en     km
en     km

ក្រសួង​ព័ត៌មាន​បន្ដ​ផ្សព្វផ្សាយ​ក្រម​ប្រតិបត្ដិ​ស្ដី​ពី​ការ​រាយការណ៍​ករណី​ហិង្សា​លើ​ស្ដ្រី​

Share

​ភ្នំពេញ​ ៖​ ក្រសួង​ព័ត៌មាន​ សហការ​ជាមួយ​ The​ Asia​ Foundation​ នៅ​ថ្ងៃ​ទី​៣០​ វិច្ឆិកា​នេះ​ បាន​រៀបចំ​សិក្ខាសាលា​មួយ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​ជុំវិញ​ ក្រម​ប្រតិបត្ដិ​ស្ដី​ពី​ការ​រាយការណ៍​ករណី​ហិង្សា​លើ​ស្ដ្រី​។​ សិក្ខាសាលា​នេះ​រៀបចំ​ឡើង​រយៈពេល​ពេញ​មួយ​ថ្ងៃ​នៅ​សណ្ឋាគារ​ កា​ប៉ូ​ឌី​យ៉ា​ណា​ រាជធានី​ភ្នំពេញ​។

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

 

លោក​ អ៊ុ​ក​ គឹ​ម​សេង​ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​មាន​ប្រសាសន៍​ថា​ គោលបំណង​នៃ​ការ​សិក្ខាសាលា​នេះ​ គឺ​ចង់​ផ្សព្វផ្សាយ​ឲ្យ​បាន​កាន់តែ​ទូលាយ​ និង​ រម្លឹក​ដល់​អ្នក​អត្ថាធិប្បាយ​ ក៏​ដូច​ជា​អ្នក​សរសេរ​អត្ថបទ​ ជុំវិញ​ហិង្សា​លើ​ស្ដ្រី​ឲ្យ​កាន់តែ​យល់​ថែម​ទៀត​ អំពី​រូបភាព​មួយ​ចំនួន​ដែល​នាំ​ឲ្យ​មាន​ហិង្សា​លើ​ស្ត្រី​។​

​លោក​បន្ដ​ថា​ បើ​ទោះជា​ក្រម​ប្រតិបត្ដិ​ស្ដី​ពី​ការ​រាយការណ៍​ករណី​ហិង្សា​លើ​ស្រី​ ផ្សព្វផ្សាយ​កាលពី​ខែ​ក​ក្ដ​ដា​ កន្លង​ទៅ​នេះ​ក្ដី​ ក៏​ប៉ុន្ដែ​លោក​មើលឃើញ​ថា​ អ្នក​ធ្វើ​អត្ថាធិប្បាយ​មួយ​ចំនួន​ នៅ​តែ​ប្រើប្រាស់​ពាក្យ​សម្ដី​ ដែល​ហាក់ជា​ការ​ចំអក​ និង​លេងសើច​លើ​ស្ដ្រី​ ដែល​រង​គ្រោះ​ដោយ​ហិង្សា​ទៅ​វិញ​។​ ត្រង់​ចំណុច​នេះ​លោក​សង្កត់ធ្ងន់​ថា​ ស្ដ្រី​នឹង​ក្លាយជា​ជន​រង​គ្រោះ​ទ្វេ​ដង​ ដោយ​ការ​រង​ហិង្សា​ម្ដង​ ហើយ​មួយទៀត​ដោយ​ការ​រាយការណ៍​របស់​អ្នក​អត្ថាធិប្បាយ​។​

​លោក​ អ៊ុ​ក​ គឹ​ម​សេង​៖«​ជួនកាល​ពួក​គាត់​ធ្វើ​ទៅ​ហ្នឹង​ ចង់​ជួយ​អ្នក​រង់​គ្រោះ​ តែ​ការ​និយាយ​ ការ​រាយការណ៍​របស់​គាត់​ហ្នឹង​ កាន់តែ​ធ្វើ​ឲ្យ​អ្នក​រង​គ្រោះ​ រង​គ្រោះ​ទ្វេ​ដង​»​។​

​តាម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ វិធានការ​របស់​ក្រសួង​ព័ត៌មាន​ សម្រាប់​អ្នករាយការណ៍​ដែល​ប្រាស់ចាក​ពី​​ក្រម​ប្រតិបត្ដិ​នេះ​ គឺ​ក្រសួង​មាន​ត្រឹម​វិធានការ​អប់រំ​តែ​ប៉ុណ្ណោះ​ ដើម្បី​ឲ្យ​ពួក​គេ​បញ្ឈប់​សកម្មភាព​នោះ​ជា​បន្ដ​ទៀត​។​ ​តែ​យ៉ាងណា​លោក​បញ្ជាក់​ថា​ ក្នុង​ករណី​ដែល​អ្នករាយការណ៍​ព័ត៌មាន​ ខុស​ពី​ការ​ពិត​ គឺ​ជន​រង​គ្រោះ​មាន​សិទ្ធិ​ប្ដឹង​អ្នក​អត្ថា​ធិ​ប​ប្បាយ​ ឬ​អ្នក​សរសេរ​អត្ថបទ​ទៅ​តាម​ផ្លូវច្បាប់​។​ បន្ថែម​លើ​នេះ​លោក​ អ៊ុ​ក​ គឹ​ម​សេង​ សំណូមពរ​ដល់​អ្នក​សរសេរ​អត្ថបទ​ ឬ​អ្នក​អត្ថាធិប្បាយ​ មិន​ត្រូវ​ដាក់​កំហុស​លើ​ស្ដ្រី​បន្ដ​ទៀត​ឡើយ​ ខណៈ​នាង​ត្រូវ​រង​គ្រោះ​ដោយ​ហិង្សា​ ឬ​ក៏​ការ​បង្ខំ​រំលោភ​។​

