en     km
en     km

ក្រុម​​អង្គការ​សង្គម​ស៊ីវិល ​នឹង​តវ៉ា​ប្រឆាំង​ច្បាប់​ NGO ​នៅ​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ស្អែក

Share

ក្រុម​អង្គការ​ សមាគម​ មិន​មែន​​រដ្ឋា​​ភិបាល​​ ជាតិ​និង​អន្ដរ​ជាតិ​ រួម​ទាំង​សកម្ម​ជន​ដីធ្លី​ នឹង​ ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​ការ​​តវ៉ា​ជា​ថ្មី​​នៅ​មុខ​ស្ថាប័ន​ព្រឹទ្ធ​សភា​ ​នៅ​ព្រឹក​ថ្ងៃ​ស្អែក​នេះ​ ខណៈ​ដែល​គណៈ​កម្មា​ធិ​ការ​អចិន្រ្តៃយ៍​ព្រឹទ្ធ​សភា​ នឹង​បន្ត​សម័យ​ប្រជុំ​លើក​ទី​៧​ ព្រឹទ្ធ​សភា​និតី​កាល​ទី៣​ដើម្បី​ស្នើរ​សុំ​ឲ្យ​ព្រឹទ្ធ​សភា​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​មួយ​នេះ​ទៅ​រដ្ឋសភា​ឲ្យ​ធ្វើ​ការ​ពិភាក្សា​ឡើង​វិញ​មុន​នឹង​សម្រេច​ធ្វើ​ការ​អនុម័ត​​។​ នេះ​បើ​តាមអោ​យ​ដឹងពី​​​មន្ត្រី​​​​ជាន់​ខ្ពស់​នៃ​អង្គការ​សង្គម​ស៊ី​វិល​ ថ្លែង​ប្រាប់​មណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជា​នៅ​ថ្ងៃ​ទី​ ២៣​ ខែ​កក្កដា​ ២០១៥​នេះ​។​

NGOs_Law

មន្រ្ដី​​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លី​កា​ដូ​ លោក​ អំ​ សំ​អា​ត​ បានឲ្យ​​​ដឹង​​ថា​​ ក្រុមអង្គការ​​ ​សមាគម​មិន​មែន​រដ្ឋា​ភិបាល​ និង​សកម្មជន​ដី​ធ្លី​ និង​មាន​ការ​ជួបជុំ​គ្នា​មួយ​ នៅ​ពី​មុខ​ស្ថា​ប័ន​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ស្អែក​នេះ​ ដើម្បី​ស្នើរ​សុំ​ឲ្យ​ព្រឹទ្ធសភា​​ទម្លាក់​​​ច្បាប់​​ស្ដី​​ពី​​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ ​នេះ​ទៅ​ឲ្យ​រដ្ឋសភា​ពិនិត្យនិងពិភាក្សាឡើងវិញ។ «ច្បាប់​ហ្នឹង​យើង​មើល​ឃើញ​ថា​ ​កំពុង​រឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​​ក្នុង​ការ​ជួប​ជុំ​ ការ​ប្រមូល​ផ្តុំ​គ្នា​​ និង​​រឹត​​ត្បិត​​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​អង្គការ​ សមាគម​ ឬ​សហគមន៍​ជា​ដើម…​ កាល​ណា​ច្បាប់​នេះ​»​ចេញ​មក​ហើយ​នឹង​មាន​ការ​រំលោភ​បំពាន​ អា​នេះ​ហើយ​នាំ​ឱ្យ​មាន​ការ​ប្រឆាំង​ ហើយ​នឹង​ស្នើ​សុំ​ទម្លាក់​ចោល​សុំ​ឱ្យ​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ»​​។​

ទន្ទឹម​នឹង​នេះ​ដែរ​ លោក​ស្រី​ ចក់​ សុភាព​ នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ក៏​បាន​លើក​ឡើង​ដែរ​ថា​«តាំង​ពី​ដើម​ឡើយ​យើង​ធ្វើ​ការ​តស៊ូ​មតិ​ជា​ច្រើន​ទៅ​លើ​ច្បាប់​នេះ​…​ កន្លង​មក​មាន​ស្ថាប័ន​អង្គការ​សង្គម​ស៊ីវិល​រួម​ទាំង​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​សម្តែង​​នូវ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ច្បាប់​នេះ។​ ច្បាប់​នេះ​ធ្វើ​ឡើង​ដោយ​អាថ៌​កំបាំង​ យើង​ស្នើ​ឱ្យ​មាន​ការ​បញ្ឈប់​ច្បាប់​ធ្វើ​ឡើង​បែប​ប្រញាប់​ប្រញាល​ និង​ស្នើ​ឱ្យ​មាន​ការ​ពិគ្រោះ​យោ​បល់​មួយ​ប្រកប​ដោយ​អត្ថន័យ»។​

