en     km
en     km

ខ្យល់​កន្ត្រាក់​ភ្លៀង​កក់ខែ​នៅ​ដើមខែ​មីនា​ខូចខាត​ផ្ទះ​១៣៣​ខ្នង​និង​ស្ត្រី​២​នាក់​រងរបួស​

Share

ភ្នំពេញ​៖​ភ្លៀង​កក់ខែ​លាយឡំ​និងខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​១៣៣​ខ្នង​និង​ស្ត្រី​ពីរ​នាក់​រង​របួស​ស្ថិត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ ឧត្ត​មាន​ជ័យ​ និង​ខេត្តបាតដំបង់​នៅ​ដើមខែ​មីនា​ ឆ្នាំ​២០១៨​នេះ​។​

ផ្ទះប្រជាពលរដ្ឋនៅខេត្តឧត្តមានជ័យរលំបង្ករខូចខាតបណ្តាលមកពីភ្លៀងកក់ខែខ្យល់កន្រ្តាក់នៅថ្ងៃទី៥ ខែមីនា ឆ្នំា២០១៨។រូបភាព៖អគ្កស្នងការខេត្តឧត្តមានជ័យ។

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រកាស​ថា​ភ្លៀង​កក់ខែ​មាន​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៦​ដល់​៩​ ខែមីនា​ ឆ្នាំ​២០១៨​។​ភ្លៀង​កក់ខែ​នេះ​នឹង​នាំ​ឲ្យ​មាន​ឥទ្ធិពល​សម្ពាធ​ទាប​គ្របដណ្តប់​នៅ​ខេត្តកោះកុង​ កំពង់ស្ពឺ​ ពោធិ៍សាត់​ បាត់ដំបង​ ប៉ៃលិន​ បន្ទាយ​មាន​ជ័យ​និង​ខេត្តសៀមរាប​។​

​ភ្លៀង​កក់ខែ​ឡាយ​ឡំ​ខ្យល់​កន្ត្រាក់​បក់​បោក​ខ្លាំង​កាលពី​ថ្ងៃ​ចន្ទ​ ទី​៥ ​ខែ មីនា​ ឆ្នាំ​២០១៨ ​បាន​បង្ករ​ឲ្យ​ខូច​ខាត​ប៉ើង​ដំបូល​ផ្ទះនិង​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​សរុប​ចំនួន​១២៥​ខ្នង​ក្នុង​ខេត្ត​ប៉ៃលិន​និង​ខេត្ត​ឧត្ត​មាន​ជ័យ​។

​ក្នុង​នោះ​ខេត្ត​ប៉ៃលិន​រង​ផល​ប៉ះពាល់​ប៉ើង​ដំបូលផ្ទះ​៨​ខ្នង​។​​ខេត្ត​ឧត្ត​មាន​ជ័យ​ប៉ះពាល់​ខូ​ចខាត​ផ្ទះ​ប្រជាពលរដ្ឋ​១១៧​ខ្នង​។​ក្នុង​នោះ​រលំ​ផ្ទះ​៥០​ខ្នង​និង​របើក​ដំបូល​៦៧​ខ្នង​។​នេះ​បើ​តាម​ការបញ្ជាក់​របស់​ លោក​ កែវ​ វី​ អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។​

លោក​ កែវ​ វី​ ៖«ក្នុងក្រុងប៉ៃលិនវាប៉ះពាល់តែ៨ខ្នងទេរបើកដំបូលតិចតួច។ឧត្តមានជ័យប៉ះពាល់នៅក្រុងសំរោងក្នុងសង្កាត់កូនក្រៀលវាមានរលំ៥០ហើយប៉ះពាល់ខូចដំបូល៦៧ខ្នងទំាងអស់១១៧ខ្នង។»

​លោក​ កែវ​ វី​ បន្ថែម​ថា​ កាលពី​ថ្ងៃ​ទី​៣​ មីនា​នេះ ក៏​មាន​ភ្លៀង​កក់ខែ​លាយឡំ​ខ្យល់​កន្ត្រាក់​ខ្លាំង​មួយ​ករណី​នៅ​ខេត្ត​បាត់ដំបង​ស្ថិត​ក្នុងស្រុក​ភ្នំព្រឹក​បណ្តាល​ឲ្យ​រលំ​ផ្ទះ​២​ខ្នង​និង​របើក​ដំបូល​៦​ខ្នង​។​លោក​ថា​​ករណី​ភ្លៀង​កក់​ខែ​ឡាយ​ឡំ​ខ្យល់​កន្ត្រាក់​នេះ​បណ្តាល​ឲ្យ​ស្ត្រីជន​ជាតិ​ខ្មែរឥស្លាម​ពីរ​នាក់​រង​បួសធ្ងន់ស្រាល​។​

​កាលពី​ឆ្នាំ​មុន​គ្រោះ​ធម្មជាតិខ្យល់ព្រុះឬខ្យល់កន្រ្តាក់​កើត​មាននៅ​រាជធានី​ខេត្តចំនួន​២៣​បាន​បណ្តាល​ឲ្យ​ផ្ទះ​រលំ​ចំនួន​៥៧៨​ខ្នង​និង​របើក​តំបូល​៤០២៧​ខ្នង​។​សាលារៀន​ខូចខាត​៤០​អគារ​និង​អគារ​ផ្សេងៗ​២៨​ខ្នង​។​ករណី​គ្រោះ​ធម្មជាតិ​នាំ​ឲ្យ​មនុស្ស​ស្លាប់​៦​និង​រង​របួស​៥៥​នាក់​៕

Share

Image
Image
Image