en     km
en     km

ក្រុម​តន្ត្រី​ «​យុវវ័យ​នាំសារ​»​ បង្កើត​ឡើង​ដោយ​ស្ត្រី​ដើម្បី​បង្ហាញ​សំឡេង​កម្មករ​រោងចក្រ​

Share

ភ្នំពេញ​៖​ «​យុវវ័យ​នាំសារ​»​ មិនមែន​ជា​ក្រុម​តន្ត្រី​ ឬ​ក្រុម​ចម្រៀង​មានឈ្មោះ​បោះ​ដូច​សិល្បករ​ល្បីៗ​នៅ​កម្ពុជា​ មាន​ទស្សនិកជន​គាំទ្រ​ច្រើន​ពេល​ឡើង​ច្រៀង​ និង​រាំ​តាម​កញ្ចក់​ទរ​ទស្សន៍​ ឬ​ផលិត​បទ​ចម្រៀង​ដើម្បី​ចេញ​លក់​នោះ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ក្រុម​តន្ត្រី​ «​យុវវ័យ​នាំសារ​»​ នេះ​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​កម្មករ​-​កម្មការិនីរ​រោងចក្រ​ ស្ត្រី​ប្រកប​របរ​ផ្លូវភេទ​ កសិករ​ និងពលរដ្ឋ​រស់នៅ​តាម​សហគមន៍​ដាច់​ស្រយាល​ក្នុង​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា​។​ ក្រុម​តន្ត្រី​ «​យុវវ័យ​នាំសារ​»​ ជា​ក្រុម​តន្ត្រី​ស្ត្រី​មួយ​ បង្កើត​ឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​បញ្ហា​ជីវិត​ពិត​របស់​កម្មករ​ ព្រមទាំង​បញ្ហា​សង្គម​ផ្សេងៗ​តាម​រយៈ​ការ​ច្រៀង​ចម្រៀង​ ប្រើ​ជា​សារ​ បង្ហាញ​ពី​ក្តី​កង្វល់​របស់​កម្មករ​រោងចក្រ​ទៅ​គ្រប់​មជ្ឈដ្ឋាន​សាធារណៈ​ដើម្បី​ឱ្យ​ភាគី​ពាក់ព័ន្ធ​ និង​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​ដោះស្រាយ​ចំពោះ​បញ្ហា​ដែល​ពួក​គេ​បាន​ជួប​។​

150914 Samnang-Feature-kimoan-ed-cover​ក្រុម​តន្ត្រី​ «​យុវវ័យ​នាំសារ​»​ បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ ២០០៥​ ក្រោម​ការ​ផ្ចុងផ្តើម​គំនិត​ឡើង​ដោយ​អង្គការ​ស្ត្រី​ដើម្បី​ការ​ផ្លាស់​ប្តូរ​ (WAC)​ ក្នុង​គោលបំណង​យក​ទុក​កង្វល់​របស់​ជន​ងាយ​រង​គ្រោះ​ មាន​ដូច​ជា​កម្មករ​រោងចក្រ​ ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ផ្សេងៗ​ នៅ​ក្នុង​ការ​រស់នៅ​និង​ការងារ​ មក​លាតត្រដាង​តាម​រយៈ​បទ​ចម្រៀង​។​ បទ​ចម្រៀង​ទាំងនោះ​ និពន្ធ​ឡើង​មាន​ទាក់ទង​ទៅ​នឹង​រឿងរ៉ាវ​របស់​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ក្នុង​ការ​រស់នៅ​ ស្ត្រី​កម្មករ​រោងចក្រ​ ស្ត្រី​ធ្វើការ​ក្នុង​សេវា​កម្សាន្ត​ ស្ត្រី​ប្រកប​របរ​ផ្លូវភេទ​ជាដើម​ ក្នុង​ទិស​ដៅ​បញ្ឈប់​អំពើ​ហិ​ង្សា​លើ​ស្ត្រី​ បញ្ឈប់​ការ​កេងប្រវ័ញ្ច​ ការ​រើសអើង​ ព្រមទាំង​បញ្ឈប់​រាល់​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​សង្គម​។​

