en     km
en     km

គណៈ​ក​ម្មា​ការ​បុណ្យសព​លោក​ កែម​ ឡី​ នៅ​តែ​រក្សា​ជំហរ​ថាបើ​មាន​អ្នក​ដើរ​ជើង​គឺ​ត្រូវ​ហែ​ដោយ​ថ្មើ​រជើង​

Share

​ភ្នំពេញ៖ គណៈ​ក​ម្មា​ការ​បុណ្យ​សព្វលោក​បណ្ឌិត​ កែម​ ឡី​ បាន​ឲ្យ​វិទ្យុ​ស្ដ្រី​ដឹង​នៅ​ថ្ងៃ​ទី​ ២១​កក្កដា​ នេះ​ថា​គណៈ​ក​ម្មា​ការ​នៅ​តែ​រក្សា​ជំហរ​ការ​ដង្ហែ​ក្បួន​បុណ្យសព​ទៅ​តាម​ផ្លូវ​ព្រះ​មុន្នី​វង្ស​ ឆ្ពោះទៅ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ ដូច​ការ​ដែល​បាន​គ្រោងទុក​ ហើយ​ការ​ហែសព​មាន​ទាំង​ថ្មើរ​ជើង​ផង​ដែរ​។​

សព​លោក​បណ្ឌិត​ កែម​ ឡី​ ​តម្កល់​នៅវត្ត​ពោធិ៍​យា​រាម​
សព​លោក​បណ្ឌិត​ កែម​ ឡី​ ​តម្កល់​នៅវត្ត​ពោធិ៍​យា​រាម​

លោក​ ប៉ា​ ងួ​ន​ទៀង​ សមាជិក​គណៈ​ក​ម្មា​ការ​បុណ្យសព​លោក​បណ្ឌិត​ កែម​ ឡី​ មាន​ប្រសាសន៍​ថា​ពេល​នេះ​គណៈ​ក​ម្មា​ការ​រៀបចំ​បុណ្យសព​មិន​អាច​ឆ្លើយ​បញ្ជាក់​ថា​ យល់ព្រម​ ឬ​មិន​យល់ព្រម​តាម​ការ​កំណត់​របស់​សាលា​រាជធានី​ភ្នំពេញ​នោះ​ទេ​ តែ​លោក​ថា​ការ​ដង្ហែ​សព​លោក​បណ្ឌិត​ កែម​ ឡី​ នឹង​ធ្វើ​ឲ្យ​ស្រប​ទៅ​តាម​គន្លង​ប្រពៃណី​។​

​គណៈ​ក​ម្មា​ការ​បុណ្យសព​លោក​បណ្ឌិត​ កែម​ ឡី​ រូប​នេះ​បញ្ជាក់​ថា​ក្បួន​ហែសព​នឹង​ចេញពី​រាជធានី​ភ្នំពេញ​គឺ​ធ្វើ​ដំណើរ​ដោយ​ ឡាន​ ម៉ូតូ​ ប៉ុន្ដែ​បើសិន​មិន​អស់​គ្នា​ក៏​មាន​អ្នក​ថ្មើរជើង​ដែរ​ រហូត​ដល់​ផុត​ពី​រាជធានី​ ហើយ​អ្នកចូលរួម​ដង្ហែ​ទាំងអស់​នឹង​ត្រូវ​ឡើង​រថយន្ដ​ទាំងអស់​គ្នា​ នៅ​ពេល​ផុត​រាជធានី​ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ស្រុក​កំណើត​ លោក​ បណ្ឌិត​ កែម​ ឡី​ ដែល​ស្ថិត​ក្នុង​ខេត្ដ​ តាកែវ​។

