en     km
en     km

ក្រុមហ៊ុននាំចូលកុងទឺន័រសំរាមអាចប្រឈមការបិទទ្វារក្រោយអនុវត្តពិន័យរួច

Share

ភ្នំពេញ៖ ក្រុមហ៊ុនដែលបាននាំយកកាកសំណល់សំរាមចំនួន ៨៣កុងទឺន័រមានទម្ងន់ជាង ១៦០០តោន អាចប្រឈមមុខការបិទទ្វារ ខណៈសមត្ថកិច្ចជំនាញរងចាំឱ្យក្រុមហ៊ុនមួយនេះដោះស្រាយការផាកពិន័យរួចរាល់ជាមុនសិន។

នេះជាការឆ្លើយតបរបស់មន្រ្តីអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា លោក គុណ ញឹម  អមជាមួយអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត ភក្ត្រា ក្នុងសន្និសទីសារព័ត៌មាន ស្តីពី ការបង្ក្រាបសំណល់ប្លាស្ទិក ចំនួន ៨៣ កុងទឺន័រ ដែលនាំចូលពីបរទេសមកកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ នៅនាយកដ្ឋានគយ និងរដ្ឋាករ រាជធានីភ្នំពេញ។

សន្និសទីសារព័ត៌មាន។

លោក គុណ ញឹម បញ្ជាក់ថា មន្រ្តីជំនាញមានគោលការណ៍ក្តាប់ក្នុងដៃរួចយ៉ាងណែន ដោយឈរលើមូលដ្ឋាននៃការពិចារណាឈានទៅបិទក្រុមហ៊ុនមួយនេះ ប៉ុន្តែរងចាំឱ្យក្រុមហ៊ុនអនុវត្តវិធានការពិន័យរដ្ឋបាលជាមុនសិន។

ក្រុមហ៊ុន ជុងយៀន ផ្លាស្ទីក មេនូហ្វេកឈ័ ឯក ដែលបាននាំយកកាកសំណល់សំរាមចំនួន ៨៣កុងទឺន័រ មកប្លោងចោលនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវរងពិន័យចំនួនបីចំនុច ដោយក្រសួងតម្រូវឱ្យក្រុមហ៊ុនមួយ ត្រូវដឹកជញ្ជូនសំរាមទៅទីតាំងដើមវិញ ហើយក្រុមហ៊ុនត្រូវបង់ពិន័យជាទឹកប្រាក់ជាងមួយពាន់លានរៀល ស្មើប្រមាណ ២៦ម៉ឺនដុល្លារអាមេរិក ជាមួយការកំហិតឱ្យដឹកកាកសំណល់ប្លាស្ទិកចេញពីកម្ពុជាឱ្យអស់ត្រឹមថ្ងៃទី២៤ ខែសីហាខាងមុខ។

តាមការសន្និដ្ឋានរបស់មន្រ្តីគយដោយយោងតាមឯកសារដឹកជញ្ជូនឆ្លងកាត់របស់ក្រុមហ៊ុន កាកសំណល់សំរាមទាំងនេះ ទំនងជាក្រុមហ៊ុនរកប្រទេសទទួលពុំទាន់បាន ទើបក្រុមហ៊ុនសម្រេចយកមកសំចតចោលនៅកម្ពុជាបណ្តុះអាសន្ន រងចាំការដឹកចេញ។ ការអះអាងបែបនេះ ព្រោះខាងក្រុមហ៊ុនបានដាក់ពាក្យសុំនាំចេញកុងទឺន័រសំរាមទាំងនេះទៅ​ប្រទេសទីបី កាលពីខែមេសា ម្តងរួចមកហើយ។

ការសន្និដ្ឋានដាច់ដោយឡែកមួយទៀត ដែលអាចជាមូលហេតុនាំឱ្យក្រុមហ៊ុននាំយកសំរាមមកសំចតនៅកំពង់ផែកម្ពុជា គឺក្រុមហ៊ុនមួយនេះកំពុងដំណើរការបើករោងចក្រកែច្នៃសំរាមនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយមានបំណងបំលែងសំរាមទាំងនេះ។ ការសន្និដ្ឋានបែបនេះ ព្រោះមន្ត្រីជំនាញដឹងថា ក្រុមហ៊ុនបានជួលឃ្លាំងនៅតំបន់សេដ្ឋកិច្ចពិសេសដើម្បីស្តុកទុកកាកសំណល់ទាំង ៨៣កុងទឺន័រនេះ។

តែបែបនេះក្តី លោក នេត ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យនាំយកសំរាមហាមឃាត់មកបំលែងនៅកម្ពុជានោះទេ ព្រោះកម្ពុជាកំពុងរកច្រកដោះស្រាយបញ្ហាសំរាមរបស់ខ្លួនយ៉ាងលំបាក។ យ៉ាងណាលោកស្វាគមន៍ និងលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងឡាយណា ដែលចង់បើករោងចក្រកែច្នៃសំរាមក្នុងស្រុក។

