en     km
en     km

គុណវិបត្តិនៃអំពើហិង្សា និងការផ្សះផ្សា

Share

(ភ្នំពេញ)៖ ចំពោះពលរដ្ឋកម្ពុជាជាច្រើន ផ្ទះសម្បែងនៅតែជាកន្លែងដែលត្រួតត្រាដ៏គួរឲ្យព្រួយបារម្ភជាខ្លាំង។ អំពើហិង្សាភាគច្រើន គឺមិនមែនកើតចេញពីបុគ្គលដែលចំឡែកមុខនោះទេ ផ្ទុយទៅវិញគឺកើតចេញពីបុគ្គលដែលជាអ្នកស្និតស្នាល ឬជាមនុស្សជាទីស្រឡាញ់តែម្តង។ ការផ្សះផ្សារចំពោះអាពាហ៍ពិពាហ៍បែកបាក់ និងប្រេះឆានាំឲ្យមានសោកដនកម្មនាថ្ងៃក្រោយ ដោយសារតែរឿងដែលគ្មានអ្នកណានឹងនឹកស្មានដល់។ ដូច្នេះតើអំពើហិង្សាមានផលអាក្រក់បែបណាខ្លះ? តើរាល់ការផ្សះផ្សាគឺសុទ្ធតែជារឿងត្រឹមត្រូវមែនដែរ ឬទេ?

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូននូវសេចក្តីរាយការណ៍៖


អំពើហិង្សាត្រូវបានគេឲ្យនិយមន័យប្លែកៗពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ក៏ប៉ុន្តែបើយោងទៅតាមអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តីភេទ ដែលរៀបចំដោយគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងស្រ្តីភេទ (NGOs-CEDAW) បានឲ្យនិយមន័យអំពើហិង្សាថា គឺជាការប្រើប្រាស់កម្លាំង ទាំងកាយ ទាំងផ្លូវចិត្ត រាងកាយ ផ្លូវភេទ ឬសេដ្ឋកិច្ច ដោយបុគ្គលម្នាក់ ឬមួយក្រុម ដើម្បីត្រួតត្រាទៅលើមនុស្សដ៍ទៃ។ អំពើហិង្សាច្រើនតែកើតមាននៅក្នុងគ្រួសារ ជាពិសេសស្រ្តី និងកុមារ។ យោងទៅតាមការសិក្សាភាគច្រើននៅកម្ពុជា ចាប់តាំងពីទសវត្សមុនមកបានឆ្លុះបញ្ចាំងថា ស្រ្តីម្នាក់ក្នុងចំណោម៥នាក់ធ្លាប់បានទទួលរងគ្រោះពីសំណាក់អំពើហិង្សានៅក្នុងគ្រួសារ។ ហើយបើយោងទៅតាមការសិក្សាមួយរបស់ការស្រាវជ្រាវខាងសុខភាព និងប្រជាសាស្រ្ត បានឲ្យដឹងថា ស្រ្តីដ២២%ធ្លាប់រងគ្រោះលើការរំលោភរាងកាយ ផ្លូវភេទ ផ្លូវចិត្តពីសំណាក់សាមី។ ស្រ្តី១នាក់ក្នុងចំណោម១០នាក់ធ្លាប់ទទួលរងការរំលោភបំពានផ្លូវភេទពីសំណាក់ស្វាមីនៅក្នុងរយៈពេល១២ខែ។

អំពើហិង្សាក្នុងគ្រួសារត្រូវបាន unfpa ចាត់ទុកថា មិនអាចជាអំពើមួយដែលគួរតែបណ្តែតបណ្តោយចោល ឬក៏គិតថានេះគឺជារឿងរបស់គ្រួសារគេ ដោយពុំបាច់មានការយកចិត្តទុកដាក់ នោះឡើយ ព្រោះអំពើហិង្សានៅក្នុងគ្រួសារតែងតែមានការវិវត្តន៍ជានិច្ចបានន័យសេចក្តីថា អំពើហិង្សានេះរូបភាពនៃអំពើហិង្សានៅក្នុងគ្រួសារអាចវិវត្តន៍ទៅរកស្មានភាពដែលកាន់តែអាក្រក់ជាងមុនទៅទៀត។

