en     km
en     km

ក្រសួង​អប់រំ​ ហាម​គ្រប់​សកម្មភាព​ឃោសនា​នៅ​តាម​គ្រឹះស្ថានសិក្សា​រដ្ឋ​ និង​ឯកជន​

Share

​ភ្នំពេញ​ ៖​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​រំ​ឮ​ក​ជា​ថ្មី​ពី​សេចក្ដីណែនាំ​ ដែល​ហាមប្រាម​នូវ​គ្រប់​សកម្មភាព​ឃោសនា​ទាំងអស់​ ក្នុង​គ្រឹះស្ថានសិក្សា​ទាំង​ រដ្ឋ​ និង​ឯកជន​។​ ក្រសួង​បញ្ជាក់​ថា​ សកម្មភាព​ឃោសនា​ទាំងអស់​អាច​ប្រព្រឹត្ដ​ទៅ​បាន​លុះត្រាតែ​មានការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ​។

លោក​លៀ​ ស៊ី​ណា​ ជូន​សេចក្ដីរាយការណ៍​៖​

​យោង​តាម​សេចក្ដីណែនាំ​ដែល​រដ្ឋមន្ដ្រីក្រសួង​អប់រំ​ ចុះហត្ថលេខា​កាលពី​ខែសីហា​ ឆ្នាំ​២០១៥​ ហើយ​ត្រូវ​បាន​ក្រសួង​នេះ​យក​មក​ផ្សព្វផ្សាយ​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០១៨​នេះ​ បាន​បញ្ជាក់​ថា​ កន្លង​មក​ក្រសួង​អប់រំ​បាន​សង្កេត​ឃើញ​ថា​ នៅ​តាម​គ្រឹះស្ថានសិក្សា​ទាំង​សាធារណៈ​ និង​ ឯង​ជន​ មាន​សមាគម​ អង្គការ​ បុគ្គលិក​អប់រំ​ និង​គ្រូបង្រៀន​ជាប់កិច្ចសន្យា​មួយ​ចំនួន​ បាន​ធ្វើ​សកម្មភាព​មិន​ប្រក្រតី​ ដោយ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ បោះ​ឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​របស់​ សមាគម​ និង​អង្គការ​ទាំងនោះ​ ហើយ​មិនតែប៉ុណ្ណោះ​ថែម​ទាំង​ ឃោសនា​បំផុសគំនិត​ ឲ្យ​បុគ្គលិក​អប់រំ​ចូលរួម​សកម្មភាព​ជាមួយ​ពួក​គេ​ថែម​ទៀត​។​

​បន្ថែម​ពី​នេះ​ សមាគម​ និង​អង្គការ​មួយ​ចំនួន​ បាន​បង្កើត​ឲ្យ​មាន​សាខា​របស់​ពួក​គេ​នៅ​តាម​គ្រឹះស្ថានសិក្សា​ទាំង​សាធារណៈ​ និង​ឯកជន​។​ លើស​ពី​នេះ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ជ្រៀតជ្រែក​ការងារ​គ្រប់គ្រង​កិច្ចការ​អប់រំ​ថែម​ទៀត​ផង​។​ ក្រសួង​អប់រំ​ ចាត់​ទុក​ថា​ សកម្ម​ទាំង​អស់នោះ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សណ្ដាប់ធ្នាប់​ក្នុង​គ្រឹះស្ថានសិក្សា​ ដែល​ផ្ទុយ​នឹង​គោលការណ៍​អ​ព្យា​ក្រឹត្យ​ភាព​ របស់​គ្រឹះស្ថានសិក្សា​ ជា​ពិសេស​ផ្ទុយ​ពី​ច្បាប់​ស្ដី​ពី​ការ​អប់រំ​។​