​លោក​ អ៊ុ​ក​ គឹ​ម​សេង​៖«​អ​ញ្ចឹ​ង​គ្រាន់តែ​ចង់​ឲ្យ​យល់​ថា​ បើ​ហេតុការណ៍​មួយ​កើតឡើង​លើ​ស្ដ្រី​ ក្នុង​ករណី​ណាមួយ​នោះ​ ហើយ​វា​បំពាន​លើ​ច្បាប់​ គឺជា​រឿង​ខុសច្បាប់​ ហើយ​មិនមែន​ដោយសារ​នាង​ដើរ​ម្នាក់ឯង​ ឬ​គាត់​ស្លៀកពាក់​ស៊ិ​ច​ស៊ី​ពេក​ ឬ​ស្អីៗ​ពេក​ ដាច់ខាត​គឺ​អត់​មាន​ទេ​ អ​ញ្ចឹ​ង​ត្រូវ​យល់​កន្លែង​ហ្នឹង​»​។​

​រហូត​មក​ដល់​ពេល​នេះ​ ក្រុម​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ងារ​លើ​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ដ្រី​មើលឃើញ​ថា​ សង្គម​ខ្មែរ​នៅ​តែ​បន្ដ​ដាក់​កំហុស​លើ​ស្ដ្រី​ ក្រោយ​ពេល​មាន​ករណី​ហិង្សា​ ឬ​ករណី​បង្ខំ​រំលោភ​កើតឡើង​។​ នាយិកា​ប្រតិបត្ដិ​អង្គការ​ចំនួន​ពីរ​ ដែល​មាន​ជា​អាទិ៍​លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​អង្គការ​សីល​ការ​ លោកស្រី​ រស់​ សុភាព​ នាយិកា​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ បង្ហាញ​អារម្មណ៍​សោកស្ដាយ​ ដោយសារ​តែ​ពាក្យ​ដៀល​ត្មេះ​លើ​ស្ដ្រី​នៅ​បន្ត​ លាន់ឮ​ ស្ទើរ​គ្រប់ពេល​ក្រោយ​ពេល​ មាន​ករណី​បង្ខំ​រំលោភ​សេពសន្ថវៈ​បាន​កើតឡើង​។​

​នាយិកា​ប្រតិបត្ដិ​អង្គការ​ទាំង​ពីរ​រូប​នេះ​ ស្នើ​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​បញ្ឈប់​ការ​ដាក់​កំហុស​លើ​ស្ដ្រី​រង​គ្រោះ​បន្ដ​ទៀត​ ព្រោះ​ ស្ដ្រី​មិនមែន​ជាដើម​ហេតុ​នាំ​ឲ្យ​បុរស​ចង់​ប្រព្រឹត្ដ​ហិង្សា​លើ​នាង​នោះ​ទេ​។​ តែ​នេះ​គឺជា​អត្ដ​ចរិត​របស់​បុរស​ផ្ទាល់​ដែល​បាន​ចាត់​ទុក​ការ​ប្រមាថ​លើ​ស្ដ្រី​ ដោយ​ការ​ប្រើ​ហិង្សា​ ឬ​ការ​បង្ខំ​រំលោភ​ជា​ការ​លេងសើច​។​

​ក្រម​ប្រតិបត្ដិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រង់​មាត្រា​ ១៤​ និង​មាត្រា​ ១៥​ បាន​ហាមឃាត់​មិន​ឲ្យ​អ្នក​សារព័ត៌មាន​ បោះ​ពុ​ម្ភ​ផ្សព្វផ្សាយ​នូវ​អ្វី​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ប្រពៃណី​ល្អ​របស់​សង្គម​ជាតិ​ ឬ​ផ្សាយ​នូវ​ដំណឹង​ រូបគំនូរ​ ឬ​រូបថត​ ដែល​អាច​ប៉ះពាល់​ដល់​ស្ដ្រី​ ជា​ជន​រង​គ្រោះ​ ឬ​ បង្ក​ការ​រាំងស្ទះ​ដល់​ដំណើរការ​ស៊ើបអង្កេត​របស់​តុលាការ​ឡើង​ បើ​មិន​ដូច្នេះ​ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​ ១​លាន​រៀល​ ដល់​ ៥​លាន​រៀល​៕

Share

Image
Image
Image