អ្នកស្រី ប៉ុក បញ្ញាវិចិត្រ ប្រធានប្រត្តិបត្តិនៃអង្គការកម្ពុជាដើម្បីស្រ្តីមានវិបត្តិបានផ្តល់បទសម្ភាសន៍ដល់វិទ្យុស្រ្តីនាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០នេះថា អ្នកស្រីយល់ស្របចំពោះបញ្ហាដែលថាអំពើហិង្សានៅក្នុងគ្រួសារគឺជារឿងមួយដែលមិនអាចបណ្តែតបណ្តាយបាន។

—————-សំលេង————-

នៅក្នុងសង្គមកម្ពុជា មិនថាក្រុមគ្រួសារ ឬក៏អាជ្ងាធរមានសមត្ថកិច្ចនោះទេ គឺត្រូវបានរបាយការណ៍របស់NGOs CEDAW តែងតែលើកអះអាងថា ភាគច្រើនតែងតែមានការព្យាយាមផ្សះផ្សារជាច្រើនលើក ជាច្រើនសារ ជាជាងការដោះស្រាយបញ្ហាទាំងនោះទៅតាមផ្លូវច្បាប់ បើទោះបីជាមានភាគីណាម្នាក់ ឬជនរងគ្រោះបានធ្វើការសេចក្តីរាយការណ៍ថាមិនអាចរស់នៅជាមួយគ្នាបាន ឬក៏ឃើញមានការប្រើអំពើហិង្សាផ្ទាល់នឹងភ្នែកក៏ដោយ។

ជាក់ស្តែងកាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០នេះ មានករណីឃាតកម្មមួយបានកើតឡើងដោយបុរសជាប្តីបានយកកាំបិតស្នៀតមកចាក់នៅទ្រូងខាងស្តាំរបស់ប្រពន្ធបណ្តាលឲ្យស្រ្តីជាប្រពន្ធបានស្លាប់ក្រោយពេលបញ្ចូនទៅមន្ទីរពេទ្យកាលម៉ែត។ សូមជម្រាបថា រឿងនេះត្រូវបានគេធ្វើសេចក្តីរាយការណ៍មកថា ស្រ្តីរងគ្រោះធ្លាប់ប្រាប់ក្រុមគ្រួសារថា ខ្លួនមិនអាចរស់នៅជាមួយបុរសជាប្តីនេះបានតទៅទៀតនោះទេ តែត្រូវបានក្រុមគ្រួសារព្យាយាមធ្វើការផ្សះផ្សាដើម្បីកុំឲ្យមានរឿងបែកបាក់។ នេះមិនមែនជារឿងទី១ ទេដែលបានកើតឡើងនៅសង្គមកម្ពុជាបច្ចុប្បន្នដែលប្តី គឺអាចក្លាយជាឃាតករសម្លាប់ប្រពន្ធ។

———————-សំលេង——————

អ្នកស្រី ប៉ុក បញ្ញាវិចិត្រ បានលើកឡើងថា ជីវិតនៅក្នុងគ្រួសារនៅពេលដែលមានទំនាស់ណាមួយបានកើតឡើងគួរតែយកបញ្ហានោះមកដោះស្រាយភ្លាមៗជាជាង ការសន្សំវាទុកនាំឲ្យកើតជាភ្លើងកំហឹងនៅថ្ងៃក្រោយ។

—————សំលេង————–

សរុបជារួមមួយអំពើហិង្សានៅក្នុងគ្រួសារគឺជារឿងមួយដែលមិនអាចមើលរំលងបាន ព្រោះអំពើហិង្សាវាតែងវិវត្តន៍ជានិច្ច  ការផ្សះផ្សានៅក្នុងគ្រូសារក៏គួរតែមើលទៅលើស្ថានការណ៍ ជាជាងការផ្សះផ្សារហួសកម្រិតនាំឲ្យកើតសោកដកម្មនាថ្ងៃក្រោយ ការកើតមានរឿងរកាំរកូសក្នុងគ្រួសារគួរព្យាយាមយកបញ្ហាមកដោះស្រាយជាជាងការសន្សំទុក លាក់ទុកក្នុងទ្រូងនាំឲ្យដល់ពេលវេលាមួយដែលមិនអាចទ្រាំនឹងគ្នាបាន រហូតឈានទៅរកការលែងលះ និងបែកបាក់គ្រួសារ៕

អត្ថបទ អ៊ុំ ច័ន្ទលក្ខិណា

Share

Image
Image
Image