en     km
en     km

ក្រសួង​វប្បធម៌​ណែនាំ​ដល់​សិល្បករ​ទាំងអស់​ឱ្យ​ប្រកាន់​ភ្ជាប់​ការ​ស្លៀកពាក់​បែប​វប្បធម៌​ខ្មែរ​

Share

ភ្នំពេញ៖  ​ដើម្បី​រួមចំណែក​ដល់​ការ​លើក​ស្ទួយ​វប្បធម៌​ ទំនៀមទម្លាប់​ និង​ប្រពៃណី​ដ៏​ល្អ​ថ្លៃថ្លា​ ដែល​ជា​មរតក​ដូនតា​ខ្មែរ​នោះ​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ សូម​ណែនាំ​ឱ្យ​សិល្បករ​-​សិល្ប​ការិនី​ខ្មែរ​ ប្រកាន់ខ្ជាប់​នូវ​ការ​ស្លៀកពាក់​ណា​ដែល​មិន​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុជីវធម៌​ និង​ទំនៀមទម្លាប់​។​

​សេចក្ដីណែនាំ​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ចុះ​នៅ​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៦​ បានឱ្យ​ដឹង​ថា​ ដោយ​សង្កេត​ឃើញ​នៅ​លើ​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​  និង​នៅ​លើ​ទំព័រ​នៃ​បណ្ដាញ​ព័ត៌មាន​សង្គម​ (Facebook)​ គឺ​មាន​សិល្បករ​ សិល្ប​ការិនី​មួយ​ចំនួន​ កំពុង​ចាប់​យក​វប្បធម៌​បរទេស​មក​ធ្វើ​ជា​វប្បធម៌​របស់​ខ្លួន​ តាម​រយៈ​ការ​ប្រើប្រាស់​សម្លៀក​បំពាក់​ និង​ឥរិយាបថ​ ស្រើបស្រាល​នានា​ ដែល​មាន​លក្ខណៈ​ប្រាក​ចាក​ពី​វប្បធម៌​ សីលធម៌​ និង​ទំនៀមទម្លាប់​ប្រពៃណី​របស់​ជាតិ​ ក្នុង​គោលដៅ​អូស​ទាញ​នូវ​សមានចិត្ត​គាំទ្រ​ពី​ទស្សនិកជន​ ដើម្បី​ភាព​ល្បីល្បាញ​របស់​ខ្លួន​។​

cover-MoCFA

​ដើម្បី​រួមចំណែក​ដល់​ការ​លើក​ស្ទួយ​វប្បធម៌​ ទំនៀមទម្លាប់​ និង​ប្រពៃណី​ ដ៏​ល្អ​ថ្លៃថ្លា​ ដែល​ជា​មរតក​ដូនតា​ខ្មែរ​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ សូម​ធ្វើការ​ណែនាំ​ ដូច​ខាងក្រោម​៖

១.​ សិល្បករ​ សិល្ប​ការិនី​ ទាំងអស់​ សូម​ប្រើប្រាស់​សម្លៀក​បំពាក់​ឱ្យ​បាន​សម​ស្រប​តាម​ទំនៀម​ ទម្លាប់​ប្រពៃណី​របស់​ជាតិ​ មាន​ឥ​រិ​យ​ប​ថ​ប្រកបដោយ​សីលធម៌​ គុណធម៌​ សុជីវធម៌​ ដែល​ជា​ មរតក​ដ៏​ល្អ​ផូ​ផង់​នៃ​ដូនតា​ខ្មែរ​។​

២.​ គ្រប់​បណ្ដាញ​ផ្សព្វផ្សាយ​ទាំងអស់​ សូម​ចូលរួម​ទប់ស្កាត់​ និង​បញ្ឈប់​រាល់​នូវ​ការ​ចាក់​ផ្សាយ​ ទាំងឡាយ​ណា​ដែល​មាន​សកម្មភាព​ ឥរិយាបថ​ និង​ការ​ស្លៀកពាក់​បម្រើ​ដល់​ការ​សម្ដែង​ ដែល​ មាន​ផល​ប៉ះពាល់​ដល់​វប្បធម៌​ ទំនៀមទម្លាប់​ និង​ប្រពៃណី​ល្អ​ផូ​ផង់​របស់​ជាតិ​។​

​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ សង្ឃឹម​ និង​ជឿជាក់​ថា​ គ្រប់​បណ្ដាញ​ផ្សព្វផ្សាយ​ សិល្បករ​-​សិល្ប​ការិនី​ទាំងអស់​ ពិតជា​ចូលរួម​អនុវត្ត​ស្រប​តាម​ខ្លឹមសារ​ នៃ​លិខិត​ណែនាំ​មួយ​នេះ​ ប្រកបដោយ​ស្មារតី​លើកកម្ពស់​តម្លៃ​វប្បធម៌​ ទំនៀមទម្លាប់​ ប្រពៃណី​ ដើម្បី​រក្សា​នូវ​គុណ​តម្លៃ​ផ្ទាល់ៗ​ខ្លួន​ ដែល​ជា​បុគ្គល​សាធារណៈ​ ក៏​ដូច​ជា​ ការ​លើកតម្កើង​នូវ​កិត្យានុភាព​ប្រទេស​ជាតិ​។​

​ការ​ទទូច​របស់​ក្រសួង​វប្បធម៌​ធ្វើ​ឡើង​ ស្រប​ពេល​ប្រជាពលរដ្ឋ​ខ្មែរ​ នឹង​ប្រារ​ព្វ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ នៅ​ខែមេសា​ខាង​មុខ​នេះ​ ហើយ​ពេល​នេះ​ក្រុម​តារា​ និង​សិល្បករ​ជា​ច្រើន​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ថត​បទ​ចម្រៀង​ និង​ថត​ឈុត​ឆាក​រឿង​ខ្លី​ ហើយ​ពួក​គេ​ត្រូវ​មើលឃើញ​ថា​មានការ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​ឆើតឆាយ​៕​

Share

Image
Image
Image