​សមាជិក​ស្ថាបនិក​នៃ​ក្រុម​តន្ត្រី​យុវវ័យ​នាំសារ​ កញ្ញា​ គន្ធ​ សុ​ថា​រី​ បានឱ្យ​ដឹង​ថា​៖​ «​ក្រុម​តន្ត្រី​យុវ​វ​យ័​នាំសារ​គឹ​ជា​ក្រុម​ចម្រៀង​មួយ​ដែល​សមាជិក​ក្រុម​ទាំងអស់​ជា​កម្ម​ការី​នី​រោងចក្រ​កាត់ដេរ​ ផ្តើម​ទទួល​ការ​បណ្តុះបណ្តាល​ពី​អង្គការ​កម្មវិធី​ស្ត្រី​ដើម្បី​ការ​ផ្លាស់​ប្តូរ​ (WAC)​ ក្នុង​ឆ្នាំ​ ២០០៥​។​ អង្គការ​កម្មវិធី​ស្ត្រី​ដើម្បី​ការ​ផ្លាស់​ប្តូរ​ ឬ​ WAC​ មាន​បំណង​ឱ្យ​កម្មករ​-​កម្ម​ការី​នី​ ហ៊ាន​លើកយក​បញ្ហា​ ឬ​ទុក្ខ​កង្វល់​ផ្ទាល់ខ្លួន​បង្ហាញ​ជា​សាធារណៈ​ ដើម្បី​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​សម្រាប់​កម្មករ​ ដូច​ជា​បញ្ហា​ទាក់​ ទង​នឹង​បញ្ហា​សមភាព​យេ​ន​ឌ័​រ​ ការ​រើសអើង​លើ​ស្ត្រី​ និង​ការ​បញ្ឈប់​អំពើ​ហិ​ង្សា​»​។

150914 Samnang-Feature-kimoan-ed-1​កញ្ញា​ គន្ធ​ សុ​ថា​រី​ ស្ថាបនិក​នៃ​ក្រុម​តន្ត្រី​យុវវ័យ​នាំសារ​រូប​នេះ​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ កន្លង​ទៅ​ក្រុម​តន្ត្រី​យុវវ័យ​នាំសារ​ បាន​និពន្ធ​បទ​ចម្រៀង​ ដោយ​លើកយក​បញ្ហា​ទាក់ទង​នឹង​ការ​មិន​ពេញចិត្ត​នានា​របស់​កម្មករ​នៅ​ក្នុង​ការងារ​ បញ្ហា​ទុក្ខ​លំបាក​ដែល​កម្មករ​បាន​ជួប​ក្នុង​ពេល​បំពេញការងារ​ មាន​បញ្ហា​ប្រាក់ខែ​ បញ្ហា​សុខភាព​ គ្រោះថ្នាក់​ក្នុង​ការងារ​ ការ​លំបាក​ក្នុង​ការ​រស់នៅ​របស់​កម្មករ​ ព្រមទាំង​ការ​លើកយក​បញ្ហា​សង្គម​មួយ​ចំនួន​មក​តាក់តែង​ជា​បទ​ចម្រៀង​ផង​ដែរ​។​ បញ្ហា​សង្គម​ទាំងនោះ​ មាន​ដូច​ជា​ ការ​អភិវឌ្ឍន៍​ទីក្រុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ បញ្ហា​ដីធ្លី​ ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅ​ដ្ឋា​ន​ ការ​រំលោភ​បំពាន​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ការ​ទទួល​បាន​សេវា​សុខភាព​សាធារណៈ​មិន​ស្មើភាព​គ្នា​ និង​ការ​លើកយក​រឿងរ៉ាវ​ជីវិត​គ្រួសារ​កម្មករ​ ក្មេង​កំព្រា​ជាដើម​ មក​តែង​ជា​បទ​ចម្រៀង​។​ ប៉ុន្តែ​ កញ្ញា​ គន្ធ​ សុ​ថា​រី​ បញ្ជាក់​ថា​ក្រុម​តន្ត្រី​យុវវ័យ​នាំសារ​ មិនមែន​ជា​ក្រុម​តន្ត្រី​ឃោសនា​នយោបាយ​ ឬ​បម្រើ​ឱ្យ​គណៈ​បក្សនយោបាយ​ណាមួយ​ឡើយ​។​

