en     km
en     km

គោងាប់ជាបន្ដបន្ទាប់នៅស្រុកចិត្របុរីខេត្តក្រចេះ

Share

បទយកការណ៍៖ គោជាច្រើនក្បាលនៅឃុំ សំបុក ស្រុកចិត្របុរី ខេត្តក្រចេះ​បានងាប់ជាបន្ដបន្ទាប់។ ការងាប់របស់សត្វពាហនៈទាំងនោះ បានធ្វើអោយប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋនៅទីនោះជាខ្លាំង។ តើមូលហេតុអ្វីបានជាគោ ក្របី បានងាប់ដូចនេះ?

កញ្ញា ជុំ ជោគជាតា ជូនសេចក្ដីរាយការណ៍ ៖

 

ពលរដ្ឋនៅភូមិក្បាលជួរ ​ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ព្រួយបារម្ភ ចំពោះការប្រែប្រួលអាកាសធាតុដែលបានធ្វើអោយសត្វចិញ្ចឹមរបស់ពួកគេងាប់ជាបន្ដបន្ទាប់ ខណៈមេភូមិព្រួយបារម្ភថា គោងាប់អាចមកពីថ្នាំបាញ់ស្មៅដែលប្រជាពលរដ្ឋប្រើប្រាស់។

«គោមេ គោឈ្មោល ងាប់អស់ហើយ ឈឺ នៅតែមួយទេ ខ្ញុំអត់កុហកទេ ត្រូវបាន(គោ)ពីរដែរ តែកើតមកបានមួយឆ្នាំហើយងាប់ទៅ ខ្ញុំស្ដាយណាស់មេកាត់ទៀត អោយតែខែក្ដៅព្រួយចិត្តរឿងគោហើយ »។ នេះជាសម្ដី អ្នកស្រី សូរ ទូច ពលរដ្ឋនៅភូមិក្បាលជួរ ​ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។

នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនសម្បទានិក នៅសាលាបឋមសិក្សាសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៨ អ្នកស្រី សូរ ទូច បានឱ្យដឹងថា ពលរដ្ឋនៅក្នុងភូមិមានក្ដីព្រួយបារម្ភចំពោះសត្វគោដែលបានឈឺងាប់។

អ្នកស្រី សូរ ទូច ថា ពលរដ្ឋបានយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះគោនៅរដូវភ្លៀង។

អ្នកស្រី សូរ ទូច៖ «គោ កាលឈឺខែ ៤ ខែ៥ ពេលវាឈឺទៅ ហៅពេទ្យសត្វតាមភូមិមកចាក់ ចាក់ម្ដងមួយម្ចុល ៥ពាន់ គោតូច បើគោធំ ៧ពាន់ ខ្ញុំថាមិនរស់ផងគោខ្ញុំ! »។

ពលរដ្ឋមួយរូបទៀតរស់នៅភូមិក្បាលជួរ ​ គឺអ្នកស្រី អ៊ុក សារស់ អាយុ ៥២ឆ្នាំ បានលើកឡើងថា មាន់ទារបស់គាត់ក៏ងាប់អស់ដូចគ្នា។

 អ្នកស្រី អ៊ុក សារស់ ៖« មាន់ងាប់ដូចគ្នា ខែ ៤ ខែ៥ងាប់ទាំងអស់ វាឈឺ គ្មានមាន់គ្មានអីទេឥលូវ ស្ងាត់អស់»។

តាម អ្នកស្រី អ៊ុក សារស់ សត្វចិញ្ចឹមរបស់គាត់ ឈឺ និងងាប់ច្រើននៅរដូវក្ដៅ។

ជុំវិញរឿងនេះដែរ  មេភូមិក្បាលជួរ ឃុំ សំបុក ស្រុកចិត្របុរី លោក អឹង វណ្ណាវិន បានឱ្យដឹងដូចនេះថា ៖«មាន់ទាវាមានដែរ តែវាអត់សូវកក្រើកដូច គោទេ មាន់ទានឹងវាគ្រាន់តែពេលក្ដៅវាចេះតែមានងាប់ហើយ វាអត់ប្លែក ដូចជា ជំងឺសត្វនឹងគោទេ គោនឹងពិបាកព្យាបាលណាស់ ងាប់ហើយនឹងពិបាករកថ្នាំចាក់ទៀត»។

