en     km
en     km

គណបក្ស​ទើប​បង្កើត​ថ្មី​ ថ្កោលទោស​ករណី​វាយដំ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​

Share

លោក សួន សិរីរដ្ឋា / លោកស្រី ឡាក់ សុភាព / លោក ខឹម វាសនា
លោក សួន សេរីរដ្ឋា / លោកស្រី ឡាក់ សុភាព / លោក ខឹម វាសនា

 

ភ្នំពេញ៖ គណបក្ស​ទើប​បង្កើត​ថ្មី​មួយ​ចំនួន​ នៅ​ថ្ងៃ​ទី​២៨​ ខែតុលា​នេះ​ បាន​ថ្កោលទោស​ ចំពោះ​ករណី​ ការ​ប្រើប្រាស់​អំពើ​ហិង្សា​វាយដំ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ថា​ជា​អំពើ​ព្រៃផ្សៃ​ ជាន់ឈ្លី​សេចក្តី​ថ្លៃថ្នូរ​ និង​ជា​ការ​ប្រមាថ​ដល់​អភ័យឯកសិទ្ធិ​សមាជិក​សភាជាតិ​កម្ពុជា​ផង​ដែរ​។​

​ក្នុង​បាតុកម្ម​មួយ​កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ក្រុម​អ្នក​តវ៉ា​ បាន​ទាមទារ​ឱ្យ​ដក​លោក​ កឹ​ម​ សុខា​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​តំណែង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​។​ ក្នុង​ការ​តវ៉ា​នោះ​ ហ្វូង​បាតុករ​បាន​វាយ​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​ គឺ​លោក​ ញ៉​យ​ ចំរើន​ និង​លោក​ គង់​ សភា​ ឱ្យ​របួសធ្ងន់​។​

គបម-grassroots democratic party logoទាក់ទង​នឹង​ការ​វាយ​អ្នកតំណាង​រាស្ត្រ​ឱ្យ​របួស​នោះ​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បាន​ប្រកាស​ពី​ជំហរ​របស់​ខ្លួន​ តាម​រយៈ​សេចក្តីថ្លែងការណ៍​ដែល​ចុះ​ថ្ងៃ​ទី​២៨​ ខែតុលា​នេះ​ ដោយ​បាន​ថ្កោលទោស​ ចំពោះ​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ ថា​ទ​ង្វើ​របស់​ក្រុម​បាតុករ​នោះ​ជា​អំពើ​ព្រៃផ្សៃ​ជាន់ឈ្លី​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រទេស​ជាតិ​ និង​ជាន់ឈ្លី​ដល់​អភ័យឯកសិទ្ធិ​របស់​សមាជិក​សភាជាតិ​ដែល​ជា​តំណាង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ ។​

​សេចក្តីថ្លែងការណ៍​ដដែល​ បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​ការ​ខន​ខាន​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ការពារ​សុវត្ថិភាព​របស់​អ្នកតំណាង​រាស្ត្រ​ទាំង​ពីរ​រូប​។​ គណបក្ស​នេះ​ក៏​សម្តែង​ក្តី​បារម្ភ​ចំពោះ​ពាក្យ​សម្ដី​វាយប្រហារ​មាក់ងាយ​ និង​គំរាម​គ្នា​ រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​អាច​បង្ក​ហិង្សា​បន្ថែម​ទៀត​នៅ​កម្ពុជា​។​

​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក៏​បាន​អំពាវនាវ​ដល់​អ្នកដឹកនាំ​គណបក្ស​ធំៗ​ទាំង​ពីរ​ ឱ្យ​មានការ​អត់ធ្មត់​ខ្ពស់​ ស្វែងរក​ដំណោះស្រាយ​តាម​រយៈ​ការ​ចរចា​ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ​។​