150914 Samnang-Feature-kimoan-ed-2​ចូល​ជា​សមាជិក​នៃ​ក្រុម​តន្ត្រី​យុវវ័យ​នាំសារ​ក្នុង​ឆ្នាំ​ ២០០៧​ អ្នក​នាង​ ណ​ម​ សុ​ភាស់​ មាន​តួនាទី​ជា​អ្នក​​សម្រប​សម្រួល​ក្រុម​សិល្បៈ​តាម​ខេត្ត​ បាន​និយាយ​អម​ដោយ​ស្នាមញញឹម​ ព្រមទាំង​អារម្មណ៍​រំភើប​រីករាយ​ថា​៖​ «​ម​ធ្យោ​យ​បាយ​ផ្ញើ​សារ​ទៅ​គ្រប់​ម​ជ្ឈ​ដា្ឋ​ន​ទាំងអស់​ដែល​ល្អ​បំផុត​របស់​យើងខ្ញុំ​ទាំងអស់​គ្នា​ជា​កម្មការិនី​រោងចក្រ​ គឺ​មាន​តែ​តាម​រយៈ​បទ​ចម្រៀង​នេះ​ហើយ​…​ ព្រោះ​បទ​ចម្រៀង​មាន​លក្ខណៈ​ទន់ភ្លន់​ ធ្វើ​ឱ្យ​អ្នក​ស្តាប់​ងាយស្រួល​ក្នុង​ការ​ទទួលយក​រាល់​ការ​លើក​ឡើង​របស់​ពួក​យើង​។​ ក្រុម​តន្ត្រី​ពួក​យើង​មិនមែន​លើក​បញ្ហា​របស់​កម្មករ​មក​លាតត្រដាង​បែប​ហិង្សា​នោះ​ទេ​ ពួក​យើង​ច្រៀង​ដោយ​ប្រើ​ចម្រៀង​ជា​សារ​ ទន់ភ្លន់​ហើយ​អត្ថន័យ​នៃ​បទ​ចម្រៀង​ទាំងអស់​គឺជា​រឿងរ៉ាវ​ពិត​ដែល​កើត​មាននៅ​ក្នុង​សង្គម​កម្ពុជា​»​។​

