en     km
en     km

គ.ជ.ប អំពាវនាវឱ្យបក្សនយោបាយ-សង្គមស៊ីវិលដាក់ភ្នាក់ងារតាមដានបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី

Share

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអំពាវនាវឱ្យគ្រប់គណបក្សនយោបាយនិងអង្គការសង្គមស៊ីវិល ត្រៀមដាក់ភ្នាក់ងាររបស់ខ្លួន និងអ្នកសង្កេតការណ៍ឱ្យឃ្លំាមើលការបោះឆ្នោតថ្មីឆ្នំា២០១៧នាពេលខាងមុខនេះ។ ការថ្លែងនេះធ្វើទ្បើងព្រឹកថ្ងៃទី ៣១ កក្កដា ឆ្នំា២០១៧នេះ។

រូបភាព៖ លោក ជួន សារ៉េត
រូបភាព៖ លោក ជួន សារ៉េត

ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ បានបញ្ចប់កាលពីពេលថ្មីៗនេះ រដ្ឋាភិបាល និងអង្គការជាតិ-អន្តរជាតិ លើកទ្បើងថាការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតប្រព្រឹត្តទៅដោយភាពត្រឹមត្រូវ និងអាចទទួលយកបាន។ ការណ៍នេះ គ.ជ.ប អំពាវនាវបន្ថែមទៀតដល់គ្រប់ភាគីពាក់ព័ន្ធដាក់ពង្រាយភា្នក់ងាររបស់ខ្លួនចូលរួមតាមដានបញ្ចីចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ។

ថ្លែងក្នុងកម្មវិធីបណ្តុះបណ្តាលដល់មន្រ្តីពាក់ព័ន្ធស្តីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នំា២០១៧ នៅវិទ្យាស្ថានជាតិអប់រំ អនុប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន លើកទ្បើងថាឆ្នំា២០១៧នេះគឺជាឆ្នំាទីមួយដែលគ.ជ.ប បានធ្វើបច្ចុប្បន្នភាព និងការចុះឈ្មោះបោះឆ្នោតថ្មី បន្ទាប់ពីការចុះឈ្មោះដោយប្រព័ន្ធកុំព្យូទ័រកាលពីឆ្នំា២០១៦។ លោក គួយ ប៊ុនរឿន បន្តថាការចុះឈ្មោះនាពេលកន្លងមកទទួលបានលទ្ធផលល្អប្រសើរ។

តែទន្ទឹមនោះលោកថា គ.ជ.ប ទទួលស្គាល់ដែរថាការចុះឈ្មោះបោះឆ្នោតនៅមានចំនុចខ្វះខាតមួយចំនួនដែលភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ដោះស្រាយទ្បើងវិញដើម្បីធានាថាបញ្ជីបោះឆ្នោតថ្មីនេះមានភាពត្រឹមត្រូវដើម្បីយកទៅប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តឆ្នំា២០១៨ខាងមុខនេះ។

ក្នុងន័យនេះលោកអំពាវនាវឱ្យ អ្នកនយោបាយ និង សង្គមស៊ីវិល ត្រូវចូលរួមតាមដានពិនិត្យបញ្ជីបោះឆ្នោតថ្មីទំាងអស់គ្នា។

លោក គួយ ប៊ុនរឿន«ចំពោះគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលសូមចូលរួមដាក់ភ្នាក់ងារនិងអ្នកសង្កេតការណ៍ឱ្យឃ្លាំមើលដំណើរការប្រព្រឹត្តិទៅនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតនិងការចុះឈ្មោះបោះឆ្នោតឆ្នំា២០១៧នេះ»។

ទាក់ទិនរឿងនេះ នាយកគណៈកម្មាធិការជាតិអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា លោក សំ គន្ធាមី គំាទ្រការលើកទ្បើងនេះ។  លោក សំ គន្ធាមី គូសបញ្ជក់ថាតាមបទពិសោធន៍ការចុះឈ្មោះបោះឆ្នោតនាពេលកន្លងមកឃើញថាមានភាពត្រឹមត្រូវអាចទទួលយកបាន។ តែលោកសម្តែងការសោកស្តាយដែល គ.ជ.ប មិនអាចរៀបចំឱ្យមានការិយាល័យចុះឈ្មោះបោះឆ្នោតសម្រាប់ពលករដែលធ្វើការនៅក្រៅប្រទេស។

លោក សំ គន្ធាមី «ជាការល្អដែលគាត់ត្រូវបើកចំហរឱ្យមានតម្លាភាព អ្នកដែលពាក់ព័ន្ធចូលរួមជាពិសេសគណបក្សនយោបាយ ហើយហ្នឹងអង្គការសង្គមស៊ីវិលទំាងអស់ អង្គការជាតិ អន្តរជាតិ ត្រូវតែចូលរួមសង្កេតមើលដំណើរការបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ចុះឈ្មោះបោះឆ្នោត»។

តាមរបាយការណ៍ អង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា ខុមហ្រ្វែល រកឃើញថាបញ្ជីបោះឆ្នោតកាលពីឆ្នំា២០១៦របស់ គ.ជ.ប ៩៨% មានសុក្រឹត្យភាពត្រឹមត្រូវ។

បើតាម លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឆ្នំា២០១៧ មានរយៈពេល៧០ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ កញ្ញា រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នំា០១៧។ ដោយទ្បែកចំពោះពលរដ្ឋដែលត្រូវមកចុះឈ្មោះបញ្ជីបោះឆ្នោតថ្មីមានប្រហែលជាង២លាននាក់ដែលត្រូវបំពេញបន្ថែមក្នុងបញ្ជីបោះឆ្នោតឆ្នំា២០១៦។

យ៉ាងណាបក្សនយោបាយធំៗ២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ មិនអាចទាក់ទងបានទេ ដោយទូរស័ព្ទចូលតែពុំមានអ្នកលើក។

កាលពីថ្ងៃទី២៨ កក្កដា សម្ដេចនាយករដ្ឋមន្ត្រីបាន ចុះហត្ថលេខា លើសេចក្ដីសម្រេចមួយ ដោយ កំណត់ យកថ្ងៃអាទិត្យទី ២៩  ខែកក្កដា ឆ្នាំ២០១៨ ជាកាលបរិច្ឆេទ ការបោះឆ្នោតសភានីតិកាលទី៦។ ទាក់ទិនសេចក្ដីសម្រេចនេះ តំណាងអង្គការចំនួន២ ធ្វើការងារខាងឃ្លាំមើលការបោះឆ្នោតគឺអង្គការខុមហ្វ្រែល និង និហ្ចិច  បាន ប្រាប់វិទ្យុស្ត្រីថា ពួកគេ សាទរ ការកំណត់ថៃ្ងបោះឆ្នោតដោយ ប្រកាសដោយប្រមុខរដ្ឋាភិបាល។ ពួកគេ បានអំពាវនាវឱ្យ ពលរដ្ឋ ដែលមានអាយុគ្រប់បោះឆ្នោតនិង ពលរដ្ឋ ដែលមិនទាន់ចុះបោះឆ្នោតត្រូវ ចុះបោះឆ្នោត ឆ្នាំ២០១៧ ទើបមានសិទ្ធិបោះឆ្នោតនៅសភានៅខែកក្កដា ឆ្នាំ២០១៨៕

 

Share

Image
Image
Image