en     km
en     km

ក្រសួង​​ការ​ងារ​​ប្រាប់​​កម្មករ​​រោងចក្រ​ ​វិ​ន​ ស៊ិ​ង​តិច​​ ថា​​ក្រុម​ហ៊ុន​​ត្រូវ​​ទូទាត់​​ប្រាក់​​មួយ​រយ​​ភាគ​រយ​​ឱ្យ​​កម្មករ​​

Share

ភ្នំពេញ​៖​ ក្រុម​កម្មករ​ កម្ម​ការ​នី​ ក្រុមហ៊ុន​ វិ​ន​ ស៊ិ​ង​តិច​ ប្រមាណ​ជា​ ៣០០​ នាក់​ បាន​សម្រេច​នាំ​គ្នា​វិល​ត្រ​ឡប់​​​ទៅ​កាន់​ក្រុមហ៊ុន​វិញ​ ដើម្បី​រង​ចាំ​ដំណឹង​នៃ​ដំណោះស្រាយ​របស់​ក្រសួង​ការងារ​ដែល​ក្រុម​កម្មករ​បាន​​​បញ្ជាក់​ថា​ អនុរដ្ឋលេខាធិកា​ក្រសួង​ការងារ​បាន​សន្យា​ផ្ដល់​ដំណោះស្រាយ​ឲ្យ​ពួក​គេ​ នៅ​ថ្ងៃ​សៅរ៍​ ទី​០២​ ខែមេសា​ ឆ្នាំ​ ២០១៦​ ស្អែក​នេះ​។

 

Ven-Sing-Tech--Fatuery--WMC-
កម្ម​ការ​នី​ ក្រុមហ៊ុន​ វិ​ន​ ស៊ិ​ង​តិច​ ឡើងមកតវ៉ានៅមុខក្រសួងការងារ

ក្រុម​កម្មករ​បាន​សម្រេច​ផ្អាក​ការ​តវ៉ា​នៅ​ក្នុង​ក្រសួង​ការងារ​ ហើយ​វិល​ត្រឡប់​ទៅ​ក្រុមហ៊ុន​វិញ​ បន្ទាប់​ពី​ពួក​គេ​ទទួ​ល​​បាន​ការ​សន្យា​ពី​លោក​អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​ ថា​និង​ផ្ដល់​ដំណោះស្រាយ​នៅ​ថ្ងៃ​សៅរ៍​ ស្អែក​នេះ​។​

​ស្ថិត​នៅ​ក្រោម​កំ​ដៅ​ថ្ងៃ​ម៉ោង​ ១២​ ថ្ងៃត្រង់​ ពួក​គេ​បាន​នាំ​គ្នា​ស្រែក​ទាមទារ​សុំ​ឲ្យ​ក្រសួង​ការងារ​ រក​ដំណោះស្រាយ​ជា​​បន្ទាន់​ ដើម្បី​ជួយ​ដោះស្រាយ​វិវាទ​របស់​ពួក​គេ​ជាមួយ​ថៅកែ​ក្រុមហ៊ុន​ វី​ន​ ស៊ិ​ង​តិច​ ។​

​ការ​តវ៉ា​នៅ​ព្រឹក​មិ​ញ​នេះ​ ក្រុម​កម្មករ​បាន​នាំ​យក​ឆ្នាំងបាយ​  កន្ទេល​ មុង​ភួយ​ មក​ប​ង្រុ​ង​ដេក​តវ៉ា​នៅ​ ខាង​មុខ​ក្រ​សួង​​ការ​​ងារ​ រហូត​មាន​ដំណោះស្រាយ​ ។​ ខណៈ​ទទួល​ព័ត៌មាន​ថា​ នឹង​មិន​មាន​ដំណោះស្រាយ​ ពួក​គេ​កម្មករ​បាន​​បើករបង​ទ្វារ​ក្រសួង​ការងារ​ សម្រុកចូល​ទៅ​ខាងក្នុង​ក្រសួង​ភ្លាមៗ​ ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក​ ទើប​មាន​អះ​អាង​​ថា​ ​ក្រសួង​សម្រេច​ឱ្យ​ក្រុមហ៊ុន​ចេញ​ការ​សង​សំណង​ពលកម្ម​រហូត​មួយ​រយ​ភាគរយ​  ទើប​កម្មករ​ស្ងប់ស្ងាត់​ ហើយ​​រៀបចំ​ត្រឡប់​ទៅ​រោងចក្រ​វិញ​។​

​កម្ម​ការ​នី​ សឿ​ ស្រី​មុំ​ មានស្រុក​កំណើត​នៅ​ខេត្ដកំពង់ធំ​ ចូលរួម​តវ៉ា​នេះ​បាន​និយាយ​ថា​ កញ្ញា​មក​ចូលរួម​ជាមួយ​ក្រុម​​កម្មករ​ និង​ តំណាង​សហជីព​នេះ​ ក៏​ព្រោះតែ​កញ្ញា​គ្មាន​សង្ឃឹមថានឹង​បាន​ប្រាក់ខែ​របស់​ខ្លួន​ពី​ក្រុមហ៊ុន​នោះ​ទទេ​។​