​​អ្នក​​សម្រប​សម្រួល​ក្រុម​សិល្បៈ​តាម​ខេត្ត​របស់​ក្រុម​តន្ត្រី​ស្ត្រី​កើត​ចេញពី​កម្មការិនី​រោងចក្រ​រូប​នេះ​ អ្នក​នាង​ ណ​ម​ សុ​ភាស់​ បានឱ្យ​ដឹង​ថា​ អ្នក​នាង​ មាន​ក្តី​រំភើប​រីករាយ​នៅ​ពេល​ដែល​បាន​ចូលរួម​ធ្វើ​សកម្មភាព​ការងារ​ជាមួយ​តន្ត្រី​យុវវ័យ​នាំសារ​ ធ្វើ​ការងារ​ជួយ​ដល់​កម្មករ​និង​ការងារ​សង្គម​។​ ទន្ទឹម​គ្នា​នឹង​ភាព​សប្បាយ​រីករាយ​នេះ​ និយាយ​ពី​បញ្ហា​ប្រឈម​វិញ​ម្តង​ អ្នក​នាង​ ណ​ម​ សុ​ភាស់​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ កន្លង​ទៅ​ក្រុម​តន្ដ្រី​យុវវ័យ​នាំសារ​ធ្លាប់​ជួប​ឧបសគ្គ​មួយ​ចំនួន​នៅ​ពេល​សម្តែង​និង​ច្រៀង​នៅ​តាម​ទី​សាធារណៈ​ ដោយ​ប្រឈម​មុខ​នឹង​ការ​បណ្ដេញចេញ​ ការ​រំខាន​ពី​កម្លាំង​សមត្ថកិច្ច​មិន​ឱ្យ​មានការ​ជួបជុំ​ប្រគុំ​ត​ន្រី្ដ​ជាដើម​ ប៉ុន្តែ​សមាជិក​ម្នាក់ៗ​នៅ​តែ​ប្រកាន់​គោល​ជំហរ​ថា​៖​ «​យើង​ធ្វើ​នេះ​ដើម្បី​ផលប្រយោជន៍​របស់​កម្មករ​ យើង​ធ្វើ​ដើម្បី​សង្គម​»​។​ ដូច្នេះ​ សមាជិក​ទាំងអស់​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា​ តន្ត្រី​យុវវ័យ​នាំសារ​នៅ​តែ​បន្តសកម្មភាព​របស់​ខ្លួន​ធ្វើ​តទៅ​ទៀត​។