តាមមេភូមិរូបនេះ មូលហេតុដែលនាំអោយគោ និងសត្វចិញ្ចឹមផ្សេងទៀតងាប់ច្រើន គឺអាចមកពីអាកាសធាតុក្ដៅខ្លាំង ប៉ុន្ដែអ្វីដែលលោកកត់ សម្គាល់ឃើញមួយទៀតនោះ អាចមកពីថ្នាំបាញ់ស្មៅ។

លោក អឹង វណ្ណាវិន បញ្ជាក់បន្ថែម៖«ជំងឺនឹងវាប្លែកៗមិនដឹងមូលហេតុអី ប៉ុន្ដែតាមមើលប្រហែលមូលហេតុមកពីថ្នាំបាញ់ស្មៅពីព្រោះប្រជាពលរដ្ឋឥលូវហ្នឹងប្រើទូទៅ ចឹងនៅពេលមេឃភ្លៀងខ្លាំងចឹងទៅ វាត្រូវហៀរហូរទៅគ្រប់កន្លែងទាំងអស់…»។

កត់សម្គាល់ដែរថា ខែ ៧ និងខែ៨ គឺជារដូវទឹកភ្លៀងធ្លាក់ច្រើន ដែលធ្វើអោយកសិករមួយចំនួនសប្បាយរីករាយនិងការដាំដុះ។ ដោយឡែកក៏មានកសិករមួយចំនួនមិនសូវសប្បាយចិត្តដែរ ព្រោះតែនៅក្នុងតំបន់របស់ពួកគេមិនសូវមានទឹកភ្លៀង។ អ្នកស្រី សូរ ទូច នៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ សម្រេចចិត្តឈប់ធ្វើស្រែដោយសារខ្វះគោនិងខ្វះទឹកធ្វើស្រែ។

អ្នកស្រី សូរ ទូច ៖«ដូចថា យើងអត់មានទន្លេថង ទាល់តែជួលគេ ជួរសព្វទៅរត់អត់រួច ពីមុនមកខ្ញុំធ្វើ កាលខ្ញុំមានគោ តែក្រោយមកគោងាប់អស់ទៅអត់បានធ្វើ»។

ជុំវិញរឿងនេះដែរ សម្ដេច ហ៊ុន សែន បានថ្លែងនៅក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ កម្មករ-កម្មការិនី នៅខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ថា នៅឆ្នាំ២០១៨នេះ ការភ្ជួររាស់ដោយគោក្របីនៅសល់តែជាង ៤ភាគរយ ប៉ុណ្ណោះ រីឯការភ្ជួររាស់ដោយគ្រឿងយន្ដកសិកម្មមានទៅដល់ជាង ៩៨ភាគរយ។ ​សម្ដេចអំពាវនាវដល់ពលរដ្ឋអោយបង្កើនការចិញ្ចឹមគោឡើងវិញ។

សម្ដេច ហ៊ុន សែន៖«ដោយសារតែគោយន្ដ និងគោធម្មតា វាខុសគ្នា។ ចឹងទេ បានជាសុំអំពាវនាវកុំបោះបង់ចោល បើទោះបីមានគោយន្ដក៏គួរត្រូវបន្ដចិញ្ចឹមគោ បើមិនចិញ្ចឹមគោរសម្រាប់ផ្ទឹមរទេះទេ ចិញ្ចឹមមេគោទៅ វាក៏បានផលប្រយោជន៍សម្រាប់យើងដែរ…»។

ការអំពាវនាវរបស់សម្ដេច ហ៊ុន សែន គឺចំពេលដែលពលរដ្ឋនៅភូមិក្បាលជួរ ឃុំ សំបុក ស្រុកចិត្របុរី ខេត្តក្រចេះកំពុងតែជួបប្រទះ។

លោក អឹង វណ្ណាវិន មេភូមិក្បាលជួរ បានសំនូមពរសុំអោយមន្រ្ដីជំនាញចុះជួយដល់ពួកគាត់។

លោក អឹង វណ្ណាវិន៖«ទីមួយ គឺ ចង់អោយមន្រ្ដីការងារជំនាញខាងពេទ្យសត្វឧស្សាហ៍ចុះមក ពេលដូចថាដើមឆ្នាំ វាអត់ដែរមានដល់ពេលអាហ្នឹងកើតហើយ បានគាត់អញ្ជើញមក ចឹងវាមានអីការពារកើតបើជំងឺមកដល់ពេញក្នុងខ្លួនហើយនឹង។ ចឹងយើងចង់ដូចថា ពេលណា​ ខែណា ដែលត្រូវចាក់ការពារ គឺ ចាក់ការពារមុន»៕

 

Share

Image
Image
Image