en     km
en     km

ក្រុម​សហជីព​មិន​សាទរ​ក្រសួង​រៀបចំ​ “​កម្មវិធី​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៦”​ ទេ​

Share

ភ្នំពេញ៖  នៅ​ក្នុង​ពិធី​ប្រារ​ព្វ​ទិវា​ពលកម្ម​អន្តរជាតិ​ ១​ ឧសភា​ ឆ្នាំ​២០១៦​នេះ​  ក្រសួង​ការងារ​ និង​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ នឹង​រៀបចំ​ “​កម្មវិធី​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៦”​ ដែល​ជា​ការ​ ប្រឡង​ សម្រស់​ស្ត្រី​កម្មករ​នៅ​កម្ពុជា​។​ តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ គឺ​កម្មវិធី​នេះ​ ដើម្បី​បង្ហាញ​ពី​ សារៈសំខាន់​នៃ​វិស័យ​វាយ​ន​ភណ្ឌ​នៅ​ក្នុង​វិស័យសេដ្ឋកិច្ច​របស់​កម្ពុជា​។​ តែ​បែប​នេះ​ក្ដី​ ក្រុម​សហជីព​ មិន​បង្ហាញ​ការ​ចាប់អារម្មណ៍​ទេ​។​ តែ​មេដឹកនាំ​សហជីព​បាន​ហៅ​កម្មវិធី​នេះ​ថា​ ធ្វើ​ឡើង​ដើម្បី​ បំភ័ន្ត​ការ​តស៊ូ​របស់​កម្មករ​ ដើម្បី​សិទ្ធិ​របស់​ពួក​គេ​ទៅ​វិញ​។​

​រាយការណ៍​ដោយ​ លៀ​ ស៊ី​ណា​ ៖

MoLVT-'s-event-will-be-on-1st-Mayតំណាង​សហជីព​ទទូច​ថា​ ក្រសួង​ការងារ​គួរ​យក​ថ្ងៃ​នៃ​ទិវា​ពលកម្ម​អន្ដរជាតិ​ទៅ​បង្កើត​ជា​វេទិកា​ដើម្បី​ពន្យល់​កម្មករ​ពី​ការ​ទទួល​បាន​សិទ្ធិ​របស់​វិញ​ ប្រសើរ​ជាង​ការ​យក​ថ្ងៃ​នោះ​ទៅ​ប្រ​រ​ព្ធ​ពិធី​កម្សាន្ដ​ដែល​មិន​មាន​ប្រយោជន៍​ច្រើន​សម្រាប់​កម្មករ​។​

​លោក​ អាត់​ ធន់​ ប្រធាន​សហភាពការងារកម្ពុជា បាន​ថ្លែងប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ថ្ងៃ​ទិវា​ពលកម្ម​អន្ដរជាតិ​រៀង​រាល់​ឆ្នាំ​តំណាង​សហជីព​ និង​ កម្មករ​តែងតែ​ជួបជុំ​គ្នា​ដើម្បី​បង្ហាញ​ពី​បញ្ហា​ដែល​កម្មករ​បាន​ជួប​ប្រទះ​។​ លោក​ថា​ សម្រាប់​ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​មុនៗ​នោះ​ទេ​ គឺ​ក្រុម​កម្មករ​ផ្សេងៗ​នឹង​នៅ​តែ​បន្ដ​ជួប​គ្នា​ដដែល​។​

​លោក​ អាត់​ ធន់​ ក៏​បាន​បន្ថែម​ដែរ​ថា​ ទោះបី​ក្រសួង​ការងារ​ គ្រោង​រៀបចំ​កម្មវិធី​កម្សាន្ដ​នា​ពេល​ខាង​មុខ​នេះ​ក្ដី​ក៏​មិន​បង្ក​ដល់​ការ​រៀបចំ​របស់​សហជីព​លោក​ឡើយ​។​ លោក​ អាត់​ ធន់​ បាន​បញ្ជាក់​ថា​ ប្រ​សិន​ក្រសួង​ការងារ​មាន​បំណង​ចង់​ប្រារព្ធ​ពី​ធី​កម្សាន្ដ​ ដែល​ចង់​រួមចំណែក​ឱ្យ​កម្មករ​បាន​រីករាយ​ក្នុង​ឱកាស​ចូល​ឆ្នាំ​មែន​ ក្រសួង​គួរតែ​ឆ្លៀត​យក​វេទិកា​នោះ​ ដើម្បី​ពន្យល់​ប្រាប់​កម្មករ​-​កម្មការិនី​អំពី​សិទ្ធិ​ និង​យុទ្ធសាស្ដ្រ​ផ្សេងៗ​របស់​រដ្ឋ​ដែល​នឹង​ផ្ដល់​ឱ្យ​កម្មករ​-​កម្មការិនី​ទើប​ជា​ការ​ប្រសើរ​។​

