en     km
en     km

គ.ជ.ប៖ បើគ្មានជំនួយពីបរទេស គ.ជ.ប ក៏នៅតែអាចដំណើរការបោះឆ្នោតបានដែរ

Share

ភ្នំពេញ៖ អ្នកនំាពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថាទោះបីជាគ្មានជំនួយឧបត្ថម្ភណាមួយពីបរទេសក្ដី  គ.ជ.ប ក៏នៅតែអាចដំណើរការបោះឆ្នោតរបស់ខ្លួនបានដដែល។ នេះបើតាមលោក ហង្ស ពុទ្ធា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត នាព្រឹកថ្ងៃទី១៤ កញ្ញា ឆ្នំា២០១៧នេះ។

photo by Choun Sareth

ខណៈស្ថានទូតមួយចំនួនប្រចំានៅកម្ពុជា នាពេលកន្លងមកបានចូលរួមផ្តល់ជំនួយជាសម្ភារៈបច្ចេកទេសមួយចំនួនដល់ គ.ជ.ប ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តិទៅដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ គេសង្កេតឃើញ ស្ថានទូតទំាងនោះសម្តែងការព្រួយបារម្ភអំពីស្ថានភាពនយោ បាយពាក់ព័ន្ធនឹងការចាប់ខ្លួនមេបក្សប្រឆំាងនៅកម្ពុជា។

ស្រពពេលស្ថានភាពនយោបាយរវាងរាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតអាមេរិកប្រចំាកម្ពុជា ​មិនសូវមានភាពចុះសម្រុងគ្នានោះ សំនួរសួរថាតើអាមេរិក ក៏ដូចជាស្ថានទូតមួយចំនួនទៀតអាចកាត់បន្ថយជំនួយឧបត្ថម្ភមួយចំនួនទៅដល់គ.ជ.ប ដែរឬទេ  អ្នកនំាពាក្យ គ.ជ.ប ថាទោះគ្មានជំនួយពីបរទេសក៏ដោយ គឺការបោះឆ្នោតនៅកម្ពុជាក៏នៅតែអាចដំណើរការបោះឆ្នោតបាន។

អ្នកនំាពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី១៤ កញ្ញា នេះថាទោះបីស្ថានភាពនយោបាយកម្ពុជា និងស្ថានទូតមួយចំនួនប្រចំាកម្ពុជាមិនសូវមានភាពល្អប្រសើរជាមួយគ្នាយ៉ាងណាក៏ដោយចុះ តែដំណើរការបោះឆ្នោតកម្ពុជានៅតែប្រព្រឹត្តិទៅដោយរលូន។ លោក ហង្ស ពុទ្ធា សង្កត់ធ្ងន់ថាប្រសិនបីគ្មានជំនួយឧបត្ថម្ភណាមួយពីបរទេសមកកាន់គ.ជ.ប នោះ ក៏ គ.ជ.ប នៅតែអាចដំ ណើរការ ការងារបោះឆ្នោតរបស់ខ្លួនបានដដែល។ «ប្រទេសកម្ពុជាជាប្រទេសមួយដែលមានអធិបតេយ្យភាពរបស់ខ្លួនអញ្ចឹងជារៀងរាល់ឆ្នំា ពិសេសឆ្នំាបោះឆ្នោតតែម្តង សភាបានសម្រេចផ្តល់ថវិកាប៉ុន្មានសម្រាប់ការបោះឆ្នោតអញ្ចឹងថវិកានេះទោះបីអត់មានជំនួយពីណាមកក៏លុយរបស់រដ្ឋាភិបាលលោកបានគ្រោងទុកស្រេចហើយ ប៉ុន្តែបើសិនជាមានជំនួយវិញបានន័យថាវិកាជំនួយហ្នឹងវិញនឹងត្រូវកាត់ចេញពីថវិការបស់រដ្ឋ គ្រាន់តែប៉ុណ្ណឹងទេ ប៉ុន្តែអារឿងថាអត់លុយបោះឆ្នោតគឺអត់មានទេ គ.ជ.ប នៅតែដំណើរការបោះឆ្នោតតាមការគ្រោងទុក»។

ឆ្លើយតបនឹងការលើកទ្បើងនេះ អ្នកឃ្លំាមើលការបោះឆ្នោតនៅកម្ពុជា លោក សំ គន្ធាមី យល់ឃើញថាប្រសិនបើមានការកាត់ជំនួយឧបត្ថម្ភណាមួយពីបរទេសនោះគឺអាចធ្វើឱ្យប៉ះពាល់ដល់ការរៀបចំការបោះឆ្នោតនៅកម្ពុជា។«បើសិនជាមានការកាត់ជំនួយបច្ចេកទេស ទីប្រឹក្សាអីទំាងអស់គឺប៉ះពាល់ដល់ការរៀបចំការបោះឆ្នោតដែលមានការទុកចិត្តពីសាធារណជនទំាងសហគមន៍ជាតិ និងអន្តរជាតិគេសម្លឹងមើលអញ្ចឹងគេថាស្ថាប័នរៀបចំការបោះឆ្នោតហ្នឹងមានការចូលរួមជួយជ្រោមជ្រែងសហគមន៍អន្តរជាតិគេមានជំនឿងកាន់តែច្រើន»។

នៅពេលដែលកម្ពុជាចាប់ផ្តើមកែទម្រង់ការរៀបចំការបោះឆ្នោត គេសង្កេតឃើញថាប្រទេសធំៗមួយចំនួនក៏ចាប់ផ្តើមជួយកម្ពុជារឿងនេះផង ដែរ។ ប្រទេសទំាងនោះរួមមាន៖ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសជប៉ុន។ ប៉ុន្តែសហគមន៍អន្តរជាតិទំាងនោះផ្តល់ទំាងជំនួយសម្ភារៈ និងជំនួយជាសាច់ប្រាក់។ សហរដ្ឋអាមេរិកជាផ្នែកមួយដែលបានផ្តល់ជំនួយសម្រាប់ គ.ជ.ប មកដល់ពេលនេះ ហើយកាលពីថ្មីៗនេះក្រសួងការបរទេសអាមេរិកបានចេញសេចក្តីថ្លែងការណ៍ដោយប្រកាសថា អាមេរិកនឹងតាមដានការបោះឆ្នោតនៅកម្ពុជាឱ្យបានជាប់ជានិច្ចទោះបីជាស្ថានការណ៍នយោបាយទៅរកភាពគ្រោះថ្នាក់ក៏ដោយ៕

 

Share

Image
Image
Image