លោក នេត ភក្ត្រា គូសបញ្ជាក់ថា មុនឈានទៅរកមុខក្រុមហ៊ុន ជុងយៀន នេះបាន ខាងមន្រ្តីទូតអាមេរិក និងកាណាដា បានសហការយ៉ាងជិតស្និត នឹងបានផ្តល់អ្នកជំនាញមកអង្កេតការណ៍ផ្ទាល់បានយ៉ាងល្អផងដែរ។

លោក គុណ ញឹម (ឆ្វេង) លោក នេត ភក្ត្រា (ស្តាំ) កំពុងបកស្រាយសំនួររបស់អ្នកសារព័ត៌មាន។

តាមការបញ្ជាក់ពីលោក នេត ភក្ត្រា សំរាមដែលសមត្ថកិច្ចកម្ពុជាចាប់បាននេះ គឺមិនមានសារធាតុធ្វើឱ្យប៉ះពាល់ដល់សុខភាពឡើយ។ លោកបន្ថែមថា កម្ពុជាជាសមាជិកនៃអនុសញ្ញា បាហ្សេល ហើយក្នុងនាមជាសមាជិកប្រទេសនីមួយៗមានភារៈកិច្ចចូលរួមទប់ស្កាត់ការដឹកជញ្ជូនកាកសំណល់សំរាមហាមឃាត់។ អនុសញ្ញា បាហ្សេល ចែងថា ករណីប្រទេសជាសមាជិកចាប់បានសំណល់សំរាមដែលប៉ះពាល់បរិស្ថាន ឬមានសារធាតុពុល គឺប្រទេសជាសមាជិកត្រូវតម្រូវឱ្យប្រទេសជាប្រភពសំរាមនាំយកទៅទីតាំងដើមវិញ។

យ៉ាងណាសមត្ថកិច្ចជំនាញ នឹងបន្តពិសោធន៍កាកសំណល់ទាំងនេះបន្តទៀត បើសិនករណីរកឃើញថា សំរាមទាំងនោះមានជាតិវិទ្យុសកម្មដែលប៉ះពាល់សុខភាពមនុស្ស និងបរិស្ថាន នោះក្រុមហ៊ុនមួយនេះនឹងរងពិន័យធ្ងន់ធ្ងរ ហើយម្ចាស់ក្រុមហ៊ុនអាចប្រឈមបទល្មើសព្រហ្មទណ្ឌផងដែរ។

សំណល់ផ្លាស្ទិកចំនួន ៨៣កុងទឺន័រ មានទម្ងន់ជិត១៦០០តោន ដែលនាំចូលពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា មកកាន់កម្ពុជា ត្រូវបានកម្លាំងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការឆែកឆេរ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។

របាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ទំនិញជាកាកសំណល់ប្លាស្ទីកទាំងនេះ បាននាំមកតាមជើងនាវាដឹកជញ្ជូនចំនួន ២៧ លើក មកដល់ និងបានសំចតនៅទីលានកំពង់ផែស្វយ័តក្រុងព្រះសីហនុលើកទី១ នៅខែកញ្ញា ឆ្នាំ ២០១៨។ និងលើកចុងក្រោយ នៅខែមករា ឆ្នាំ២០១៩ សរុបទាំងអស់ចំនួន ៨៣ កុងតឺន័រ។

ក្នុងចំណោមសំណល់ប្លាស្ទិកទាំង ៨៣កុងតឺន័រនោះ មានកុងតឺន័រចំនួន ៧០ មានទម្ងន់១,៣២២ តោន នាំចេញមកពីសហរដ្ឋអាមេរិក និងកុងតឺន័រចំនួន ១៣ មានទម្ងន់២៧០ តោនបាននាំចេញមកពីប្រទេសកាណាដា។ ឯកសារដឹកជញ្ជូនបញ្ជាក់ថា មុននឹងមកដល់កម្ពុជា កុងតឺន័រទាំង ៨៣ នោះបានឆ្លងកាត់កំពង់ផែប្រទេសសិង្ហបុរី ២២ ជើង ម៉ាឡេស៊ី ២ ជើង និង វៀតណាម ៣ ជើង។

ក្រុមហ៊ុន ដែលចាំទទួលយកសំណល់ផ្លាស្ទិកទាំងនោះយកទៅកែច្នៃ មានឈ្មោះ ជុងយៀន ផ្លាស្ទីក មេនូហ្វេកឈ័រ ឯក. ដែលមានថៅកែជនជាតិខ្មែរ មានឈ្មោះ សួន ឡុក៕

Share

Image
Image
Image