en     km
en     km

ក្រសួង​សេដ្ឋកិច្ច​អំពាវនាវ​មន្ត្រី​ក្រោម​ឱវាទ​ទូ​ទាំង​ប្រទេស​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​ពី​ស្ថានភាព​រដ្ឋបាល​ឱ្យបាន​ឆាប់​

Share

ministry-of-economy-and-finance-Logo
ភ្នំពេញ៖ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​មុខងារសាធារណៈ​ បាន​អំពាវនាវ​ដល់​ មន្ត្រី​ក្រោម​ ឱវាទ​ទូ​ទាំង​ ប្រទេស​ប្រញាប់​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នៃ​ការ​ប្រែប្រួល​ពី​ស្ថានភាព​រដ្ឋបាល​ និង​គ្រួសារ​មន្ត្រីរាជការ​ស៊ី​វិល​ឱ្យ​បាន​ឆាប់ៗ​ ដើម្បី​ឱ្យទាន់​ពេល​បើកប្រាក់​បៀវត្ស​សម្រាប់​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​។​
​    ​
​ក្រសួង​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​ប្រាក់បៀវត្ស​មន្ត្រីរាជការ​ បាន​អំពាវនាវ​ឲ្យ​ក្រសួង​ ស្ថាប័ន​ សាលា​រាជធានី​ខេត្ត​ និង​មន្ទីរ​ទាំងអស់​ ប្រញាប់​ដាក់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​ស្ថានភាព​រដ្ឋបាល​ និង​គ្រួសារ​មន្ត្រីរាជការ​ស៊ី​វិល​ ដើម្បី​ឱ្យ​ក្រសួង​មុខងារសាធារណៈ​ មាន​លទ្ធភាព​ពិនិត្យ​ និង​បញ្ចូល​ទិន្នន័យ​ទៅ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​។​

​ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​តាម​រយៈ​ លិខិត​ជូនដំណឹង​របស់​ក្រសួង​មុខងារសាធារណៈ​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​ ២២​ ខែតុលា​ ឆ្នាំ​ ២០១៥​។​ លិខិត​អំពាវនាវ​បញ្ជាក់​ថា​ ស្ថាប័ន​ សាលា​រាជធានី​ ខេត្ត​ មន្ទីរ​ទាំងអស់​ ដែល​មិន​ទាន់​បាន​ផ្ដល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​ ស្ថានភាព​រដ្ឋបាល​ និង​គ្រួសារ​របស់​មន្ត្រីរាជការ​ស៊ី​វិល​ សម្រាប់​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ ឱ្យ​ប្រញាប់​ប្រគល់​ឯកសារ​ពាក់ព័ន្ធ​ឱ្យ​បាន​ឆាប់ៗ​ពោល​គឺ​ យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៥​។​

​លិខិត​ជូនដំណឹង​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ ករណី​ដែល​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​ យឺតយ៉ាវ​ក្នុង​ការ​ផ្តល់​ឯកសារ​មិន​ទាន់​ពេលវេលា​ ក្រសួង​មុខងារសាធារណៈ​ នឹង​ធ្វើការ​បោះពុម្ព​តារាង​ទូទាត់​បៀវត្ស​ និង​អាណត្តិ​បើក​បៀវត្ស​តាម​ខែ​ចាស់​ ដោយ​សន្មត​ថា​ ពុំ​មានការ​ប្រែប្រួល​ឡើយ​។​

លិខិត​ជូនដំណឹង​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ក្រសួង​នឹង​រៀបចំ​បោះពុម្ព​តារាង​ទូទាត់​ប្រាក់បៀវត្ស​ និង​អាណត្តិ​បើក​បៀវត្ស​សម្រាប់​ខែវិច្ឆិកា​ ដល់​មន្ត្រីរាជការ​ស៊ី​វិល​ នៅ​ក្នុង​ស​ប្ដា​ហ៍​ទី​១​ ក្នុង​ខែវិច្ឆិកា​ បន្ទាប់​មក​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ នឹង​ធ្វើការ​ពិនិត្យ​ និង​រៀបចំ​បើកប្រាក់​បៀវត្ស​ ដល់​ក្រសួង​ ស្ថាប័ន​ សាលា​រាជធានី​ ខេត្ត​ មន្ទីរ​ និង​អង្គភាព​ជំនាញ​ នៅ​ក្នុង​ស​ប្ដា​ហ៍​ទី​២​ ក្នុង​ខែវិច្ឆិកា​។​ ហើយ​យ៉ាង​យូរ​ការ​បើកប្រាក់​បៀវត្ស​ជូន​ មន្ត្រីរាជការ​ស៊ី​វិល​ នគរបាល​ជាតិ​ យោធិន​ យឺត​បំផុត​នៅ​ក្នុង​ស​ប្តា​ហ៍​ទី​៣​ ក្នុង​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ ៕​

Share

Image
Image
Image