en     km
en     km

ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ៖រដ្ឋធម្មនុញ្ញត្រូវបានធានាការពារការគោរពយ៉ាងម៉ឺងម៉ាត់

Share

ភ្នំពេញ៖ រដ្ឋធម្មនុញ្ញរាជាណាចក្រកម្ពុជា មានអាយុកាល ២៤ឆ្នាំមកហើយនោះ  ត្រូវបានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបានវាយតម្លៃយ៉ាងខ្ពស់ថា ច្បាប់កំពូលមួយនេះ បានសរសេរចារឹកឡើងក្នុងឆន្ទៈដ៏មោះមុតរបស់ប្រជាពលរដ្ឋខ្មែរ ហើយត្រូវបានធានាការពារការគោរពយ៉ាងម៉ឺងម៉ាត់នៅក្នុងដំណើរការមួយដ៏ប្រពៃ។នេះបើតាមការលើកឡើងរបស់ប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញានៅក្នុងសន្និសីទកាសែតមួយរបស់ខ្លួន កាលពីថ្ងៃ​ម្សិលមិញ ។

នៅក្នុងឱកាសសន្និសីទស្ដីពី “សមិទ្ធផល ២៤ ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា”  ​កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញ។

លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ មានកាតព្វកិច្ចអនុវត្តបន្ដការគោរពតាមស្មារតីនៃរដ្ឋធម្មនុញ្ញបន្ដការពង្រឹងស្មារតីគោរពច្បាប់ ដើម្បីធ្វើឱ្យតម្លៃនេះ ក្លាយជាតម្លៃរួមតែមួយសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងឋានៈជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួនក្នុងដំណើរការកសាងប្រទេសជាតិឱ្យក្លាយជា “កោះសន្ដិភាព” មួយ លូតលាស់សម្បូររុងរឿងជានិច្ចនិរន្ដរ៍តទៅដែលជាបំណងដ៏ពិសិដ្ឋដូចដែលបានលើកឡើងនៅក្នុងបុព្វកថា នៃរដ្ឋធម្មនុញ្ញ។

តាមលោក លោក អ៊ឹម ឈុនលឹម សរុបក្នុងរយៈពេល ២៤ឆ្នាំ បន្ទាប់ពីការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣មក គឺ កម្ពុជា បច្ចុប្បន្នមានសុខសន្ដិភាពយ៉ាងពិតប្រាកដ មានរដ្ឋធម្មនុញ្ញមានប្រព័ន្ធច្បាប់និងប្រព័ន្ធយុត្ដិធម៌ អាចជឿទុកចិត្តបានធានាបានសង្គមមានរបៀបរៀបរយ មានប្រព័ន្ធសេដ្ឋកិច្ចដ៏ល្អប្រសើរ សម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងដំណើរឆ្ពោះទៅសម្រេចយុទ្ធសាស្ររ្ដកាត់បន្ថយភាពក្រីក្រដែលជាភារកិច្ចចម្បងមួយរប​ស់រាជរដ្ឋាភិបាលក្នុងការទទួលខុសត្រូវចំពោះសង្គម។ 

លោកបានចាត់ទុកថា សមិទ្ធផលទាំងអស់នេះសបញ្ជាក់អោយឃើញថា រាជរដ្ឋាភិបាលរួមជាមួយស្ថាប័នអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញបានសម្រេចតាមការបំពេញភារកិច្ចរបស់ខ្លួនក្នុងការថែរក្សាសន្ដិភាពការបង្រួបបង្រួមជាតិ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋស្របតាមគោលបំណងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ជុំវិញការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញដែលចាត់ទុកច្បាប់រដ្ឋធម្មនុញ្ញក្នុងរយៈពេល ​២៤ឆ្នាំនេះ​ ត្រូវបានធានាការពារ ការគោរពយ៉ាងម៉ឺងម៉ាត់នៅក្នុងដំណើរការមួយដ៏ប្រពៃ។