​លោក​ ប៉ា​ ងួ​ន​ទៀង​៖​ «​កុំ​ឲ្យ​ថ្មើរ​ជើង​មានអី​ឲ្យ​តែ​យើង​ជិះ​អស់​យើង​ជិះ​ បើ​តែ​ជិះ​មិន​អស់​យើង​ដើរ​ចឹ​ង​ទៅ​ ហើយ​ល្បឿន​ទោះ​ជិះឡាន​ម៉ូតូ​ក៏​ដោយ​ក៏​ស្ថិត​នៅ​ក្នុង​ដំណើរ​យឺតៗ​ ខ្ញុំ​ថា​ប្រជាពលរដ្ឋ​មិនបាច់​បារម្ភ​រឿង​មធ្យោបាយ​ទេ​ព្រោះ​មាន​អ្នក​ស្ម័​ក្រ​ចិត្ដ​ជួយ​ច្រើន​»​។​

​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ដោយ​បញ្ជាក់​ថា​ មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ដង្ហែ​សព​លោក​បណ្ឌិត​ កែម​ ឡី​ ដោយ​ថ្មើ​រជើង​ចេញពី​វត្ត​ពោធិ៍​យា​រាម​ ដើម្បី​តម្កល់​ទុក​នៅ​ស្រុក​កំណើត​ខេត្តតាកែវ​ ឡើយ​ ដោយ​បង្គាប់​ឲ្យ​ដង្ហែ​សព​ដោយ​ក្បួន​ម៉ូតូ​ និង​រថយន្ត​ ហើយ​បង្វែ​ទិស​ដង្ហែ​សព​។​

​សាលា​រាជធានី​ភ្នំពេញ​ ចេញ​សេចក្តីជូនដំណឹង​នៅ​ថ្ងៃ​ទី​ ២០​កក្កដា​នេះ​ បន្ទាប់​ពី​គណៈកម្មការ​រៀបចំ​បុណ្យសព​លោក​បណ្ឌិត​ កែម​ ឡី​ ប្រកាស​ថា​នឹង​ដង្ហែ​សព​លោក​បណ្ឌិត​ដោយ​ថ្មើរ​ជើង​ចេញពី​វត្ត​ចាស់​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​រង្វង់​មូល​ចោម​ចៅ​ទើប​ដង្ហែ​ជា​ក្បួន​រថយន្ត​ទៅ​បញ្ចុះ​នៅ​ឯ​ខេត្តតាកែវ​ នៅ​ថ្ងៃ​ទី​ ២៤​ខែកក្កដា​ ឆ្នាំ​ ២០១៦​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក​ មាស​ ចាន់​យ៉ា​ដា​ បាន​ព្រមាន​មិន​ឱ្យ​មានការ​ហែ​ដោយ​ថ្មើរ​ជើង​នោះ​ទេ​។

​លោក​ មាស​ ចាន​យ៉ា​ដា​៖​ «​ខ្ញុំ​សុំ​ឲ្យ​គិតគូរ​ពី​សណ្ដាប់ធ្នាប់​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ជាង​ ២​លាន​នាក់​ផង​ទៅ​ កុំ​ឲ្យ​ការ​ហែសព​មួយ​ក្លាយទៅជា​ការ​រំខាន​ទោះបីជា​ថ្ងៃអាទិត្យ​ មិនសូវ​មាន​មនុស្ស​ក៏​ដោយ​ប៉ុន្ដែ​យើង​ដឹង​ហើយ​ ចរាចរណ៍​នៅ​ភ្នំពេញ​តែ​ស្ទះ​ ១៥​នាទី​ ទៅ​២០​នាទី​ គឺ​ស្ទះ​ពេញ​ហ្នឹងហើយ​ដែល​ជា​ការ​លំបាក​ ដូច្នេះ​ខ្ញុំ​សុំ​ឲ្យ​មានការ​យោគយល់​ខាង​អាជ្ញាធរ​ផង​»​។​

​គិត​ត្រឹម​ថ្ងៃ​ទី​ ២១​ខែកក្កដា​នេះ​ សព​លោក​បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​បញ្ហា​សង្គម​នយោបាយ​ បាន​តម្កល់​នៅ​វត្ត​ពោ​ធ៍​យា​រាម​ ឬ​ហៅ​វត្ត​ចាស់​បាន​ចំនួន​១២​ថ្ងៃ​ហើយ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​៕

 

Share

Image
Image
Image