en     km
en     km

គ្រូបង្រៀន​ទាមទារ​ឲ្យ​តម្លើង​ប្រាក់ខែ​គោល​ ១​លាន​ ៥​សែន​រៀល​ដល់​គ្រូ​គ្រប់​កម្រិត​ចាប់ពី​ថ្នាក់​ ម​តេ​យ្យ​ ដល់​វិទ្យាល័យ

Share

ភ្នំពេញ៖ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ រៀបចំ​ ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ថ្ងៃ​ទី​ ០៥​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​នេះ​ ក្រោម​ប្រធានបទ​«​ការ​ផ្ដល់​តម្លៃ​ជូន​គ្រូបង្រៀន​ និង​ការ​ពង្រឹង​កម្រិត​ស្ថានភាព​នៃ​គ្រូបង្រៀន​»​។​

ហ៊ុន​ សែន​
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ រៀបចំ ទិវាគ្រូបង្រៀនពិភពលោកនៅថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៦ នេះ ក្រោមប្រធានបទ«ការផ្ដល់តម្លៃជូនគ្រូបង្រៀន និងការពង្រឹងកម្រិតស្ថានភាពនៃគ្រូបង្រៀន» ​

ពិធី​នេះ​ធ្វើ​ឡើង​ដោយ​មាន​គ្រូបង្រៀន​ ប្រមាណ​ជាង​ ២០០​នាក់​ មក​ពី​បណ្ដា​ខេត្ដ​ នានា​ បាន​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​។​ ការ​ប្រារព្ធ​នេះ​ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ក៏​បាន​ផ្ញើ​ញត្ដិ​ ជូន​ទៅ​កាន់​ខុ​ទ្ទ​ការ​ល័យ​សម្ដេច​ ហ៊ុន​ សែន​ និង​ ក្រសួង​អប់រំ​ ប៉ុន្ដែ​មន្ត្រី​មក​ទទួល​ញត្តិ​ មិន​មាន​ថ្លែង​សារ​អ្វី​ទៅ​កាន់​ក្រុម​គ្រូបង្រៀន​នោះ​ទេ​។​ តែយ៉ាងណាក៏ដោយសម្តេច ហ៊ុន​ សែន បានសន្យាដំឡើងប្រាក់ខែ ជាង ៩០មឺុនរៀល ដល់គ្រូបង្រៀន ដោយគិតពីឆ្នាំ២០១៧ តទៅ។​ ​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

​ប្រធាន​ស្ដីទី​សមាគម​ គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​អ្នកស្រី​ អុក​ ឆា​យ៉ា​វី​ មាន​ប្រសាសន៍​ ក្នុង​ពិធី​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ថ្ងៃ​ទី​ ០៥​ តុលា​ នេះ​ថា​ ការ​ស្នើ​សុំ​របស់​សមាគម​ ឱ្យ​គ្រូបង្រៀន​ទទួល​បាន​ប្រាក់​បៀរ​វត្ស​គោល​ ១​លាន​ ៥​សែន​រៀល​ ចាប់ពី​គ្រូបង្រៀន​កម្រិត​ ម​តេ​យ្យ​ ដល់​កម្រិត​ វិទ្យាល័យ​ គឺ​ដើម្បី​ពួក​គាត់​អាច​រស់​សមរម្យ​បន្តិច​។​

​លោកស្រី​អះអាង​ថា​ សព្វថ្ងៃ​ជីវភាព​របស់​ លោកគ្រូ​អ្នកគ្រូ​ មិន​អាច​រស់នៅ​សមរម្យ​ តាម​កម្រិត​ប្រាក់ខែ​ត្រឹម​ ៧០​ម៉ឺន​ ឬ​ ៨០​ម៉ឺន​រៀល​ នោះ​ទេ​។​

​អ្នកស្រី​ អុក​ ឆា​យ៉ា​វី​៖«​តាម​ពិត​ទៅ​សមាគម​ គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ យើង​ឃើញ​ថា​ប្រាក់បៀវត្ស​ លោកគ្រូ​អ្នកគ្រូ​នៅ​តាម​បណ្ដា​ខេត្ដ​ក្រុង​ គឺ​គាត់​បាន​ទទួល​ប្រាក់​ឧ​ប​ត្ថ​ម​តិចតួច​ពេក​ នៅ​ក្នុង​នេះ​យើង​ចង់បាន​ប្រាក់ខែ​ លោកគ្រូ​អ្នកគ្រូ​យ៉ាងតិច​ ១​លាន​ កន្លះ​ ពិសេស​គឺ​លោកគ្រូ​អ្នកគ្រូ​កម្រិត​បឋម​»​។​