វិទ្យុស្រ្ដី​មិន​អាចសុំការឆ្លើយតបពីអ្នកវិភាគណាមួយបាននោះទេ នៅថ្ងៃទី ២៧ និងថ្ងៃទី ២៨ កញ្ញា នេះ។តែយ៉ាងណាក៏ដោយលោក សុខ​ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ ដែលមានវត្តមាននៅក្នុងសន្និសីទសារព័ត៌មាននៅពេលនោះ លោក បានលើកឡើងដែរថា៖«២៤ ឆ្នាំ នៃរដ្ឋធម្មនុញ្ញ បើយើងក្រឡេកទៅមើលរដ្ឋធម្មនុញ្ញវាហាក់ដូចជាក្មេងខ្ចី ប៉ុន្ដែបើយើងក្រឡេទៅខាងក្រោយ អ្នកដែលអនុវត្ត អ្នកដែលកំពុងគ្រប់គ្រងនៃរដ្ឋធម្មនុញ្ញមិនមានអ្នកណាអាយុ ២៤ឆ្នាំទេ។ ចឹងបង្ហាញអំពីបទពិសោធន៍ និងចំណេះដឹងដែលអាចធ្វើអោយសង្គមមួយមានសណ្ដាប់ធ្នាប់»។

នៅក្នុងសន្និសីទនេះដែរ អ្នកសារព័ត៌មានដែលមាន ជាង ១០ស្ថានប័ន បានធ្វើការចោទសួរជាច្រើនទៅលើស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានទាក់ទិននឹងការចាប់ខ្លួនលោក​ កឹម សុខា និងការចាប់ខ្លួនអ្នកវិភាគ ថាតើ ការបញ្ចេញមតិរបស់អ្នកវិភាគ និងការចាប់ខ្លួនលោក​កឹម សុខា ខុស ឬមួយក៏ត្រូវ  ហេតុអ្វីបានជាក្រុមប្រឹក្សាធម្មនុញ្ញាមិនអើពើទៅលើបញ្ហាទាំងអស់នោះនៅក្នុងការបកស្រាយរដ្ឋធម្មនុញ្ញ?

អ្នកនាំពាក្យក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ លោក​ អ៊ុត ឈន បានបកស្រាយថា ក្រុមប្រឹក្សាធម្មនុញ្ញាមិនមែនមិនអើពើនោះទេ ប៉ុន្ដែអាស្រ័យទៅលើការស្នើមកក្រុមប្រឹក្សាធម្មនុញ្ញ ថាតើ ការស្នើអោយជួយដោះស្រាយនោះ ស្នើដោយរបៀបណា តាម​រយៈអ្វី  ហើយប្រសិនបើការស្នើនោះ ធ្វើឡើងដោយត្រឹមត្រូវតាមផ្លូវច្បាប់ ក្រុមប្រឹក្សាធម្មនុញ្ញនឹងធ្វើការដោះស្រាយជូនភ្លាម។

លោក​ អ៊ុត ឈន  ៖«ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថានប័នមួយឯករាជ្យ អព្យាក្រឹត្យ ប៉ុន្ដែក្រុមប្រឹក្សាធម្មនុញ្ញអត់អាចលើបញ្ហាដោយខ្លួនឯងទេ បកស្រាយរដ្ឋធម្មនុញ្ញទាល់តែមានគេស្នើ ហើយអ្នកស្នើនឹងប្រជាពលរដ្ឋក៏ស្នើបាន ព្រឹទ្ធសភាក៏ស្នើបាន រដ្ឋសភាក៏ស្នើបាន រដ្ឋាភិបាលក៏ស្នើបាន ព្រះមហាក្សត្រក៏ស្នើបានដែរ។ ប៉ុន្ដែប្រសិនបើប្រជាពលរដ្ឋចង់ស្នើ សុំអោយស្នើទៅតាមរយៈរដ្ឋសភា ឬតាមរយៈព្រឹទ្ធសភា ដែលក្នុងនោះ គឺ រដ្ឋសភាត្រូវមានសម្លេង តំណាង ១ភាគ ១០ ហើយព្រឹទ្ធសភាត្រូវមានសម្លេងតំណាងរាស្រ្ដ ១ភាគ៤ »។

