en     km
en     km

ក្រសួង​ប្រៃសណីយ៍​ រៀបចំ​កម្មវិធី​ “​ស្ដ្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​”​ ដើម្បី​លើកទឹកចិត្ដ​ស្ដ្រី​ឲ្យ​ចូលរួម​វិស័យ​នេះ​កាន់តែ​ច្រើន

Share

​ភ្នំពេញ​ ៖​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ កាលពី​ថ្ងៃ​ទី​១៥​ ខែ​កម្ភៈ​ បាន​ចេញ​សេចក្ដី​ប្រកាស​បើក​នូវ​កម្មវិធី​មួយ​មានឈ្មោះ​ថា​ “​ស្ដ្រី​កម្ពុជា​ ក្នុង​វិស័យ​បច្ចេកវិទ្យា​”​។​ ប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ បច្ចេកវិទ្យា​ទូរគមនាគមន៍​ និង​ព័ត៌មាន​ របស់​ក្រសួង​ប្រៃសណីយ៍​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កម្មវិធី​នេះ​ មាន​គោលបំណង​លើកទឹកចិត្ដ​ស្ដ្រី​ ឲ្យ​ចូលរួម​កាន់តែ​ច្រើន​ និង​ផុសផុល​ នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​មួយ​នេះ​ សំដៅ​កាត់​បន្ថយ​គម្លាត​រវាង​ស្ដ្រី​ និង​បុរស​ ក្នុង​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា​។​

​លោក​ លៀ​ ស៊ី​ណា​ មាន​សេចក្ដីរាយការណ៍​ ៖​

 

លោកស្រី តាន់ សូដានី ប្រធាននាយកដ្ឋានគោលនយោបាយ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ ប្រភពរូបភាពី Sodany Tan

 

​នេះ​ជា​ព្រឹត្ដិការណ៍​ទី​១​ ក្នុង​ឆ្នាំ​២០១៨​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​រៀបចំ​ឲ្យ​មានកម្ម​វិធី​ “​ស្ដ្រី​កម្ពុជា​ ក្នុង​វិស័យ​បច្ចេកវិទ្យា​”​។​ កម្មវិធី​នេះ​ រៀបចំ​ឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍​ និង​ទួ​រ​គមនាគមន៍​។​ ក្រសួង​ប្រៃសណីយ៍​ បាន​ចាប់ផ្ដើម​ប្រកាស​ រក​បេក្ខភាព​ជា​ស្ដ្រី​ ចាប់ពី​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ រហូត​ដល់​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​ កម្មវិធី​ “​ស្ដ្រី​កម្ពុជា​ ក្នុង​វិស័យ​បច្ចេកវិទ្យា​”​ គឺ​ផ្ដោត​ទៅ​លើ​ប្រធានបទ​ “​ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ដ្រី​ តាម​រយៈ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​”​។​

​លោកស្រី​ តាន់​ សូ​ដា​នី​ ប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ នៃ​ក្រសួង​ប្រៃសណីយ៍​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ នៅ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​នេះ​ ថា​ រហូត​មក​ដល់​ឆ្នាំ​២០១៨​នេះ​ ក្រសួង​សង្កេត​ឃើញ​ថា​ គម្លាត​រវាង​ស្ដ្រី​ និង​បុរស​ ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ​ ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​គ្នា​ខ្លាំង​នៅឡើយ​។​ លោកស្រី​បន្ដ​ថា​ ក្នុង​ស្ថានភាព​ជាក់ស្ដែង​ ក្នុង​ចំណោម​បុគ្គលិក​ ផ្នែក​ទូរគមនាគមន៍​ ២០​នាក់​ មាន​ស្ដ្រី​ យ៉ាងច្រើន​ត្រឹមតែ​ ២​ ឬ​ ៣​នាក់​តែ​ប៉ុណ្ណោះ​។​

