en     km
en     km

គុណតម្លៃប្រទេសបារាំងនិងកិច្ចព្រមព្រៀងក្រុងប៉ារីសដើម្បីកម្ពុជា

Share

បើគេនិយាយអំពីប្រទេសបារាំង គឺគេត្រូវនិយាយអំពីតម្លៃបារាំងនៃការការពារដែនអធិបតេយ្យភាពកម្ពុជាក្នុងសម័យបារាំងដាក់អាណានិគមមកលើកម្ពុជា។ មជ្ឈដ្ឋានខ្លះថាបារាំងធ្វើឱ្យកម្ពុជាស្គាល់ព្រំដែនរបស់ខ្លួនជាក់លាក់មកដល់ពេលនេះ ទោះបីជា កម្ពុជារបូតដែនដីកម្ពុជាក្រោមទៅវៀតណាមក៏ដោយ។

បារាំងគឺជាសហប្រធានសន្និសីទស្ដីពីសន្តិភាពសម្រាប់កម្ពុជា ដែលនាំឱ្យកម្ពុជាបញ្ចប់សង្រ្គាមស៊ីវិលនៅឆ្នាំ ១៩៩១។ ជាថ្មីម្ដងទៀត តាមរយៈលិខិតរបស់នាយករដ្ឋមន្ត្រីបារាំងបង្ហាញថា ប្រទេសមហាអំណាចមួយនេះ មិនចង់ឃើញកម្ពុជាឆ្លងកាត់អន្តរកាលមួយ រងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិនោះទេ ដោយសារតែបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ត្រង់ចំណុចនេះ អ្នកវិភាគមើលឃើញថា គុណតម្លៃបារាំង និងកិច្ចព្រមព្រៀងក្រុងប៉ារីស គឺមិនអាចបំភ្លេច បារាំងបានឡើយ។

រាយការណ៍ដោយ លោក សោម លាភ!

 

កាលពីថ្ងៃទី១៧កញ្ញា នាយករដ្ឋមន្ត្រីបារាំង លោក អេឌូអាដ ហ្វីលីព( Edouard Philippe) បានផ្ញើ់សារលិខិតមកជូនសមភាគីកម្ពុជា សម្ដេចហ៊ុន ក្នុងឋានៈជានាយករដ្ឋមន្ត្រីអាណត្តិថ្មីនៃនីតិកាលទី៦បន្ទាប់ពីបោះឆ្នោត កាលពីថ្ងៃទី២៩កក្កដា ។  បើ​តាម​សារ​ផ្ញើ​ជូនសមភាគី​របស់​ខ្លួន​ លោកអេឌូអាដ ហ្វីលីព បានលើក​ឡើង​​អំពី​ការ​តាំង​ចិត្ត​របស់​បារាំង ជួយ​ពង្រឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​កម្ពុជា ក្នុង​ការ​បន្ត​កិច្ច​សន្ទនា​ដោយ​បើក​ចំហ​និង​ស្ថាបនា​ជាមួយ​តួ​អង្គ​ផ្សេង​ៗ​នៃ​មជ្ឈដ្ឋាន​នយោបាយ សង្គម ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ដើម​។

ប៉ុន្តែ សារលិខិតរបស់លោក អេឌូអាដ ហ្វីលីព ហាក់ជំរុញកម្ពុជាត្រូវដើរលើផ្លូវប្រជាធិបតេយ្យ ឡើងវិញដែលបារាំងប្ដេជ្ញាជួយកម្ពុជា ម្ដងទៀតដោយបើកផ្លូវអោយមានការចរចានយោបាយជាមួយក្រុមប្រឆាំង។

សារលិខិតរបស់នាយករដ្ឋមន្ត្រីបារាំងបាននាំ អោយមានការចោទសួរម្ដងទៀត ថាតើអំពីគុណតម្លៃប្រទេសបារាំង និងកិច្ចព្រមព្រៀងក្រុងប៉ារីសដើម្បីកម្ពុជា ដែលមជ្ឈដ្ឋានទូទៅ ដឹងថា បារាំង ជាសហប្រធាន នៃសន្និសីទស្ដីពីកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស២៣តុលា១៩៩១ ហើយ តាមរយៈនេះ កម្ពុជាបានបញ្ចប់សង្រ្គាមសស៊ីវិលនាំអោយសហគមន៍អន្តរជាតិ បានសម្រុកជួយស្ដារសេដ្ឋកិច្ចនិងប្រជាធិបតេយ្យកម្ពុជាឡើងវិញ។

