en     km
en     km

ចម្រៀង​នយោបាយ​បក្ស​នី​មួយៗ​មានការ​ទាក់​ទាញ​ដូច​គ្នា​តែ​អត្ថ​ន័យ​មិន​ដូច​គ្នា​ទេ​(មានសំឡេង)

Share

ភ្នំពេញ ៖ ឱ្យតែដល់យុទ្ធនាការឃោសនាបោះឆ្នោតម្ដងៗ គេសង្កេតឃើញចម្រៀងនយោបាយត្រូវបានគេបង្ហោះតាមបណ្ដាញសង្គម និងជាទីពេញនិយមទៀតនោះ គឺ នៅពេលបក្សនយោបាយហែក្បួនកាត់តាមដងផ្លូវនានា គេលឺតែចម្រៀងរបស់បក្សនោះចាក់លាន់ឭកងរំពង ហើយមានភាពពិរោះរណ្ដំទៀត។ តែយ៉ាងណាអត្ថន័យនៃចម្រៀងទាំងនោះ គឺ មិនដូចគ្នាទេ។

លោក សេរី វឌ្ឍនៈ អធិប្បាយជូនដូចតទៅ៖

party-1

អត្ថន័យនៃបទចម្រៀងមិនដូចគ្នាមែន តែខ្លឹមសារអំពីគោលនយោបាយបក្សមានលក្ខណៈស៊ីជម្រៅបំផុសគំនិតឱ្យអ្នកបោះ ឆ្នោតត្រូវចេះបែងចែងថា អ្វីជាអាទិភាពសម្រាប់អនាគតរបស់ខ្លួន និងកេ្មងជំនាន់ក្រោយៗទៀត។

ចម្រៀងរបស់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចមានភាពពិរោះរណ្ដំដោយបានលាន់ឭនៅផ្លូវឆ្លងកាត់ហ្វូងមនុស្សជាច្រើនម៉ឺននាក់នៅរាជធានីភ្នំពេញ។ តែអ្វីដែលជាការចងចាំគឺ បទចម្រៀងនេះ ដាស់តឿនអ្នកបោះឆ្នោតឱ្យបន្តជួយការពារសមិទ្ធិផល ៣២ ឆ្នាំរបស់បក្សកាន់អំណាចដោយការផ្ដល់នូវសន្តិភាពរឹងមាំតាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលមានន័យដូចនេះ៖

យុទ្ធនាការរកសំឡេងឆ្នោតរបស់គណបក្សនយោបាយ ត្រូវបានដាក់ឱ្យដំណើរការ នៅថ្ងៃទី ២០ ឧសភា ដោយបិទបញ្ចប់ថ្ងៃទី ២ មិថុនា។ នៅក្នុងការបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី ៤ នេះ គេសង្កេតឃើញសកម្មភាពបក្សនយោបាយធំ ២ គឺ គណបក្សប្រជា ជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មានសកម្មភាពខ្លាំងក្លាជាងគេ ដោយពិធីហែក្បួនថ្ងៃដំបូងមានអ្នកគាំទ្រចូលរួមជិត ១០ ម៉ឺននាក់។

ចម្រៀងរបស់គណបក្សសង្គ្រោះជាតិបង្ហាញពីភាពសប្បាយរីករាយពិរោះរណ្តំ មានអត្ថន័យស៊ីជម្រៅដាស់សតិអារម្មណ៍អ្នកបោះឆ្នោត ត្រូវតាំងចិត្តទៅបោះឆ្នោត ដោយមិនភ័យខ្លាចអ្វីឡើយ។

បើនិយាយអំពីគណបក្សនយោបាយ ដែលដាក់បេក្ខជនសម្រាប់ឈរឈ្មោះជាមេឃុំ និងក្រុមប្រឹក្សាឃុំ មានចំនួន ១២ គណបក្ស។ សម្រាប់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យក៏បានដាក់ពង្រាយបេក្ខជនរបស់ខ្លួនច្រើនដែរ ដោយបានដាក់ចំនួន ៨២៧ ឃុំ ក្នុងចំណោម ១៦៤៦ ឃុំ។ បក្សនេះ ក៏បានឆ្លងកាត់ការបោះឆ្នោតឃុំសង្កាត់រួមនឹងការបោះឆ្នោតសភាកន្លងមកដែរ។

បទចម្រៀងនយោបាយរបស់គណបក្សនេះ ក្រៅពីអះអាងពីធ្វើខ្លួនឱ្យស្អាតក្នុងការដឹកនាំរដ្ឋដោយមិនប្រមូលផ្ដុំអំណាច គឺ បក្សនេះ ជំរុញអ្នកបោះឆ្នោតចូលរួមគិតរួមធ្វើដើម្បីអនាគត។

គេនៅចាំបានថា ការឃោសនាបោះឆ្នោតកាលពីឆ្នាំ ២០១៣ ការចាក់បទចម្រៀងនយោបាយរបស់បក្សនីមួយៗបានធ្វើឱ្យមាន ការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។ បក្សខ្លះ មានតារាចម្រៀងល្បីៗឡើងច្រៀងលើឆាក។ តែបទចម្រៀងរបស់បក្សខ្លះ ក៍ គោះប៉ោត គោះធុង ចាក់ធុងបាស់ រាំគគ្រឹកគគ្រេង ទៅតាមលទ្ធភាព និង សមត្ថភាពរៀងៗខ្លួន។

ចម្រៀងនយោបាយគឺជាឧបករណ៍ឃោសនាមួយយ៉ាងពេញនិយមលើបណ្ដាញសង្គមដែលខុសគ្នាបើធៀបនឹងការបោះឆ្នោតសភាឆ្នាំ ២០១៣ ព្រោះបណ្ដាញសង្គមហ្វេសប៊ុកមានអ្នកចេះប្រើវាជិត ៦ លាននាក់ ៕

 

Share

Image
Image
Image