​លោក​បន្ថែម​ថា​៖​ «​ក្រសួង​គួរតែ​យក​ថ្ងៃ​ទិវា​ពលកម្ម​អន្ដរជាតិ​ ពន្យល់​កម្មករ​អំពី​ការ​បង្កើត​ការងារ​ ឬ​ក៏​ការ​បង្កើត​ជំនាញ​ ឬ​យុទ្ធសាស្ដ្រ​របស់​រដ្ឋាភិបាល​ ដើម្បី​ឃ្លាំមើល​ការ​មិន​អនុវត្ដ​ច្បាប់​របស់​រោងចក្រ​ ឬ​ក្រុមហ៊ុន​ផ្សេងៗ​ គឺ​វា​ជា​ការ​ប្រសើរ​ជាង​ដោយ​គ្រាន់តែ​ធ្វើ​ទៅ​លើ​ (​កម្មវិធី​)​ កញ្ញាឯក​តែ​មួយ​មុខ​គត់​ហ្នឹង​»​។​

​ចំណែក​លោក​ ហ្វា​ សាលី​ ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​ (NTUC)​ បាន​មាន​ប្រសា​ន​ស៍​ថា​ ថ្ងៃ​ ១​ ឧសភា​ នៃ​ទិវា​ពលកម្ម​អន្ដរជាតិ​នេះ​ គឺជា​ថ្ងៃ​ខួប​នៃ​ការ​តស៊ូ​ត​ដើម្បី​រួច​ផុត​ពី​ភាព​ជា​ទាសករ​ និង​ការ​ជិះជាន់​ ក៏​ប៉ុន្ដែ​នៅ​កម្ពុជា​គឺ​ពុំ​ទាន់​បាន​ទទួល​នៅ​សិទ្ធិ​សេរីភាព​បាន​ពេញលេញ​នៅឡើយ​។​ លោក​ថា​ ជាក់ស្ដែង​ដូច​ជា​ការ​រើសអើង​លើ​ស្ដ្រី​ បញ្ឈប់​ស្ដ្រី​ពី​ការងារ​នៅ​ពេល​មាន​ផ្ទៃពោះ​ និង​ផ្ដល់​កិច្ចសន្យាការងារ​រយៈពេល​ខ្លី​ជាដើម​។​

​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​បន្ថែម​ថា​ ការ​គ្រោង​រៀបចំ​ពិធី​កម្សាន្ដ​របស់​ក្រសួង​ការងារ​នា​ពេល​ខាង​មុខ​ គឺជា​គោលបំណង​របស់​ក្រសួង​ ប៉ុន្តែ​លោក​ថា​ កម្មករ​-​កម្ម​ការ​នី​ មិន​ត្រូវ​ភ្លេច​ពី​ច្បាប់​សហជីព​ដែល​ត្រៀម​ចេញ​ក្នុង​ពេល​ឆាប់ៗ​នោះ​ឡើយ​ដែល​លោក​ថា​មានការ​រិ​ត​ត្បិត​សេរីភាព​សហជីព​កាន់តែ​ខ្លាំង​។​

​លោក​ ហ្វា​ សាលី​ បញ្ជាក់​ថា​ ការ​គ្រោង​រៀបចំ​ពិធី​របស់​ក្រសួង​ការងារ​នេះ​អាច​មាន​បំណង​ទប់ស្កាត់​កុំឱ្យ​ក្រុម​កម្មករ​ ចេញ​មក​តវ៉ា​ជាមួយ​សហជីព​ដូច​ឆ្នាំ​មុនៗ​ទៀត​។​ ​លោក​បន្ថែម​ថា​៖​ «​គឺ​ខ្ញុំ​គិត​ថា​គេ​ធ្វើ​គ្រប់​រូបភាព​ គេ​ចាត់ចែង​ឱ្យ​តំណាង​ ឬ​និយោជក​ហ្នឹង​ជប់លៀង​ឱ្យ​កម្មករ​នៅ​តាម​រោងចក្រ​ ចែក​ទឹកក្រូច​ ដើម្បី​ទប់​ស្ដា​ត់​ដើម្បី​កុំឱ្យ​ពួក​គាត់​ចេញ​មក​តវ៉ា​ជាមួយនឹង​សហជីព​»​។​

