en     km
en     km

គ.ជ.ប ត្រៀមធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតមួយមានគុណភាព

Share

ភ្នំពេញ៖ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក បានឱ្យដឹងថា គ.ជ.ប ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់ តាមរយៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាព មានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។

ការលើកឡើងរបស់លោក ស៊ិក ប៊ុនហុក ដូចនេះនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលមន្រ្ដីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៨​។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប ។

តាមសេចក្ដីប្រកាសព័ត៌មានចុះនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ដដែលនេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ត្រូវអនុវត្តនៅក្រោយពេលដែល គ.ជ.ប បានបញ្ចប់ជាស្ថានពរការងាររៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ និងជាជំហានថ្មីមួយសម្រាប់អនុវត្តការងារធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រប្រចាំឆ្នាំ បន្ទាប់ពីបានរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ និងការធ្វើបច្ចុប្បន្នភាពនៅឆ្នាំ ២០១៧។

បញ្ជាក់ផងដែរថា ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាព មានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព គ.ជ.ប បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ដល់សិក្ខាកាមចំនួន១៥០នាក់ ដែលជាមន្ត្រីលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល។ 

រយៈពេល ៣ថ្ងៃ នៃវគ្គបណ្ដុះបណ្ដាលដែលចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨នេះ គឺ គ.ជ.ប មានបំណងផ្ដល់ជូនបន្ថែមនូវការយល់ដឹងឱ្យកាន់តែច្បាស់លាស់អំពីនីតិវិធីនៃការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ពិសេសគឺការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យួទ័រ សំដៅធានាឱ្យមានគុណភាព និងប្រសិទ្ធភាពការងារ និងការចូលរួមសហការអនុវត្តតាមតួនាទី ដើម្បីឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី និងប្រតិទិនការងារដែលបានកំណត់៕

Share

Image
Image
Image