លោក​ អ៊ុត ឈន ដដែល ក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដែរថា ប្រជាពលរដ្ឋទាំងអស់ គឺសុទ្ធតែមានសេរីភាពនៅក្នុងការបញ្ចេញមតិយោបល់របស់ខ្លួន។ ប៉ុន្ដែនៅក្នុងការបញ្ចេញមតិទាំងនោះ សូមកុំអោយប៉ះពាល់ និងរំលោភទៅដល់អ្នកដ៏ទៃផងដែរ។

លោក​ អ៊ុត ឈន ៖«ខ្ញុំសូមជម្រាបជូនថា ក្នុងរដ្ឋធម្មនុញ្ញគេចែងថា ប្រជាពលរដ្ឋទាំងអស់សុទ្ធតែមានសេរីភាពនៅក្នុងការបញ្ចេញមតិ ។ ​ប៉ុន្ដែនៅក្នុងការបញ្ចេញមតិនោះកុំអោយរំលោភលើគេ។ ចឹងប្រសិនបើគាត់ធ្វើអ្វីរំលោភ នោះច្បាប់ជាអ្នកសម្រេច»។

រដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្ន នេះត្រូវបានបង្កើតឡើងដោយសភាធម្មនុញ្ញ បន្ទាប់ពីកម្ពុជា បានឆ្លងកាត់ ការបោះឆ្នោតសមាជិកសភាដំបូង នៅឆ្នាំ ១៩៩៣ ហើយពេលនោះកម្ពុជាមានសន្តិភាពធ្វើឲ្យភាគីនយោបាយខ្មែរទាំងអស់ជួបជុំគ្នានៅឯរដ្ឋសភា។

រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសនេះ បានឆ្លងកាត់ការធ្វើវិសោធនកម្មជាច្រើនដងមកហើយ។ ត្រង់នេះហើយ ដែលអ្នកវិភាគមួយចំនួនគិតថា បើរដ្ឋធម្មនុញ្ញនេះ ត្រូវបានធ្វើវិសោធនកម្មជាញឹកញាប់គឺពិតជា ធ្វើឲ្យតម្លៃរបស់ច្បាប់កំពូលនេះធ្លាក់ចុះ។ មិនត្រឹមតែប៉ុណ្ណោះ ធ្វើឲ្យប៉ះទង្គិចរបបសេរីពហុបក្សទៀតផង បើគេកែប្រែចំមាត្រាដែលនិយាយអំពីរបបសេរីពហុបក្សនោះ។

តែយ៉ាងណាក៏ដោយ  លោក​ អ៊ុត ឈន អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ឱ្យវិទ្យុស្រ្ដី FM 102 ដឹងនៅថ្ងៃទី២៨ កញ្ញានេះ ដែរថា តាមគោលជំហររបស់រដ្ឋទាំងមូលគឺមិនមានគោលជំហរ ក្នុងការកែប្រែរបបសេរីពហុបក្ស  របបរាជានិយម និងរដ្ឋធម្មនុញ្ញនោះទេ។

តាមប្រសាសន៍របស់ លោក អ៊ុត ឈន ដដែល មកដល់ពេលនេះ រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានធ្វើវិសោធនកម្ម  ប្រហែលជា ៨លើកមកហើយ។

រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានសភាធម្មនុញ្ញអនុម័ត នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៩៣ នាសម័យប្រជុំពេញអង្គលើកទី២ ដោយមាន ១៥៨ មាត្រា ហើយប្រកាសឱ្យប្រើជាផ្លូវការនៅថ្ងៃទី ២៤ កញ្ញា ឆ្នាំ១៩៩៣។ ប្រធានសភាធម្មនុញ្ញ គឺសម្តេច បវរសេដ្ឋា សឺន សាន៕

 

 

 

 

Share

Image
Image
Image