en     km
en     km

គ​.​ជ​.​ប​ ទទួល​បាន​បណ្ដឹង​ជាង​៧០​បណ្ដឹង​ក្រោយ​ចេញ​លទ្ធផល​បោះ​ឆ្នោត​បឋម​

Share

ភ្នំពេញ៖ គ.ជ.ប ទទួលបានបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ និងបណ្ដឹងសុំឲ្យដាក់ពិន័យ ៧១បណ្ដឹង ក្រោយចេញលទ្ធផលបឋមនៃការបោះឆ្នោត។

ការិយាល័យ គ.ជ.ប នៅក្នុង ក្រសួងមហាផ្ទៃ។
ការិយាល័យ គ.ជ.ប នៅក្នុង ក្រសួងមហាផ្ទៃ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប) ចុះនៅថ្ងៃទី៦ មិថុនា ឆ្នាំ២០១៧ ឱ្យដឹងថា គណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានទទួលពាក្យបណ្ដឹងចំនួន ៧១ បណ្ដឹង ក្នុងនោះ ២៨បណ្ដឹង ប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ និង ៤៣បណ្ដឹង ប្ដឹងសុំឱ្យដាក់ពិន័យចំពោះអ្នកប្រព្រឹត្តល្មើសលើបទប្បញ្ញត្តិនៃជំពូកទី១៤ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.បដដែល ពាក្យបណ្ដឹងដែលសុំឱ្យរាប់សន្លឹកឆ្នោតឡើងវិញនោះមាន ១៨បណ្ដឹង ជារបស់គណបក្សប្រជាជនកម្ពុជា និង ១០បណ្ដឹងជារបស់គណបក្សសង្គ្រោះជាតិ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប គណបក្សទាំងពីរនេះ បានប្ដឹងសុំឱ្យរាប់សន្លឹកឆ្នោតឡើងវិញ មានចំនួន ៤៧ការិយាល័យ។

៤៧ ការិយាល័យនោះ មាននៅតាមខេត្ត និងរាជធានីមួយចំនួនដូចជា៖

_ខេត្តបាត់ដំបងមានចំនួន ១៥ការិយាល័យ (បណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា)
_រាជធានីភ្នំពេញមានចំនួន ១២ការិយាល័យ (បណ្ដឹងគណបក្សប្រជាជនកម្ពុជា ៩ និង គណបក្សសង្គ្រោះជាតិ ៣)
_ខេត្តស្ទឹងត្រែងមានចំនួន ៨ការិយាល័យ (បណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ) ។
_ខេត្តកំពង់ធំមានចំនួន ៧ការិយាល័យ (បណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា)
_ខេត្តកោះកុងមានចំនួន ២ការិយាល័យ (បណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ)
_ខេត្តសៀមរាបមានចំនួន ២ការិយាល័យ (បណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ)
_ខេត្តតាកែវមានចំនួន ១ការិយាល័យ (បណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ)

តាមការបញ្ជាក់របស់គ.ជ.ប ចំពោះបណ្ដឹង ៤៣ បណ្ដឹង ទាក់ទងនឹងសុំឱ្យដាក់ពិន័យអ្នកប្រព្រឹត្តល្មើសលើបទប្បញ្ញត្តិនៃជជំពូកទី១៤ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានចំនួន ១៩បណ្ដឹង ជាបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា ហើយ ២០ បណ្ដឹងជាបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ និង៤បណ្ដឹងជាបណ្ដឹងរបស់ប្រជាពល រដ្ឋ។

តាមការប្រការព័ត៌មានរបស់គ.ជ.ប គឺ បណ្ដឹងខាងលើគណៈកម្មាធិការឃុំសង្កាត់រៀបចំការបោះឆ្នោង (គឃ.សប ) និង គណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោត(គធ.ខប) បាននឹងកំពុងដោះស្រាយទៅតាមនីតិវិធី៕

 

Share

Image
Image
Image