​កញ្ញា​ សឿ​ ស្រី​មុំ​ បានឱ្យ​ដឹង​ថា​ តាំងពី​ថ្ងៃ​ដែល​ក្រុមហ៊ុន​ វី​ន​ ស៊ិ​ង​តិច​ ប្រកាស់​រំលាយ​កិច្ចសន្យា​របស់​ក្រុម​កម្មករ​ចោល​ កាលពី​ថ្ងៃ​ទី​ ០៥​ ខែមីនា​ ឆ្នាំ​ ២០១៦​ មក​ ក្រុម​កម្មករ​ រង​ចាំ​បើកប្រាក់​អស់​រយៈពេល​ជិត​មួយ​ខែ​ហើយ​នៅ​តែ​​មិន​​មាន​ដំណោះស្រាយ​ ទើប​កញ្ញា​រួម​និង​ក្រុម​កម្មករ​ផ្សេង​ទៀត​សម្រេច​ឡើង​មក​តវ៉ា​យ៉ាងដូច​នេះ​។​

​ចំណែក​អ្នកស្រី​ ឈិ​ន​ សុ​វ​ណ្ណី​ ដែល​បាន​មក​ចូលរួម​ការ​តវ៉ា​ជាមួយ​ក្រុម​កម្មករ​នេះ​ដែរ​ បាន​និយាយ​ថា​ ដោយ​សារ​​​តែ​អ្នកស្រី​មិន​មាន​ជម្រើស​អ្វី​ផ្សេង​ទើប​បានជា​អ្នកស្រី​ និង​ ក្រុម​កម្មករ​សម្រេច​នាំ​គ្នា​សម្រុកចូល​មក​តវ៉ា​ដល់​ខាង​ក្នុង​ក្រសួង​ការងារ​បែប​នេះ​ ។​ អ្នកស្រី​បន្ថែម​ថា​ ព្រោះតែ​ពុំ​មានការ​ងារ​ធ្វើ​ទើប​ធ្វើ​ឲ្យ​អ្នកស្រី​ត្រូវ​បរិភោគ​ម្ហូប​កាត់​​បន្ថយ​ការ​ចំណាយ​ផ្សេងៗ​នៅ​ក្នុង​គ្រួសារ​ មិនតែប៉ុណ្ណោះ​លុយ​កាត់​សម្រាប់​ផ្ញើ​ទៅ​កាន់​ឪពុក​ម្ដាយ​នៅ​ស្រុក​ក៏​​មិន​​មាន​​ដែរ​​។​

​ជុំវិញ​ការ​តវ៉ា​នេះ​ លោក​ ផា​ន​ ធា​ តំណាង​កម្មករ​ដែល​បាន​ចូល​ជួប​ប្រជុំ​ចចារ​ជាមួយ​តំណាង​ក្រសួង​ការងារ​នៅ​​ថ្ងៃ​នេះ​ បាន​និយាយ​ថា​ លោក​អនុរដ្ឋលេខាធិការ​ម្នាក់​របស់​ក្រសួង​ការងារ​ បាន​សន្យា​ជាមួយ​លោក​ក៏​ដូច​ជា​តំណាង​​កម្មករ​​ផ្សេង​​ទៀត​ថា​ ថ្ងៃ​សៅរ៍​ទី​ ០២​ មេ​សា​ ស្អែក​នេះ​ក្រសួង​ការងារ​នឹង​ផ្ដល់​ចម្លើយ​។​

​តំណាង​កម្មក​រូប​នេះ​ក៏​បាន​បញ្ជាក់​ពី​គោល​ជំហរ​របស់​ខ្លួន​នៅ​មុខ​កម្មករ​ដែល​ចូលរួម​តវ៉ា​នេះ​ថា​ ប្រ​សិន​ក្រសួង​មិន​​គោរព​សន្យា​របស់​ខ្លួន​គឺ​ ពួក​គាត់​នឹង​មក​តវ៉ា​ដល់​ខាងក្នុង​ក្រសួង​ការងារ​ជា​ថ្មី​ម្ដងទៀត​។​

​លោក​ ហេង​ សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ បានឱ្យ​វិទ្យុ​ដឹង​ស្ដ្រី​ថា​ ការ​ជួប​ប្រជុំ​រវាង​តំណាង​កម្មករ​និង​អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ងារ​​គឺ​​ការ​​ពិត​ ​។​ ប៉ុន្តែ​អ្នកនាំពាក្យ​រូប​នេះ​ ទទូច​ឲ្យ​កម្មករ​ក៏​ដូច​ជា​ភាគី​ដែល​មាន​វិវាទ​ទាំង​សង​ខាង​ ធ្វើ​យ៉ាងណា​គោរព​ទៅ​តាម​និ​តិ​វិធី​របស់​រដ្ឋ​។​ លោក​បាន​សង្កត់ធ្ងន់​ថា​ កម្មករ​មិន​គួរ​ធ្វើការ​ដោយ​យក​ភាព​​ច្រឡោត​មក​ដាក់ខ្លួន​នោះ​ទេ​ បើ​ពុំនោះ​ទេ​អាច​បង្ក​ឲ្យ​អ្នក​ដែល​រង​គ្រោះ​ក្លាយជា​អ្នក​ដែល​រង​នៅ​បណ្ដឹង​វិញ​។​

​សូម​​ជំរាប​​ថា​ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ធ្លាប់​បាន​ជួប​ចរចារ​ជាមួយ​ក្រុម​កម្មករ​ ក្រុមហ៊ុន​ វី​ន​ ស៊ិ​ង​តិច​ នេះ​ពីរ​លើក​រួច​មក​ហើយ​ ៕​

Share

Image
Image
Image