​ពាក់ព័ន្ធ​រឿង​នេះ​ដែរ​ លោក​ ហេង​ សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ បាន​ថ្លែងប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ឆ្នាំ​២០១៦​ជា​លើក​ទី​២​ ហើយ​ដែល​ក្រសួង​ការងារ​ប្រារព្ធ​ពិធី​កម្សាន្ត​មួយ​ហៅ​ថា​សម្រស់​ឯក​នេះ​។​

​លោក​ ហេង​ សួរ​ បញ្ជាក់​ថា​ គោលបំណង​គឺ​បង្ហាញ​ពី​សារៈសំខាន់​នៃ​វិស័យ​វាយ​ន​ភណ្ឌ​នៅ​ក្នុង​វិស័យសេដ្ឋកិច្ច​របស់​ប្រទេស​ នឹង​ដើម្បី​ឱ្យ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​សំដៅ​ឱ្យ​ពួក​គេ​យកចិត្ដ​ទុក​លើ​វិស័យ​នេះ​ឱ្យ​បាន​កាន់តែ​ធំធេង​ គឺ​ពុំ​មែន​ចង់​បង្វែរ​ការ​ចាប់អារម្មណ៍​ ឬ​បង្វែរ​ការ​ ចូលរួម​សម្ដែង​មតិ​ជាមួយ​ក្រុម​តំណាង​សហជីព​អ្វី​នោះ​ឡើយ​។​

​លោក​បន្ថែម​ថា​៖​ «​ និយាយ​រួម​ដូច​អ្វី​ដែល​ខ្ញុំ​ធ្លាប់​លើក​ឡើង​រាល់ដង​អ​ញ្ចឹ​ង​ វា​គឺជា​សេរីភាព​នៃ​អ្នក​ដែល​មាន​បំណង​ចង់​និយាយ​ក៏​ប៉ុន្ដែ​ការ​និយាយ​នោះ​ តើ​ជា​ការ​និយាយ​នោះ​ជា​ការ​និយាយ​ដើម្បី​ប្រឆាំង​ជាមួយ​អ្នក​ផ្សេង​ទៀត​ដែល​មិន​ចូលរួម​ជាមួយ​គាត់​ ឬ​មួយ​គាត់​គិត​ថា​សកម្មភាព​ផ្សេង​ទៀត​ដែល​ធ្វើ​ទៅ​ហើយ​អាច​បង្វែរ​ការ​ចាប់អារម្មណ៍​ពី​សកម្មភាព​របស់​កាត់​សុទ្ធតែ​ជា​រឿង​ដែល​មិនល្អ​»​។​

​សូម​ជម្រាប​ថា​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជា​បាន​ចេញ​សេចក្ដី​ជួន​ដំណឹង​ដល់​កម្មករ​-​កម្មការិនី​ ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម​ ផ្នែក​វាយ​ន​ភណ្ឌ​ កាត់ដេរ​សម្លៀក​បំពាក់​ និង​ផលិតផល​ ស្បែកជើង​ទាំងអស់​ឱ្យ​ថា​ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ​លើក​ទី​ ១៣០​ នៃ​ទិវា​ពលកម្ម​ អន្ដរជាតិ​ ថ្ងៃ​ទី​១​ ឧសភា​ នា​ពេល​ខាង​មុខ​នេះ​ ក្រសួង​ បាន​សហការ​ជាមួយ​សមាគម​ រោងចក្រ​ កាត់ដេរ​ នៅ​កម្ពុជា​ ស្ថានីយទូរទស្សន៍​ ភី​ អិន​ អិន​ អង្គការ​វិជ្ជាជីវៈ​រួម​ និង​ដៃគូ​ពាក់ព័ន្ធ​នានា​នឹង​រៀបចំ​ “​កម្មវិធី​សម្រស់​ឯក​វាយ​ន​ភណ្ឌ​ឆ្នាំ​២០១៦”៕

Share

Image
Image
Image