en     km
en     km

គ.ជ.ប បង្កើតក្រុមប្រតិកម្មព័ត៌មានដើម្បីទប់ស្កាត់និងវាយបករាល់ចំណុចអវិជ្ជមាន

Share

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានចេញសេចក្តីសម្រេច បង្កើតក្រុមប្រតិកម្មព័ត៌មានរបស់ គ.ជ.ប ដើម្បីជាសេនាធិការរបស់ប្រធាន គ.ជ.ប សម្រាប់ទប់ស្កាត់ និងវាយបករាល់ចំណុចអវិជ្ជមាន។

តាមសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមប្រតិកម្មព័ត៌មានរបស់ គ.ជ.ប ដែលត្រូវបានសម្រេចអុម័តកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៧ គឺស្ថាប័ននេះ ភារកិច្ច និងការទទួលខុសត្រូវរបស់ក្រុមប្រតិកម្មព័ត៌មាន គឺស្ថិតនៅក្រោមការណែនាំ និងបញ្ជាដោយផ្ទាល់របស់ប្រធានគ.ជ.ប ក្នុងការប្រមូលព័ត៌មាន និងវិភាគព័ត៌មានណាដែលបានផ្សព្វផ្សាយជាសារធារណៈ។

ជាមួយគ្នានេះក្រុមប្រតិកម្មព័ត៌មានក៏មានតួនាទីធ្វើការវិភាគរកព័ត៌មាន ណាដែលផ្សាព្វផ្សាយអវិជ្ជមាន ឬបង្ខូចកិត្តិយស គ.ជ.ប និងធ្វើឱ្យមានការយល់ច្រឡំ បំភ័ន្ដសាធារណៈមតិ ទិសដៅធ្វើឱ្យអាប់ឱន ឬធ្វើឱ្យមហាជនមានការសង្ស័យ ឬមិនទុកចិត្តលើស្ថាប័នរៀបចំការបោះឆ្នោត ការផ្សារព័ត៌មានអវិជ្ជមាន ពាក់ព័ន្ធនឹងគ.ជ.ប ឬដំណើរការរៀបចំការបោះឆ្នោតទាំងមូល។ ក្រៅពីនេះ គ.ជ.ប ក៏មានតួនាទីឆ្លើយបំភ្លឺជាលាយ លក្ខណ៍អក្សរក្នុងករណីខាងលើផងដែរ។

ជុំវិញការបង្កើតក្រុមប្រតិកម្មព័ត៌មាននេះដែរ លោក សំគន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ   អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅកាត់ថា (NICFEC)  យល់ឃើញថា ការបង្កើតក្រុមប្រតិកម្មព័ត៌មានអាចធ្វើអោយប៉ះពាល់ដល់សេរីភាពសារព័តមាន។លោកបន្ដ គ.ជ.ប មិនគួរបារម្ភខ្លាំងពេកនោះទេ ចំពោះរឿងកន្លងមកនៅលើបណ្ដាញសង្គមហ្វេសប៊ុក។

លោក សំគន្ធាមី៖ «ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប មិនគួរយកចិត្តទុកដាក់ពេកទេ ពីព្រោះអីព័ត៌មានលើបណ្ដាញហ្វេសប៊ុកអីមិនមែនផ្លូវការឯណា ហើយគាត់ហាក់ដូចជាមានការបារម្ភច្រើន ចឹងបានគាត់(គ.ជ.ប)បង្កើតក្រុមប្រិតកម្មរហ័សដើម្បីសម្រាប់បកស្រាយបំភ្លឺជាមួយអ្នកសារព័ត៌មាន និងអ្នកលេងហ្វេសប៊ុក។ បង្កើតនេះវាប៉ះពាល់ដល់សេរីភាពសារព័ត៌មានខ្លះដែរណា៎ លើកមុនខ្ញុំឃើញថា គាត់ដូចអត់អីផង លើកនេះគាត់ដូចជាព្រួយបារម្ភខ្លាំងពេក»។

ក្រុមប្រតិកម្មព័ត៌មានរបស់ គ.ជ.ប មានសមាសភាពចំនួន៧រូប ដែលមាន លោក សោម សូរីដា, លោក ឡេង សុជា , លោក វង្ស ចំរើន, លោក កែវ ផល្លា , លោក កែវ រឹទ្ធិ​, លោក ខន កែវ មនោ និង លោក តុប ប្ញទ្ធី ។

កាលពីថ្ងៃទី ២ខែធ្នូ ឆ្នាំ២០១៧  ក្រុមប្រតិកម្មព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីប្រកាសព័ត៌មានប្រតិកម្មទៅលើ មជ្ឈដ្ឋានមួយចំនួននៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលបានវាយប្រហារមកលើស្ថាប័ន គ.ជ.ប កន្លងមក ពាក់ព័ន្ធនឹងបញ្ហា ឯករាជ្យភាព អព្យាក្រឹត្យភាព និងយុត្តិធម៌ របស់គ.ជ.ប និងបដិវត្តពណ៌ ។

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ ក្រុមប្រតិកម្មព័ត៌មានរបស់ គ.ជ.ប បានចាត់ទុកថា ការលើកឡើងរបស់សាធារណជនមួយចំនួនមកលើគ.ជ.ប ខាងលើ គឺ ជាល្បិចកលដែលខ្មៅកខ្វក់ ក្នុងបំណងបំផ្លាញទំនុកចិត្តសាធារណៈមតិលើដំណើរការរៀបចំការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ៕

 

Share

Image
Image
Image