​ចំណែក​លោក​ សួន​ សេរីរ​ដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​វិញ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​លោក​ថ្កោលទោស​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​គ្រប់​រូបភាព​ មិន​ថា​ធ្វើ​ឡើង​ចំពោះ​ប្រជាពលរដ្ឋ​ ឬ​អ្នកនយោបាយ​ឡើយ​។​ លោក​ សួន​ សេរីរ​ដ្ឋា​ ក៏​បាន​ថ្កោលទោស​ផង​ដែរ​ ចំពោះ​អ្នកនយោបាយ​ណា​ ដែល​ចូល​ចិត្ត​យក​វប្បធម៌​បញ្ឆេះ​កំហឹង​ដល់​អ្នកគាំទ្រ​របស់​ខ្លួន​ ប្រើប្រាស់​អំពើ​ហិង្សា​ ដើម្បី​ការពារ​ផលប្រយោជន៍​នយោបាយ​ និង​ការពារ​អំណាច​របស់​បក្ស​។​

​លោក​ សួន​ សេរីរ​ដ្ឋា​៖​ «​ខ្ញុំ​ត្រូវ​តែ​ថ្កោលទោស​ដែរ​ ពីព្រោះ​អំពើ​ហិង្សា​មិនមែន​ជា​ដំណោះស្រាយ​ ហើយ​វប្បធម៌​ដែល​អ្នកនយោបាយ​ចូល​ចិត្ត​ លាប​ធ្យូង​មុខ​ឱ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ បញ្ឆេះ​កំហឹង​ឱ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ ចេញ​មក​វ៉ៃតប់​គ្នា​ដើម្បី​ការពារ​ប្រយោជន៍​នយោបាយ​ ការពារ​អំណាច​របស់​ខ្លួន​ អាហ្នឹង​គឺជា​វប្បធម៌​របស់​ពួក​អ្នកនយោបាយ​អត់​មាន​ដំណោះស្រាយ​ ជា​អ្នកនយោបាយ​ដែល​មិនមែន​ជា​អ្នក​ប្រជាធិបតេយ្យ​ទេ​។​

​រីឯ​គណបក្ស​ថ្មី​មួយទៀត​ ដែល​ប្រធាន​គណបក្ស​ជា​ស្ត្រី​ផង​ គឺ​គណបក្ស​ខ្មែរ​សាមគ្គី​ ក៏​បង្ហាញ​ជំហរ​ថ្កោលទោស​ផង​ដែរ​ ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​តំណាងរាស្ត្រ​ទាំង​ពីរ​រូប​។​ លោកស្រី​ ឡាក់​ សុភាព​ បាន​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ថា​ អំពើ​ហិង្សា​ឃោរឃៅ​ព្រៃផ្សៃ​បែប​នេះ​ ហាក់​បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ឈាន​ទៅ​រក​លទ្ធិផ្តាច់ការ​ ដែល​មិន​អាច​ទទួលយក​បាន​ ។​ លោកស្រី​បន្ត​ថា​ លោកស្រី​សូម​ស្នើ​ដល់​រដ្ឋាភិបាល​ ក៏​ដូច​ជា​តុលាការ​ ត្រូវ​តែ​ស្វែងរក​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ដោយ​ឈរ​លើ​គោលការណ៍​ឯករាជ្យ​។​

​លោកស្រី​ ឡាក់​ សុភាព​៖​ «​អំពើ​ដែល​ឃោរឃៅ​យង់ឃ្នង​នេះ​ យើង​ឃើញ​ហើយ​ វា​នឹង​ឈាន​ទៅ​រក​លទ្ធិផ្តាច់ការ​នៅ​ពេល​ខាង​មុខ​ហើយ​។​ ខ្ញុំ​ជា​ប្រធាន​គណបក្ស​ខ្មែរ​សាមគ្គី​ សូម​ធ្វើការ​ថ្កោលទោស​ ហើយ​សូម​ឲ្យ​រាជរដ្ឋាភិបាល​ចាត់វិធានការ​នេះ​ឲ្យ​បាន​ម៉ត់ចត់​ចំពោះ​ផ្លូវច្បាប់​ ហើយ​សូម​ឱ្យ​តុលាការ​ទាំងអស់​នោះ​មេត្តា​យកចិត្តទុកដាក់​ ហើយ​ឱ្យ​មាន​ភាព​ឯករាជ្យ​ចំពោះ​ជន​រង​គ្រោះ​។​

