en     km
en     km

គ្រោះ​ធម្មជាតិ​បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ក្នុង​ខេត្ដក្រចេះ​ជាង​១​ពាន់​គ្រួសារ​ផ្លាស់​ប្ដូរ​ទីជម្រក​

Share

​ភ្នំពេញ​ ៖​ គ្រោះ​ធម្មជាតិ​ បាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ដក្រចេះ​ជាង​ ១​ពាន់​គ្រួសារ​ ត្រូវ​ផ្លាស់​ប្ដូរ​ទីជម្រក​ ហើយ​ប៉ះពាល់​ដល់​ស​ន្ទួ​ង​វស្សា​ប្រមាណ​ជាង​ ៣០១២​ហិច​តា​។​ នេះ​បើ​យោង​តាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

​គិត​រហូត​មក​ដល់​ថ្ងៃ​ទី​២៩​ ខែសីហា​នេះ​ ខ្យល់​កន្ដ្រាក់​ បាន​វាយប្រហារ​ផ្ទះ​ប្រជាពលរដ្ឋ​ បណ្ដាល​ឲ្យ​រលំ​អស់​ជា​ច្រើន​ខ្នង​ ហើយ​មិនតែប៉ុណ្ណោះ​ទឹកជំនន់​បាន​ឆក់​យក​ជីវិត​ មនុស្ស​ ០៦​នាក់​ទៀត​ផង​។​ ទឹកជំនន់​បាន​បន្ដ​លិច​ក្នុងស្រុក​ចំនួន​ ០៥​ និង​ក្រុង​មួយ​ របស់​ខេត្ដក្រចេះ​ ដែល​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​ ជិត​ ១​ម៉ឺន​គ្រួសារ​។​

​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ១​ពាន់​គ្រួសារ​ដែល​ត្រូវ​ជម្លៀស​ទៅ​រក​ទីទួល​សុវត្ថិភាព​ បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ ពី​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ ខណៈ​ទឹកបាន​ជន់​លិច​រយៈពេល​ ស្រប​ពេល​ដែល​ពួក​គាត់​មួយ​ចំនួន​ធំ​ បាន​ធ្លាក់ខ្លួន​ឈឺ​ជា​បន្ដបន្ទាប់​។​

​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ប្រាប់​ថា​ ស្រូវ​វស្សា​ចំនួន​ ៣០១២​ហិច​តា​ បាន​រង់​ផល​ប៉ះពាល់​ ហើយ​បាន​ខូចខាត​ចំនួន​ ១៥៣២​ហិច​តា​ ខណៈ​ដំណាំ​រួម​ផ្សំ​ខូចខាត​ជាង​ ៧០០​ហិច​តា​។​ បន្ថែម​ពី​នេះ​ លំនៅ​ឋាន​ប្រជាពលរដ្ឋ​ ៩១៥៤​ខ្នង​ បាន​រង​ផល​ប៉ះពាល់​ ហើយ​ប្រជាពលរដ្ឋ​ ១៣០៣​គ្រួសារ​ ត្រូវ​ជម្លៀស​ចេញ​ ខណៈ​សាលារៀន​ ៨១​កន្លែង​ មិន​អាច​បន្ដ​ការ​សិក្សា​បាន​ និង​មណ្ឌល​សុខភាព​ ៣​កន្លែង​ត្រូវ​បិទ​ដំណើរការ​។​

​យោង​តាម​ការ​ព្យាករណ៍​ពី​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ នៅ​ថ្ងៃ​ទី​២៩​ ខែសីហា​នេះ​ បាន​បញ្ជាក់​ថា​ កម្ពស់​ទឹក​នៅ​ទន្លេមេគង្គ​ខេត្ដក្រចេះ​ មាន​កម្ពស់​ ២២,១៧​ម៉ែត្រ​ ដែល​ជា​កម្ពស់​ទឹក​ស្ថិត​ក្នុង​កម្រិត​ប្រកាស​អាសន្ន​។​ ជាមួយ​គ្នា​នេះ​ក្រសួង​ធនធានទឹក​ ក៏​បញ្ជាក់​ដែរ​ថា​ ស្ថានភាព​ទឹក​នៅ​ទន្លេមេគង្គ​ខេត្ដក្រចេះ​នេះ​ នឹង​នៅ​តែ​បន្ដ​កើនឡើង​ថែម​ទៀត​ សម្រាប់​ថ្ងៃ​ទី​៣០​ ខែសីហា​។​ ដោយឡែក​ថ្ងៃ​ទី​៣១​ ខែសីហា​ ទឹកនឹង​ស្រក​ចុះ​បន្ដិច​វិញ​ ក៏​ប៉ុន្ដែ​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ប្រកាស​អាសន្ន​នៅឡើយ​។​

​យោង​តាម​ការ​ព្យាករណ៍​នេះ​ ក្រសួង​ធនធានទឹក​ បាន​អំពាវនាវ​ដល់​ក្រសួង​ ស្ថាប័ន​ អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​ទាំងអស់​ ក៏​ដូច​ជា​ប្រពល​រដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នេះ​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ ដែល​កើតឡើង​ជាយ​ថា​ ហេតុ​៕

Share

Image
Image
Image