យើង​ត្រូវ​ប្រើ​មនុស្ស​ច្រើន​ចូលរួម​ធ្វើ​អ​ញ្ចឹ​ង​មាន​ន័យ​ថា​ វា​សឹងតែ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ការ​មើលជំងឺ​ក្នុង​តំបន់​ណាមួយ​»​។​

​គួរ​បញ្ជាក់​ថា​ ក្នុង​ឆ្នាំ​២០១៨​នេះ​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​ជា​មិត្ដ​ដ៏​យូរអង្វែង​របស់​កម្ពុជា​ បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ជា​ច្រើន​ ដែល​មាន​ដូច​ជា​ រថយន្ដ​គ្លីនិក​ចល័ត​ ៤០​គ្រឿង​ សាងសង់​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​ចិន​ នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ និង​មន្ទីរពេទ្យ​ត្បូងឃ្មុំ​ ហើយ​កន្លង​មក​ ចិន​បាន​ផ្ដល់​នូវ​រថយន្ដ​ជួយ​សង្គ្រោះ​ ២០០​គ្រឿង​ និង​ឧបករណ៍​អេកូ​ ២០០​គ្រឿង​ សម្រាប់​ជួយ​សង្គ្រោះ​ពលរដ្ឋ​កម្ពុជា​៕

Share

Image
Image
Image