​តន្ត្រី​យុ​វ័យ​នាំសារ​បច្ចុប្បន្ន​ មាន​សមាជិក​ជា​ស្ត្រី​ទាំងអស់​ចំនួន​ ៦​ នាក់​តែ​ប៉ុណ្ណោះ​ ដោយ​សមាជិក​ម្នាក់ៗ​សុទ្ធសឹងតែ​មាន​តួនាទី​ផ្សេងៗ​គ្នា​នៅ​ក្នុង​ក្រុម​ និង​បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​កិច្ច​សង្គម​មិន​មាន​ភាព​រុញ​រា​ឡើយ​។​ នេះ​បើ​តាម​កញ្ញា​ គន្ធ​ សុ​ថា​រី​ បានឱ្យ​ដឹង​និង​បាន​និយាយ​បន្ថែម​ថា​៖​ «​ខ្ញុំ​ក៏​ជា​អតីត​ស្រី្ត​កម្មករ​រោងចក្រ​ដែរ​ពី​មុន​ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ចូល​ធ្វើការ​ជាមួយ​ WAC​ ខ្ញុំ​មានការ​ផ្លាស់​ច្រើន​ជាង​មុន​។​ ខ្ញុំ​ចូល​ចិត្ត​សិល្បៈ​…​ ខ្ញុំ​រីករាយ​ជួយ​ដល់​សង្គម​ ជួយ​បណ្តុះបណ្តាល​ដល់​កម្មករ​រង​គ្រោះ​ពី​ការងារ​ផ្សេងៗ​។​ ការងារ​នេះ​ ធ្វើ​ឱ្យ​ខ្ញុំ​ក្លាយជា​ស្ត្រី​មាន​ភាព​ក្លា​ហ៊ាន​ ហ៊ាន​និយាយ​ស្តី​ ហ៊ាន​តវ៉ា​ ធ្វើ​ឱ្យ​ចំណេះដឹង​របស់​យើង​មានការ​កើនឡើង​តាម​រយៈ​ការ​ជួបនឹង​ស្គាល់​មនុស្ស​ជា​ច្រើន​ ស្គាល់​អង្គការ​ធំៗ​មួយ​ចំនួន​ ធ្វើ​ឱ្យ​យើង​មាន​ភាពរឹងមាំ​ក្នុង​ជីវិត​»​។
150914 Samnang-Feature-kimoan-ed-4
​បទ​ច្រៀង​របស់​ក្រុម​តន្ត្រី​យុវវ័យ​នាំសារ​និពន្ធ​ឡើង​រហូត​មក​ដល់​ពេល​នេះ​មាន​ជាង​ ៥០​ បទរួច​ហើយ​ មាន​ដូច​ជា​បទ​ មិន​ត្រូវការ​កិច្ចសន្យា​ងារ​ងារ​ខ្លី​ កំ​ហុ​ន​អ្នក​ណា​ កុំ​អស់សង្ឃឹម​ តស៊ូ​ នឹក​ស្រុក​កំណើត​ ជីវិត​ក្មេង​អនាថា​ ​អភិវឌ្ឍន៍ទី​ក្រុង​​ល្អ​​ ស្គរ​ប្រហោង​ក្នុង​ជាដើម​ ដែល​បទ​ចម្រៀង​ទាំងនោះ​លើកយក​បញ្ហា​និង​ករណី​ដូច​លើក​ឡើង​ខាងលើ​មក​បកស្រាយ​។​ «​ឈឺផ្សា​ណាស់​ សែន​អាម៉ាស់​មិន​អាច​រត់គេច​ សង្គម​លង់​លិច​កិច្ច​ក​ល្បិច​ប្រល័យ​គ្នា​ឯង​ អស់សង្ឃឹម​ខំ​ញញឹម​ទាំង​ទ្រូង​ខ្ទាំ​ខ្ទេច​ នយោបាយ​គគ្រេច​នាំ​រា​ភ្លេច​បាត់​សម្បជញ្ញៈ​។​ មើលទៅ​ដូច​ខ្ពង់ខ្ពស់​លូត​ហួសវិស័យ​ វប្បធម៌​ប្រពៃណី​ហើយ​សែន​បវរ​ តែ​ធាតុ​ពិត​ដូច​ស្គរ​បាន​ត្រឹមតែ​រូបល្អ​ លាន់​សូរ​ឮ​ខ្ទរ​បែរ​ប្រហោង​ក្នុង​។​ គួរ​អាល័យ​ជាតិ​សព្វថ្ងៃ​ប្រែ​ល្អក់កករ​ សីលធម៌​ល្អ​ធ្លាក់​វឹកវរ​ត្រូវធ្វើ​យ៉ាងណា​…​។​ ​នេះ​ជា​អត្ថបទ​ចម្រៀង​នៃ​បទ​​ «​ស្គរ​ប្រហោង​ក្នុង​»​ ដែល​កញ្ញា​ ​គន្ធ​ ​សុ​ថា​រី​ បាន​ច្រៀង​ឡើង​ ប៉ុន្តែ​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​ កញ្ញា​ គន្ធ​ សុ​ថា​រី​ មិន​បាន​ពន្យល់​លម្អិត​នៅទេ​ ដោយ​គ្រាន់តែ​បង្ហើប​ប្រាប់​ថា​ បទ​ចម្រៀង​នេះ​និយាយ​ពី​តថភាព​ពិត​នៅ​ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ​។

