en     km
en     km

គ.ជ.ប៖ អ្នកចុះឈ្មោះបោះឆ្នោតមានចំនួនតិចព្រោះអ្នកមិនបានមកចុះឈ្មោះភាគច្រើនជាពលករក្រៅប្រទេស

Share

ភ្នំពេញ៖  ដំណើរការនៃការចុះឈ្មោះបោះឆ្នោតដែលចាប់ពីថ្ងៃទី ០១ ខែ កញ្ញាមកដល់ពេលនេះ បាន ៤៦ ថ្ងៃហើយ។ ក្នុងនោះមានអ្នកបានមកចុះឈ្មោះបោះឆ្នោតចំនួន៣ សែន ៨ ម៉ឺននាក់ ដែលគេប៉ាន់ស្មានថា នៅសល់ប្រហែល ៧ សែន ២ ម៉ឺននាក់ទៀតមិនទាន់មកចុះឈ្មោះបោះឆ្នោត។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអះអាងពីមូលហេតុអ្នកដែលមិនបានមកចូលរួមបោះឆ្នោតថា ភាគច្រើនជាពលករក្រៅប្រទេស។

ព័ត៌មាននេះរាយការណ៍ជូនដោយលោកសេរី វឌ្ឍនៈ ៖

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានបង្ហាញពីតួលេខអ្នកដែលបានចុះឈ្មោះបោះឆ្នោត ប្រាប់វិទ្យុស្ត្រីថា មកទល់ថ្ងៃនេះ គ.ជ.ប ទទួលអ្នកចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបច្ចុប្បន្នភាពឆ្នាំ២០១៧នេះបាន ៣ សែន ៨ ម៉ឺននាក់។ តែលោកថាចំនួននេះនៅតិចនៅឡើយព្រោះ គេប៉ាន់ស្មានថានឹងមានអ្នកចុះឈ្មោះបោះឆ្នោតដល់ទៅជាង ១ លាន នាក់ ហើយនៅខ្វះ ៧ សែន ២ ម៉ឺន នាក់ទៀតដែលត្រូវនឹងមកចុះឈ្មោះបោះឆ្នោត។  លោកបញ្ជាក់ថាចំនួនតិចនេះដោយសារយុវជនមួយភាគ ធ្វើការនៅប្រទេសគេ។

លោក ហង្ស ពុទ្ធា៖ ភាគច្រើនពួកគាត់ហ្នឹង នៅក្រៅប្រទេសបាទ! ១ លាននាក់ហ្នឹងមានន័យថារាប់បញ្ជូលទាំងពលករចំនាកស្រុក អ្នករៀននៅក្រៅប្រទេស និង អ្នករស់នៅបរទេស។

លោក ហង្ស ពុទ្ធាក៏បានអំពាវនាវឲ្យ ប្រជាពលរដ្ឋ ពិសេស អ្នកដែលមិនទាន់មកចុះឈ្មោះបោះឆ្នោត ឲ្យប្រញាប់រួសរាន់មកចុះឈ្មោះបោះឆ្នោត ព្រោះថា ការបិទដំណើរការចុះឈ្មោះបោះឆ្នោតនឹងបិទនៅថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ២០១៧ នេះ។

ស្របពេលនេះដែរ លោក កន សាវាង្ស មន្រ្តីកម្មវិធីជាន់ខ្ពស់ផ្នែកអង្កេត របស់អង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថា ខុមហ្វ្រែល បានបង្ហាញទស្សនៈថា ចំនួននៃការចុះឈ្មោះបោះឆ្នោតនេះ ហាក់ដូចជានៅតិចខ្លាំងណាស់ ដែលជាកត្តាធ្វើឲ្យជះឥទ្ធិពលដល់ការបោះឆ្នោតនៅឆ្នាំក្រោយ។

លោក កន សាវ៉ាង្ស៖ យើងឃើញថាតួលេខនៃអ្នកដែលទៅចុះឈ្មោះបោះឆ្នោតហ្នឹងមានចំនួនច្រើនណាស់ ដែលវាជាឧបសគ្គនៃដំណើរការបោះឆ្នោត ទាំងផ្នែកផ្លួវច្បាប់ ទាំងភាគីដែលពាក់ព័ន្ធ ចូលរួមផងដែរ។

គួរបញ្ជាក់ផងដែរថាការចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៦ មានពលរដ្ឋមកចុះបានជិត៨លាននាក់ ហើយ អ្នកចេញទៅបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៤មីថុនាឆ្នាំ២០១៧មាន ជាង៨០ភាគរយ៕

Share

Image
Image
Image