​ខុស​ពី​ជំហរ​គណបក្ស​បង្កើត​ថ្មី​ខាងលើ​ លោក​ ខឹ​ម​ វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ បាន​ទទួលស្គាល់​ថា​ អំពើ​ហិង្សា​ដែល​បាន​បង្ក​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ គឺជា​អំពើ​ឃោរឃៅ​ព្រៃផ្សៃ​ និង​ខុសច្បាប់​ ប៉ុន្តែ​លោក​ថា​ លោក​មិន​ថ្កោលទោស​អ្វី​នោះ​ទេ​ ដោយ​លោក​លើក​ឡើង​ថា​ ការ​ថ្កោលទោស​ គឺ​គ្រាន់តែ​ជា​រឿង​មួយ​ធ្វើ​ឡើង​ដើម្បី​តែ​ល្អមើល​តែ​ប៉ុណ្ណោះ​ ហើយ​វា​មិនមែន​ជា​ដំណោះស្រាយ​ពិតប្រាកដ​នោះ​ទេ​។​

​លោក​ ខឹ​ម​ វាសនា​ សង្កត់ធ្ងន់​ថា​ អំពើ​ហិង្សា​ដែល​បាន​កើតឡើង​ចំពោះ​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ គឺជា​លទ្ធផល​នៃ​នយោបាយ​កេង​ចំណេញ​ ក្នុង​ស្ថានភាព​ប្រទេស​កម្ពុជា​កំពុង​មាន​អំណាច​ប្រមូលផ្តុំ​លើ​ដៃ​អ្នកនយោបាយ​។​

​លោក​ ខឹ​ម​ វាសនា​៖​ «​អំពើ​ហិង្សា​ហ្នឹង​វា​គឺជា​លទ្ធផល​នៃ​នយោបាយ​កេង​ចំណេញ​ក្នុង​ស្ថានភាព​ដែល​ប្រទេស​យើង​កាន់​អំណាច​ប្រមូលផ្តុំ​។​ បើ​និយាយ​អំពី​រឿង​ខុសច្បាប់​វា​ខុស​ណាស់​ហើយ​ បើ​និយាយ​ពី​រឿង​វា​សាហាវព្រៃផ្សៃ​ វា​ព្រៃផ្សៃ​ណាស់​ទៅ​ហើយ​ ហើយ​បើ​យើង​និយាយ​ពី​រឿង​ថ្កោលទោស​វា​គ្រាន់តែ​ដើម្បី​ទាញ​សន្ដាន​ចិត្ត​របស់​អ្នក​ស្តាប់​ជាមួយ​លិខិត​ថ្កោលទោស​ ឬ​ការ​ថ្កោលទោស​របស់​យើង​ចំពោះ​យើង​តែ​ប៉ុណ្ណឹង​!​។​ ខ្ញុំ​ចង់​និយាយ​ប្រាប់​ថា​ ប្រសិនបើ​ប្រជាពលរដ្ឋ​ហ្នឹង​នៅ​តែ​គាំទ្រ​នយោបាយ​ដែល​ឆ្កឹះឆ្កៀល​ នៅ​តែ​គាំទ្រ​នយោបាយ​គឺថា​បក្ស​អា​ញ​ដឹង​តែ​ត្រូវ​ ទោះបី​ខុស​ក៏​ដោយ​ក៏​ដឹង​តែ​ត្រូវ​ ស្រុក​ខ្មែរ​នៅ​តែ​មិន​ចប់​ទេ​អា​រឿង​អំពើ​ហិង្សា​ហ្នឹង​»​។​

​សូម​រំឭក​ថា​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ គឺ​ លោក ​ ញ៉​យ​ ចំរើន​ និង​លោក​ គង់​ សភា​ បាន​រង​នូវ​ការ​វាយប្រហារ​ក្បែរ​វិមាន​រដ្ឋសភា​ បន្ទាប់​ពី​ពួក​លោក​ចេញពី​កិច្ចប្រជុំ​សភា​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែតុលា​។​ កាលពី​ថ្ងៃ​ទី​២៧​ ខែតុលា​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សម្រេច​បញ្ជូន​អ្នកតំណាង​រាស្ត្រ​ទាំង​២​រូប​ ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​៕​

Share

Image
Image
Image