en     km
en     km

គ​.​ជ​.​ប​ មិន​ទាន់​មាន​លទ្ធផល​នៃ​កិច្ចប្រជុំ​ជម្រុះ​បេក្ខជន​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​

Share

NEC-cover
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ នៅ​ថ្ងៃ​ទី​០៥​ ខែមករា​ ម្សិលមិញ​នេះ​ កំពុង​ដំណើរការ​ជម្រុះ​យក​បេក្ខជន​តែត្រឹម​ ១៥​នាក់​ សម្រាប់​តំណែង​អគ្គលេខាធិការ​ និង​អគ្គលេខាធិការ​រង។​

​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ លោក​ ហង្ស​ ពុទ្ធា​ ឱ្យ​ដឹង​ថា​ ការ​ប្រជុំ​សម្រេច​ ដើម្បី​ជម្រុះ​យក​បេក្ខជន​ ១៥​នាក់​ នោះ​ ដោយ​នឹង​យក​ ៣​នាក់​ សម្រាប់​ប្រកួតប្រជែង​តំណែង​អគ្គលេខាធិការ​ និង​ ១២​នាក់​ទៀត​ សម្រាប់​តំណែង​អគ្គលេខាធិការ​រង​។​

​លោក​ ហង្ស​ ពុទ្ធា​ បញ្ជាក់​ថា​ រហូត​មក​ទល់​រសៀល​ថ្ងៃ​ម្សិលមិញ​ កិច្ចប្រជុំ​ជម្រុះ​បេក្ខភាព​តំណែង​អគ្គលេខាធិការ​ និង​អគ្គលេខាធិការ​រង​ គ​ ជ​ ប​ នៅ​មិន​ទាន់​ទទួល​បាន​លទ្ធផល​នៅឡើយ​នោះ​ទេ​។​

​យោង​តាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បានឱ្យ​ដឹង​ថា​ បេក្ខជន​ដែល​ចូលរួម​ប្រកួតប្រជែង​យក​តំណែង​អគ្គលេខាធិការ​ និង​អគ្គលេខាធិការ​រង​ ត្រូវ​បំពេញ​លក្ខខណ្ឌ​ចំនួន​ ៦​ចំណុច​ ដូច​ជា​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ និង​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់​ក្នុង​រយៈពេល​បំពេញការងារ​ មាន​អាយុ​យ៉ាងតិច​ ៣០​ឆ្នាំ​ មាន​សិទ្ធិ​បោះ​ឆ្នោត​ មាន​សញ្ញាបត្រ​ចាប់ពី​ថ្នាក់ឧត្ដម​សិក្សា​ឡើង​ទៅ​ មានបទពិសោធន​ការងារ​យ៉ាងតិច​ណាស់​ ៥​ឆ្នាំ​ និង​មិន​ត្រូវជា​សហព័ន្ធ​ ឬ​ញាតិ​សារ​លោហិត​ ឬ​ញាតិពន្ធ​រហូត​ដល់​ថ្នាក់​ទី​៣​ របស់​ប្រធាន​ ឬ​អនុប្រធាន​គណបក្ស​នយោបាយ​។​

​តាម​សេចក្ដី​ប្រកាស​របស់​ គ​.​ជ​.​ប​ កាលពី​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៥​ កន្លង​មក​ បានឱ្យ​ដឹង​ថា​ អ្នក​ដាក់​ពាក្យ​សម្រាប់​តំណែង​អគ្គលេខាធិការ​មាន​ ២៤​នាក់​ និង​តំណែង​អគ្គលេខាធិការ​រង​មាន​១០០​នាក់​។​

​សេចក្ដី​ប្រកាស​របស់​ គ​.​ជ​.​ប​ ឱ្យ​ដឹង​ថា​ ក្នុង​ចំណោម​បេក្ខជន​សម្រាប់​តំណែង​អគ្គលេខាធិការ​ទាំង​ ២៤​រូប​ នោះ​មាន​ ១២​រូប​ គោរព​តាម​លក្ខខណ្ឌ​ ៦​ចំណុច​ របស់​ គ​.​ជ​.​ប​ ចំណែកឯ​តំណែង​អគ្គលេខាធិការ​រង​មាន​បេក្ខជន​គោរព​តាម​លក្ខខណ្ឌ​ចំនួន​ ៧៦​រូប​៕

Share

Image
Image
Image