នៅទីបំផុតប្រទេសមហាអំណាចចិនបានបើកការចរចាជាមួយអាមេរិកដោយសម្រេចបញ្ជូន អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទៅកាន់សហរដ្ឋអា មេរិកនៅចុងខែ សីហានេះ ដើម្បីចរចាអំពីជម្លោះពាណិជ្ជកម្មជាមួយអាមេរិកដែលអ្នកសង្កេតការណ៍ព្រមានថា ចិនអាចខាតបង់ច្រើនជាងអាមេរិកបើជម្លោះនៅបន្តអូសបន្លាយ។
តាមទីភ្នាក់ងារសារព័ត៌មាន AFP អនុរដ្ឋមន្ត្រី Wang Shouwen, ដែលត្រូវចាត់តាំងជាប្រធានក្រុមចរចា នឹងទៅជួប មន្ត្រីក្រសួងរតនាគារអាមេរិកលោក David Malpass ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាអោយមានជំនួបនេះកើតឡើង។
តាមប្រភពដដែល ចិនបានសម្ដែងការសាទរជាខ្លាំងការដែលវ៉ាស៊ីនតោន និងក្រុងប៉េកាំង បានយល់ព្រមអោយមានការដោះស្រាយតាមរយៈការចរចា។ តែទីក្រុងប៉េកាំង សុំតែម្យ៉ាង គឺសុំអោយមានសមភាព ភាពថ្លៃថ្នូរនិង យោគយល់គ្នា ដោយគិតផលប្រយោជន៍គ្នាទៅវិញទៅមក។
ប្រទេសមហាអំណាចសដ្ឋិច្ចទាំងពីរបានបើកសង្រ្គាមពាណិជ្ជកម្មនឹងគ្នាចាប់តាំងពីដើម ខែ កក្កដា ដោយបន្ថែមតារាងពន្ធនាំចូលដូចគ្នាលើទំនិញនៃប្រទេសទាំងពីរដែលមានតម្លៃពន្ធដល់ទៅ ១៦ពាន់លានដុល្លារ។
កាលពីពេលថ្មីៗនេះ សារព័ត៌មានបរទេសមួយចុះផ្សាយដោយស្រង់ប្រភពរបស់បក្សកម្មុយនិស្តចិនថា ករណីសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិកនេះ បាននាំអោយ កម្មាភិបាល ជាន់ខ្ពស់ចិនមួយចំនួន មានការមិនចុះសម្រុងនឹងគ្នាលើជំហររបស់ប្រធានាធិបតីស៊ីជីនភីង ដែលមានះ ប្រើយុទ្ធសាស្ត្ររឹងប្រឆាំងអាមេរិក។ ប្រភពព័ត៌មាននោះថា អ្នកចង្អុលបង្ហាញគោលនយោបាយចិនម្នាក់ប្រាប់អោយលោកស៊ីពិចារណាអំពីផលវិបាកទៅថ្ងៃមុខ ចំពោះសេដ្ឋកិច្ចរបស់ចិន៕