​អ្នកស្រី​ អុក​ ឆា​យ៉ា​វី​ បញ្ជាក់​បន្ថែម​ទៀត​ថា​ ការ​ដាក់​ញត្ដិ​លើក​នេះ​ ទោះបី​ មានការ​ឆ្លើយ​តប​ ឬ​មិន​មានការ​ឆ្លើយ​តប​ ក្ដី​ក៏​សមាគម​ នៅ​តែ​តស៊ូ​ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល​ គិតគូរ​ដល់​គ្រូបង្រៀន​ ធ្វើ​យ៉ាងណា​ឲ្យ​មាន​ជីវភាព​រស់នៅ​ បាន​សមរម្យ​និង​ថ្លៃថ្នូរ​ស័​ក្តិ៍​សម​នឹង​ឈ្មោះ​ជា​ម្ដាយ​ទី​ពីរ​ របស់​សិស្ស​។​

​អ្នកស្រី​ អុក​ ឆា​យ៉ា​វី​៖«​ទោះបី​មានការ​ឆ្លើយ​តប​ក្ដី​ គ្មាន​ការ​ឆ្លើយ​តប​ក្ដី​ សមាគម​យើង​នៅ​តែ​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​ យកចិត្ដទុកដាក់​លើ​វិស័យ​អប់រំ​ លើ​ជីវភាព​លោកគ្រូ​អ្នកគ្រូ​យើង​ឲ្យ​បាន​សមរម្យ​»​។​

​ដូច​គ្នា​ដែរ​អ្នកស្រី​ យ៉ាង​ សុ​ភ័​ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ ដែល​បាន​ទៅ​ចូលរួម​ទិវា​គ្រូបង្រៀន​ ពិភពលោក​នេះ​ដែរ​ មាន​ប្រសាសន៍​ថា​ សំណើ​របស់​សមាគម​ គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ គឺជា​រឿង​សម​ស្រប​ព្រោះ​ប្រាក់ខែ​គ្រូបង្រៀន​សព្វថ្ងៃ​ មិន​បាន​ផ្ដល់​ឲ្យ​ពួក​គាត់​រស់នៅ​ដោយ​សេចក្ដី​ថ្លៃថ្នូរ​ ជា​អ្នក​ផ្ដល់​ចំណេះដឹង​ដល់​មនុស្ស​ជំនាន់​ក្រោយ​ឡើយ​។​

​អ្នកស្រី​ យ៉ាង​ សុ​ភ័​ណ្ឌ​៖«​ខ្ញុំ​ឃើញ​ថា​លោកគ្រូ​ អ្នកគ្រូ​ សព្វ​ថ្ងៃនេះ​គាត់​រស់នៅ​ទាំង​លំបាក​ គាត់​ត្រូវ​ចំណាយពេល​ប្រកប​មុខរបរ​ ទី​ពីរ​ ទី​បី​ របស់​គាត់​ផ្សេងៗ​ទៀត​ ក្រៅពី​មុខរបរ​ ដែល​ជា​គ្រូបង្រៀន​របស់​គាត់​ ក្នុង​នាម​ខ្ញុំ​ម្ដាយ​មួយ​រូប​ខ្ញុំ​មិន​ចង់​ឃើញ​ លោកគ្រូ​អ្នកគ្រូ​មាន​ជីវភាព​លំបាក​អ​ញ្ចឹ​ង​ទេ​»​។​