​ក្រសួង​អប់រំ​បញ្ជា​ឲ្យ​គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​ហាមឃាត់​ដាច់ខាត​រាល់​សកម្មភាព​របស់​សមាគម​ អង្គការ​ ឬ​ក៏​ភ្នាក់ងារ​ណាមួយ​ធ្វើ​សកម្មភាព​នៅ​ក្នុង​គ្រឹះស្ថាន​អប់រំ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ​។​ ក្នុង​គ្រឹះស្ថានសិក្សា​ គឺ​មិន​អនុញ្ញាត​ឲ្យ​មានការ​ឃោសនា​នយោបាយ​ ធ្វើ​សកម្មភាព​នយោបាយ​ឡើយ​។​ ក្នុង​ករណី​ចង់​ធ្វើ​សកម្មភាព​ក្នុង​គ្រឹះស្ថានសិក្សា​នានា​ ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ​ ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​តាម​រយៈ​សេចក្ដីណែនាំ​នេះ​ គ្រប់​សកម្មភាព​ទាំងអស់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ​ព្យា​ក្រឹត្យ​របស់​ស្ថាប័ន​អប់រំ​ និង​គ្រឹះស្ថានសិក្សា​ ត្រូវ​ទទួល​ទណ្ឌកម្ម​ តាម​មាត្រា​ ៥២​ នៃ​ច្បាប់​ស្ដី​ពី​ការ​អប់រំ​។​ គ្រប់​សកម្មភាព​នយោបាយ​ ឬ​ការ​ឃោសនា​នយោបាយ​ ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​ណាមួយ​នៅ​ក្នុង​ស្ថាប័ន​អប់រំ​ ឬ​គ្រឹះស្ថានសិក្សា​ដែ​ផ្ទុយ​នឹង​មាត្រា​ ៣៤​ នៃ​ច្បាប់​នេះ​ ត្រូវ​ពិន័យ​អន្ដរការណ៍​ជា​ប្រាក់​ពី​ ១​លាន​រៀល​ ដល់​ ៥​លាន​រៀល​។​ ក្នុង​ករណី​ដែល​មិន​រាងចាល​ បុគ្គល​នោះ​ត្រូវ​ផាកពិន័យ​អន្ដរការណ៍​ជា​ប្រាក់​ទ្វេ​ដង​ នៃ​ចំនួន​ប្រាក់​ពិន័យ​អន្ដរការណ៍​ខាងលើ​។​ ទន្ទឹម​គ្នា​នេះ​ចំពោះ​នីតិបុគ្គល​ត្រូវ​ទទួល​ពិន័យ​អន្ដរការណ៍​ជា​ប្រាក់​ពី​ ១០​លាន​រៀល​ ទៅ​ ២០​លាន​រៀល​ ហើយ​នៅ​ក្នុង​ករណី​ដែល​មិន​រាងចាល​ នឹង​ត្រូវ​ផាកពិន័យ​ទ្វេ​ដង​នៃ​ប្រាក់​ពិន័យ​អន្ដរការណ៍​ខាងលើ​។​

​ជាង​នេះ​ បើសិនជា​មាន​សកម្មភាព​ដូច​បាន​កំណត់​ខាងលើ​ប្រព្រឹត្ដ​ដោយ​នីតិបុគ្គល​ ដែល​ជា​ស្ថាប័ន​អប់រំ​ ឬ​គ្រឹះស្ថានសិក្សា​ ហើយ​ស្ថិត​ក្នុង​ករណី​មិន​រាងចាល​ បុគ្គល​រូប​នោះ​ត្រូវ​ព្យួរ​ជា​បណ្ដោះអាសន្ន​ ឬ​ដកហូត​ជា​ស្ថាពរ​នូវ​អាជ្ញាប័ណ្ណ​អប់រំ​របស់​ស្ថាប័ន​អប់រំ​ ឬ​គ្រឹះស្ថានសិក្សា​នោះ​។​

​តាម​រយៈ​សេចក្ដីណែនាំ​នេះ​ ក្រសួង​អប់រំ​សង្កត់ធ្ងន់​ថា​ គ្រប់​គ្រឹះស្ថាន​អប់រំ​ទាំងអស់​ ដែល​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ គ្រប់​រាជធានី​ ខេត្ដ​ ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ​ ដល់​បុគ្គលិក​អប់រំ​ គ្រប់​ឋានានុក្រម​ឲ្យ​អនុវត្ដ​តាម​សេចក្ដីណែនាំ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​។​

​កម្ពុជា​នឹង​មានការ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​៦​ នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​នេះ​ ហើយ​ការ​ឃោ​នា​បោះ​ឆ្នោត​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៧​ ដល់​ថ្ងៃ​ទី​២៧​ ផង​ដែរ​។​ ការ​បោះ​ឆ្នោត​លើក​នេះ​ មាន​ ២០​គណបក្ស​ ចូលរួម​ តែ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ បាន​កាន់កាប់​អាសនៈ​ ៥៥​ ក្នុង​រដ្ឋសភា​ មិន​មាន​វត្តមាន​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ ដោយសារ​បក្ស​នេះ​ត្រូវ​បាន​រំលាយ​ក្រោម​ បទ​ចោទ​ក្បត់ជាតិ​៕

Share

Image
Image
Image