en     km
en     km

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បីសិទ្ធិ​មនុស្ស​​ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​បក្ស​ប្រឆាំង​

Share

APHR-cover


ជា​បន្តបន្ទាប់​គ្នា​ សភា​អូស្ត្រាលី​ សហគមន៍​អឺរ៉ុប​ សហរដ្ឋអាមេរិក​ និង​អង្គការសហប្រជាជាតិ​ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ផ្ដល់​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ឱ្យ​ប្រធាន​គណបក្សប្រឆាំង​ និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកគាំទ្រ​ ក៏​ដូច​ជា​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ជាដើម​ ប៉ុន្តែ​ការ​អំពាវនាវ​នោះ​ត្រូវ​បាន​រដ្ឋាភិបាល​ និង​រដ្ឋសភា​កម្ពុជា​ច្រានចោល​ ដោយ​លើក​ឡើង​ថា​ ជា​ការ​រំលោភ​លើ​អធិបតេយ្យភាព​កម្ពុជា​។​ កាលពី​ម្សិលមិញ​  ក្រុម​តំណាងរាស្ត្រ​ផ្នែក​សិទ្ធិ​មនុស្ស​អាស៊ាន​ ក៏​បាន​អំពាវនាវ​ប្រហាក់ប្រហែល​គ្នា​នោះ​ដែរ​។​

​ពី​ទីក្រុង​ចារ​កា​តា​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ កាលពី​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បីសិទ្ធិ​មនុស្ស​ (APHR)​ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​តែ​ផ្ដល់​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ ដល់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ និង​ត្រូវ​តែ​ផ្ដល់​តួនាទី​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ ដល់​លោក​ កឹ​ម​ សុខា​ វិញ​ជា​បន្ទាន់​។​

​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បីសិទ្ធិ​មនុស្ស​ ​(APHR)​ ក៏​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​ប្រឆាំង​នឹង​លោក​ សម​ រ​ង្ស៊ី​ ផង​ដែរ​ ព្រមទាំង​ជំរុញ​ឱ្យ​ធានា​ដល់​សន្តិសុខ​ និង​សេរីភាព​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ រួម​ទាំង​សកម្មជន​របស់​ពួក​គេ​ផង​។​

samrainsy-kemsokha
ក្រុម​សមាជិក​សភា​អាស៊ាន​​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​បាន​ព្រមាន​ថា​ ព្រឹត្តិការណ៍​ថ្មីៗ​នេះ​ បាន​រួមចំណែក​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​ កាន់តែ​អាក្រក់​ទៅៗ​ និង​បាន​បំផ្លាញ​ក្ដី​សង្ឃឹម​សម្រាប់​អនាគត​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ​។​

ប្រធាន​សភា​សិទ្ធិ​មនុស្ស​អាស៊ាន​ និង​ជា​តំណាងរាស្ត្រ​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ លោក​ ឆាល​ សាន​ត្យា​ហ្គោ​ (Charles​ Santiago)​ បាន​ថ្លែង​ថា​ ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ កំពុង​ធ្វើ​ឱ្យ​តំណាងរាស្ត្រ​នៅ​តំបន់​អាស៊ាន​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។​

​លោក​មាន​ប្រសាសន៍​ថា​៖​ «​សហគមន៍​អន្តរជាតិ​ រួម​ទាំង​ប្រទេស​អាស៊ាន​ផង​ ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ សកម្មភាព​ទាំងនេះ​ គឺ​មិន​អាច​ទទួលយក​បាន​ទេ​ សម្រាប់​ផលប្រយោជន៍​កម្ពុជា​ និង​តំបន់​ទាំងមូល​។​ ប្រសិនបើ​សម្ពាធ​ទាំង​អស់នេះ​ មិន​មាន​ទម្ងន់​គ្រប់គ្រាន់​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ​ នោះ​មេដឹកនាំ​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​នឹង​គិត​ថា​ ពួក​គេ​ត្រូវ​បាន​ផ្ដល់​អំណាច​ឱ្យធ្វើ​សកម្មភាព​អាក្រក់​ប្រហែល​គ្នា​នេះ​ និង​មាន​លក្ខណៈ​ខុសច្បាប់​ ប្រឆាំង​នឹង​អ្នក​រិះគន់​ពួក​គេ​»​។​