​ថ្លែង​ក្នុង​ទិវា​នេះ​ដែរ​លោកគ្រូ​មួយ​រូប​ ដែល​មក​ពី​ខេត្ដកំពង់ចាម​ ហើយ​ក៏​ជា​លើក​ទី​បី​ របស់​លោក​ដែល​បាន​មក​ចូលរួម​ទិវា​គ្រូបង្រៀន​ពិភពលោក​នេះ​ មាន​ប្រសាសន៍​ថា​ ត្រឹមតែ​ប្រាក់​ ១​លាន​ ៥​សែន​រៀល​ បែរជា​មាន​អ្នកមួយ​ចំនួន​ចោទប្រកាន់​គ្រូៗ​ ដែល​ចូលរួម​ការ​ទាមទារ​នេះ​ថា​ គឺ​ស្ថិត​ក្រោម​ការ​រៀបចំ​ដោយ​ គណបក្ស​នយោបាយ​ ពី​ខាងក្រោយ​ទៅ​វិញ​ គឺ​មិន​ត្រឹមត្រូវ​ឡើយ​។​ លោក​បាន​សំណូមពរ​ដល់​អ្នក​ដែល​តែងតែ​ចោទប្រកាន់​ ក្រុម​គ្រូបង្រៀន​ត្រូវ​ ងាក​មក​គិត​ថា​ ខ្លួន​មានចំណេះ​ដឹង​ មាន​តំណែង​មាន​អំណាច​សព្វថ្ងៃ​តើ​បាន​ចំណេះដឹង​មកពីណា​វិញ​។

​លោកគ្រូ​ដែល​សំ​មិន​បញ្ចេញ​ឈ្មោះ​៖«​មានកូន​សិស្ស​ខ្ញុំ​រហូត​ទៅ​ដល់​ប្រធាន​មន្ទី​អប់រំ​ខេត្ដ​ ក៏​មាន​ តើ​លោក​នោះ​មកពីណា​ តើ​លោកគ្រូ​អ្នកគ្រូ​មាន​តម្លៃ​កម្រិត​ណា​ ដូច្នេះ​ប្រាក់​មួយ​លាន​ ឬ​មួយ​លាន​ កន្លះ​នេះ​ កុំ​ឲ្យ​យក​ជា​បញ្ហា​មក​ចោទ​គ្រូបង្រៀន​ថា​ ជា​ពួក​ណាៗ​បន្ដ​ទៀត​អី​»​។​

​តែ​អ្នកស្រី​ រស់​ ម៉ា​ឡៃ​ គណៈ​ក​ម្មា​ការ​នាយក​នៃ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ គួរ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​តម្លៃ​ទំនិញ​ មានការ​កើនឡើង​តាម​ប្រាក់ខែ​ដែរ​ ទើប​អាច​ធ្វើ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ មន្ដ្រីរាជការ​ផ្សេងៗ​ អាច​រស់នៅ​បាន​ដោយ​មិន​ខ្វះខាត​។​

​អ្នកស្រី​ រស់​ ម៉ា​ឡៃ​៖«​ខ្ញុំ​គិត​ថា​ប្រាក់ខែ​ដែល​ផ្ដល់​ឲ្យ​គ្រូបង្រៀន​សព្វថ្ងៃ​ មិន​ទាន់​សម​ស្រប​ទេ​ បើ​ទោះបី​សម្ដេច​ ហ៊ុន​ សែន​ ប្រកាស​ថា​ នឹង​តម្លើង​ប្រាក់ខែ​គ្រូ​ដល់​ ៩០​ម៉ឺន​ ហើយ​ខែ​ ៤​ ឆ្នាំ​ ២០១៧​ ដល់​ ៩៥​ម៉ឺន​រៀល​ យ៉ាងណា​ក្ដី​បើ​ប្រាក់ខែ​គ្រូ​មន្ដ្រីរាជការ​តម្លើង​តែ​ តម្លៃ​ទំនិញ​នៅ​តែ​ឡើង​ ទោះបី​តម្លើង​ប្រាក់ខែ​មន្ដ្រីរាជការ​ដល់​ណា​ក៏​មិន​អាច​សម​ស្រប​ដែរ​»​។​

​សូម​ជម្រាប​ថា​ញត្ដិ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ដែល​ទាមទារ​ឲ្យ​តម្លើង​ប្រាក់បៀវត្ស​អប្បបរមា​ចំនួន​ ១​លាន​ ៥​សែន​រៀល​ក្នុង​មួយ​ខែៗ​ជូន​គ្រូបង្រៀន​ ក៏​ចំនុច​មួយ​ស្នើ​ឱ្យ​មាន​ចាត់វិធានការ​ទប់​ស្ដា​ត់​ និង​ស៊ើបអង្កេត​អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​អប់រំ​គ្រប់​កម្រិត​។​ បុគ្គលិក​គ្រូបង្រៀន​ នៅ​ប្រទេស​កម្ពុជា​ បច្ចុប្បន្ន​ មាន​ជាង​ ១០​ម៉ឺន​នាក់​៕

Share

Image
Image
Image