លោកឯមសសុវណ្ណារ៉ា អ្នកវិភាគនយោបាយកម្ពុជា​ មើលឃើញ គុណតម្លៃនៃប្រទេសធំធេងណាស់និងមានឥទិ្ធពលនៅក្នុងសហភាពអឺរ៉ុប។ លោកពន្យល់ថា បារាំងជាមេដឹកនាំពិភពលោកមួយ ដែរ ហើយបើបារាំងចង់ធ្វើអន្តរាគមន៍អ្វីមួយពិតជាមានប្រសិទ្ធភាពលើប្រទេសនោះ ។ សម្រាប់កម្ពុជា លោកឯមសុវណ្ណារ៉ា ទទូចអោយថាត្រូវតែមានដំណោះស្រាយជាអ្នកអន្តរជាតិមួយ តាមរយៈឥទ្ធិពលប្រទេសបារាំង។

នៅក្នុងពិធីមួយ ជាមួយកម្មករកាលពីព្រឹកថ្ងៃពុធទី១៩កញ្ញានេះ សម្ដេចនាយករដ្ឋមន្ត្រីបាន ច្រានចោល ការទាញកម្ពុជា ក្រោមសម្ពាធអន្តរជាតិ។ សម្ដេចថា កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចគឺមិនឱនក្បាលឱ្យបរទេសជាន់ឡើយ។

សម្រាប់លោក សុខ ឥសាន្ត អ្នកនាំពាក្យ បក្សកាន់អំណាច បានអោយដឹងថា កម្ពុជា សាទរ ការចង់ជួយប្រទេសដោយប្រទេសណាមួយ ក្នុងនោះមានទាំងប្រទេសបារាំងផងដែរ។ តែលោកចោទសួរថា តើបារាំងជួយកម្ពុជា លើវិស័យអ្វី បើលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា កំពុងតែរឹងមាំហើយនោះ។

កម្ពុជាទទួលការដាក់អាណានិគមនិយមបារាំងអស់រយៈពេល ៩០ ឆ្នាំ។ យ៉ាងណាមិញ ការគ្រប់គ្រងកម្ពុជា ចែកចេញជា ២ ដំណាក់កាល ដោយដំណាក់កាលទី១ ពីឆ្នាំ ១៨៦៣ ដល់ឆ្នាំ​ ១៨៨៤ ជាការដាក់អាណាព្យាបាលនៅកម្ពុជា ដោយឡែក ចាប់ពីឆ្នាំ ១៨៨៤ មកគឺបារាំងដាក់អាណានិគម មកលើកម្ពុជាវិញម្ដង ដែលអំណាចទាំងអស់ស្ថិតនៅលើបារាំង។ លោកសាស្ត្រាចារ ប្រវត្តិសាស្ត្រសំបូម៉ាណ្ណារ៉ា បានធ្វើការកត់សម្គាល់ថា បារាំង មកកាន់កម្ពុជា រយៈពេល៩០ឆ្នាំ បានជួយការពារដែនអធិបតេយ្យកម្ពុជា ហើយខំការពារកម្ពុជាមិនអោយកម្ពុជាក្រោមឥទិ្ធពល អាណ្ណាមនិងសៀមបានឡើយ។ លោកថានេះជាគុណតម្លៃរបស់បារាំងមួយដែរ ដែលកម្ពុជា មិនអាចភ្លេចបានឡើយ។

សូមរំលឹកថា លិខិតរបស់នាយករដ្ឋមន្ត្រីបារាំង មកកាន់សម្ដេច សម្ដេចហ៊ុនសែន ដោយបង្ហាញជំហរជួយស្ដារលទិ្ធប្រជាធិបតេយ្យកម្ពុជាឡើងវិញនេះ គឺបន្ទាប់ពី សភាសហភាពអឺរ៉ុប បានសម្រេចជាឯកច្ឆ័ន្ទ ដាក់កំហិតអោយកម្ពុជា ទំលាក់ចោលរាល់ការចោទប្រកាន់ មេដឹកនាំគណបក្សសង្រ្គោះជាតិ គឺលោកកឹមសុខានិងសលោកសមរង្ស៊ី ដោយបើកផ្លូវអោយបក្សប្រឆាំងនេះធ្វើនយោបាយឡើងវិញ បើពុំនោះទេ គឺសហភាពអឺរ៉ុបនឹងដកការអនុគ្រោះពន្ធពីកម្ពុជា។ សូមជម្រាបទៀតថា សមាជិកសភាបារាំងក៏ចូលរួម អនុម័តលក្ខខណ្ឌនេះដែរ៕  

 

Share

Image
Image
Image