​ទាក់ទង​នឹង​ការ​អំពាវនាវ​ខាងលើ​នេះ​ វិទ្យុ​ស្ត្រី​ នៃ WMC មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋសភា​ លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ ដើម្បី​សួរនាំ​បាន​ទេ​ ដោយ​ទូរ​សព្ទ​ចូល​តែ​មិន​មានការ​ទទួល​។​

​សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រ​ង្ស៊ី​ ​ត្រូវ​បាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ដក​អភ័យឯកសិទ្ធិ​សភា​ ក្រោយ​ពេល​មាន​ដីកាចាប់ខ្លួន​លោក​សម​ រ​ង្ស៊ី​ ចេញ​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍​ កាលពី​ឆ្នាំ​២០០៨​ ថា​លោក​ហោ​ ណាំ​ហុង​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ ជា​អតីត​មេ​គុក​បឹង​ត្របែក​។​

​កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ គឺ​លោក​ ញ៉​យ​ ចំរើន​ និង​លោក​ គង់​ សភា​ ត្រូវ​បាន​ក្រុម​បាតុករ​គាំទ្រ​រដ្ឋាភិបាល​វាយ​ឱ្យ​របួស​ធ្ងន់ធ្ងរ​ នៅ​ខាងក្រៅ​អគារ​រដ្ឋសភា​។​ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ក្រុម​តំណាងរាស្ត្រ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អាស៊ាន​។​

​ពីរ​បី​ថ្ងៃក្រោយ​ការ​វាយដំ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​រូប​នោះ​ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​បាន​បោះ​ឆ្នោត​ដក​តំណែង​លោក​ កឹ​ម​ សុខា​ ពី​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ផង​ដែរ​។​

​សមាជិក​សភា​អាស៊ាន​ដើម្បីសិទ្ធិ​មនុស្ស​ ​ ក៏​បាន​កត់សម្គាល់​ដែរ​ថា​ ហេតុការណ៍​ទាំង​អស់នេះ​បាន​កើតឡើង​ព្រម​គ្នា​ ជាមួយនឹង​ការ​កើនឡើង​នូវ​ការ​គំរាមកំហែង​ផ្ទាល់មាត់​លើ​បក្ស​ប្រឆាំង​ ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​មន្ត្រី​ផ្សេងៗ​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

ក្រុម​តំណាងរាស្ត្រ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​អាស៊ាន​ បន្ត​កត់សម្គាល់​ទៀត​ថា​ ហេតុការណ៍​ទាំងនោះ​កើតឡើង​ក្រោយ​ពេល​មានការ​កាត់ទោស​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​១១​នាក់​ កាលពី​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នា​២០១៥​ ឱ្យ​អ្នក​ទាំងនោះ​ជាប់​ពន្ធនាគារ​រយៈពេល​យូរ​ ដោយសារ​ពួក​គេ​ជាប់​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ឱ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤​ ក៏​ដូច​ជា​កើតឡើង​ក្រោយ​ពេល​ចាប់ខ្លួន​លោក​ ហុង​ សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម​ រ​ង្ស៊ី​ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​ ១៥​ ខែសីហា​ ដោយ​លោក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​ ទាក់ទង​នឹង​ការ​ផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​ ដែល​រដ្ឋាភិបាល​ចោទ​ថា​ ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​ វៀតណាម​។​

​សូម​ជម្រាប​ដែរ​ថា​ សភា​អូស្ត្រាលី​ តំណាងរាស្ត្រ​សហភាព​អឺរ៉ុប​ រដ្ឋាភិបាល​អា​មេ​រិ​ក​ និង​អង្គការសហប្រជាជាតិ​ សុទ្ធតែ​បាន​ជំរុញ​ឱ្យ​រដ្ឋ​ស​ភិ​បាល​កម្ពុជា​ផ្ដល់​អភ័យឯកសិទ្ធិ​សភា​ដល់​លោក​ សម​ រ​ង្ស៊ី​ ឡើង​វិញ​ និង​ជំរុញ​ឱ្យ​គណបក្ស​ទាំង​ពីរ​រក្សា​វប្បធម៌​សន្ទនា​ជាដើម​៕​

Share

Image
Image
Image