150914 Samnang-Feature-kimoan-ed-3​បច្ចុប្បន្ន​ក្រុម​តន្ត្រី​ «​យុវវ័យ​នាំសារ​»​ កំពុង​ធ្វើការ​ងារ​ចុះ​ទៅ​ប្រមូល​ព័ត៌មាន​ដោយ​ផ្ទាល់​ដល់ទី​កន្លែង​រស់នៅ​របស់​កម្មករ​ សហ​-​គមន៍​ក្រីក្រ​តាម​បណ្តា​ខេត្ត​​អំពី​លក្ខខណ្ឌ​ការងារ​ ជីវិត​របស់​គ្រួសារ​ បញ្ហា​គ្រោះ​រាំង​ស្ងួត​ ការ​ធ្វើ​កសិកម្ម​ បញ្ហា​ដែល​អ្នក​ចំណាកស្រុក​ជួប​ប្រទះ​ បញ្ហា​សេវា​សុខភាព​ថ្លៃ​កប់​ពពក​ បំណុល​សម្រាប់​ប្រជាជន​កាន់តែ​កើនឡើង​ ការ​រំលោភសិទ្ធិ​ និង​ភាព​អយុត្តិធម៌​គ្មាន​ដំណោះស្រាយ​សម​ស្រប​សម្រាប់​ប្រជាជន​ក្រីក្រ​ ដើម្បី​យក​មក​តែង​ជា​បទ​ចម្រៀង​។​ ចំណែក​បទ​ចម្រៀង​ដែល​តែង​រួច​ ក្រៅពី​យក​ទៅ​ច្រៀង​ដោយ​ផ្ទាល់​ យុវវ័យ​នាំសារ​បាន​ផលិត​ចេញ​ជា​ស៊ី​ឌី​ ដើម្បី​ចែកចាយ​ដល់​ក្រុម​កម្មករ​រោងចក្រ​ បណ្តាញ​សង្គម​ អង្គការ​ធំៗ​ពាក់ព័ន្ធ​មួយ​ចំនួន​ ព្រមទាំង​ផ្តល់​ដល់​ជន​រង​គ្រោះ​ ដើម្បី​លើកទឹកចិត្ត​ឱ្យ​អ្នក​ទាំងនោះ​មាន​ស្មារតី​តស៊ូ​ក្នុង​ជីវិត​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​កញ្ញា​ គន្ធ​ សុ​ថា​រី​ សមាជិក​និង​ជា​ស្ថាបនិក​ក្រុម​តន្ត្រី​យុវវ័យ​នាំសារ​។​

​សូម​បញ្ជាក់​ថា​ ​ក្រុម​តន្ត្រី​​ ​«​យុវវ័យ​នាំសារ​»​ ​​បង្កើត​ឡើង​ដំបូង​មាន​សមាជិក​​ស្ថាបនិក​ជា​កម្ម​ការី​នី​រោងចក្រ​កាត់ដេរ​ចំនួន​ ​០៨​ ​នាក់​ដែល​បាន​ជ្រើស​រើស​​ដោយ​អង្គការ​កម្មវិធី​ដើម្បី​ការ​ផ្លាស់​ប្តូរ​ (WAC)​។​ ​នៅ​ឆ្នាំ​ ​២០០៧​ WAC​ ​បាន​ធើ្វ​ការ​ជ្រើសរើស​ក្រុម​តន្ត្រី​នេះ​ម្តងទៀត​ ដោយសារ​សមាជិក​មួយ​ចំនួន​បាន​ឈប់​។​ សមាជិក​របស់​ក្រុម​តន្ត្រី​យុវ​វ​យ័​នាំសារ​ទាំង​ ០៦ ​នាក់​ក្នុង​បច្ចុប្បន្ន​ មិន​មែន​ជា​កម្ម​ការី​នី​រោងចក្រ​កាត់ដេរ​ទៀត​ទេ ​ពួកគាត់ជាសមាជិកសកម្មក្នុងក្រុមតន្ត្រីនេះ។​ កន្លង​ទៅ​ ក្រុម​តន្ត្រី​យុវវ័យ​នាំសារ​បាន​ប្រគុំ​តន្ត្រី​ធំៗ​របស់​ខ្លួន​មួយ​ឆ្នាំ​ ៣ ដង​ជា​ច្រើន​លើក​រួច​មក​ហើយ​នៅ​ខេត្ត​គោលដៅ​ចំនួន​ ០៣​ មាន​ខេត្តកំពង់ស្ពឺ​ ព្រៃវែង​ និង​ស្វាយ​រៀង​ ក្នុង​នោះ​នៅ​ទីក្រុង​ភ្នំពេញ​ក៏​មានការ​ប្រគុំ​តន្ត្រី​តូច​នៅ​តាម​តំបន់​រោងចក្រ​មួយ​ចំនួន​រាល់​បី​ខែ​ម្តង​ផង​ដែរ​៕​

Share

Image
Image
Image