បើ​តាម​ដឹង​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ព្រឹទ្ធសភា​ ​ដែល​ចុះ​នៅ​ថ្ងៃ​ទី​២២​ខែ​កក្កដា​ ​២០១៥​ ​ចុះ​ដោយ​ហត្ថលេខា​លោក​ ​អ៊ុំ​ ​សារិទ្ធ​ ​អគ្គ​លេខា​ធិការ​ព្រឹទ្ធ​សភា​បាន​ឲ្យ​ដឹង​ថា​ ​បន្ទាប់​ពី​ពិនិត្យ​ ​និង​ពិភាក្សា​រួច​ គណៈ​កម្មការ​ធិការ​អចិន្រ្ដៃយ៍​ព្រឹទ្ធសភា​ ​បាន​កំណត់​យក​ថ្ងៃ​ ​សុក្រ​ ​ទី​២៤​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៥​ ដើម្បី​បន្ដ​សម័យ​ប្រជុំ​ពេញ​អង្គ​ ​លើក​ទី​៧​ព្រឹទ្ធសភា​ ​នីតិកាល​ទី​ ​៣​ ​ដើម្បី​ពិនិត្យ​និង​ឲ្យ​យោបល់​ ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សមាគម ​និង​អង្គការ​មិន​ ​មែន​រដ្ឋាភិបាល​។​

គួរ​រំលឹក​ដែរ​ថា​ ​កាល​ពី​ថ្ងៃ​ទី​១៣​ ​ខែ​កក្កដា​ ​កន្លង​ទៅ​នេះ​ ​តំណាង​​រាស្រ្ដ​ ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ទាំង​អស់​ ចំនួន​៦​​៨​រូប​ ​បាន​លើក​ដៃ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ ​សមាគម​ ​និង​អង្គការ​មិន​មែន​ ​រដ្ឋាភិបាល​ ​ដ៏​ចម្រូង​ចម្រាស់​នេះ​ ​បើ​ទោះ​ជា​តំណាង​រាស្រ្ដ​គណៈ​ប្រឆាំង​ធ្វើ​ពហិការ​ ​និង​​​មាន​ការ​តវ៉ា​ពី​ក្រុម​អង្គ​ការ​ និង​សកម្មជន​យ៉ាង​ណា​ក៏​ដោយ​។​

សេចក្តី​​ព្រាង​​ច្បាប់​​សមាគម​​​​ ​និង​​អង្គ​ការ​​មិន​មែន​​រដ្ឋា​ភិបាល​នេះ​​មាន​​ចំនួន​ ​​៩​ ​​ជំពូក​​​ ​និង​​ ​៣៩​ ​​មាត្រា​​ ដែល​ក្នុង​​នោះ​មាន​​ចែង​​ពី​​វិធាន​ការ​​រដ្ឋបាល​​​ ​និង​​ទោស​​បញ្ញត្តិ​​។​ ​ក្នុង​​នោះ​​ក៏​​មាន​​មាត្រា​​មួយ​​ចំនួន​​ចែង​​ពី​​វិធាន​ការ​​រដ្ឋ​បាល​​ និង​​ទោស​​បញ្ញត្តិ​​បើក​​ផ្លូវ​​ឲ្យ​​អាជ្ញាធរ​​មាន​​សមត្ថកិច្ច​​ចាត់​​វិធាន​ការ​​បញ្ឈប់​​ជា​​បន្ទាន់​​ ​ចំពោះ​​សមាគម​ ​ឬ​​អង្គ​ការ​​មិន​មែន​​រដ្ឋា​ភិបាល​​ក្នុង​​ស្រុក​​ដែល​​ធ្វើ​​សកម្ម​ភាព​​​ ​ដោយ​​មិន​​បាន​​ចុះ​​បញ្ជី​​នៅ​​​ក្រសួង​​មហា​ផ្ទៃ​​ស្រប​​តាម​​បទប្បញ្ញត្តិ​​នៃ​​ច្បាប់​​នេះ​។​ ​ក្នុង​​ករណី​​មិន​​រាង​​ចាល​ ​សមាគម​​ ​ឬ​​អង្គការ​​មិនមែន​​រដ្ឋាភិបាល​​ក្នុង​​ស្រុក​​នោះ​​ត្រូវ​​ក្រសួង​​មហា​ផ្ទៃ​​ពិន័យ​​ជា​​ប្រាក់​​ ពី​​ ​៥​ ​​លាន​​រៀល​​ទៅ​​ ​១០​ ​​លាន​​រៀល​៕

Share

Image
Image
Image