​លោកស្រី​ តាន់​ សូ​ដា​នី​ ៖«​តាម​ការ​សង្កេត​ជា​ទូទៅ​ គឺ​នៅ​មាន​ចំនួន​តិច​តូច​នៅឡើយ​។​ ដូច​នៅ​ក្នុង​កន្លែងធ្វើការ​ខ្លះ​ ខាង​ផ្នែក​បច្ចេកវិទ្យា​នេះ​ មាន​ស្ដ្រី​ ២-៣​នាក់​ក្នុង​ចំណោម​បុរស​ ១០-២០​នាក់​។​ អ​ញ្ចឹ​ង​យើង​គិត​មើលទៅ​ ចំពោះ​កន្លែង​រៀនសូត្រ​ក៏​ដូច​គ្នា​ដែរ​ ការ​ចាប់​យក​ជំនាញ​ផ្សេងៗ​យើង​ឃើញ​ថា​ ចំនួន​សិស្ស​ស្រី​ដែល​ចាប់​យក​ជំនាញ​ខាង​បច្ចេកវិទ្យា​នេះ​ គឺ​មាន​ចំនួន​តិច​តូច​មែនទែន​ បើ​ប្រៀបធៀប​ទៅ​និង​បុរស​។​ អ​ញ្ចឹ​ង​ឃើញ​ថា​ ការ​ចូលរួម​របស់​គាត់​ គឺ​មិន​ទាន់​បាន​ផុសផុល​នៅឡើយ​ទេ​»​។​

​ព្រោះតែ​ការ​មើលឃើញ​ ពី​គម្លាត​ឆ្ងាយ​ដាច់​ពី​គ្នា​រវាង​ស្ដ្រី​ និង​បុរស​ដូចនេះ​ ទើប​ក្រសួង​ប្រៃសណីយ៍​ និង​ទួ​រ​គមនាគមន៍​ រៀបចំ​ឲ្យ​មានកម្ម​វិធី​ “​ស្ដ្រី​កម្ពុជា​ ក្នុង​វិស័យ​បច្ចេកវិទ្យា​”​ នេះ​ ដោយ​រំពឹង​ថា​ នឹង​អាច​ចូលរួម​ចំណែក​ ក្នុង​ការ​លើកទឹកចិត្ដ​ស្ដ្រី​ ឲ្យ​ឈោង​ចាប់​ជំនាញ​បច្ចេកវិទ្យា​ និង​ចូលរួម​ចំណែក​ក្នុង​ការ​ពាំនាំ​ និង​កែប្រែ​កម្ពុជា​ ឲ្យ​ក្លាយទៅជា​ប្រទេស​មួយ​ដែល​មាន​សក្ដានុពល​ ហើយ​មានការ​រីក​ចម្រើន​ នៅ​ក្នុង​យុគ្គសម័យ​ឌី​ជី​ថ​ល​នេះ​។​

​លោកស្រី​ តាន់​ សូ​ដា​នី​ បាន​បន្ដ​ទៀត​ថា​ កម្មវិធី​នេះ​ នឹង​ផ្ដល់​ពានរង្វាន់​ជូន​ស្ដ្រី​ឆ្នើម​ ផ្នែក​បច្ចេកវិទ្យា​ចំនួន​ ០៣​ ទី​១​ សហគ្រិន​ឆ្នើម​ ស្ដ្រី​ក្នុង​បច្ចេកវិទ្យា​ (Cambodian​ Woman​ ICT​ Entrepreneur​ Award)​ ទី​២​ វិស្វករ​ស្ដ្រី​ជៅ​គ​ជ័យ​ក្នុង​ជំនាញ​ បច្ចេកវិទ្យា​ គមនាគមន៍​ និង​ព័ត៌មាន​ ប​.​គ​.​ព​ (Cambodian​ Woman​ ICT​ Engineer​ Award)​ និង​ទី​៣​ ស្ដ្រី​ដែល​បាន​ចូលរួម​ជំរុញ​នូវ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការ​អភិវឌ្ឍន៍​ សង្គម​ ឬ​សហគមន៍​ (Cambodian​ Woman​ ICT​ For​ Community​ Award)​។​

​ប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ នៃ​ក្រសួង​ប្រៃសណីយ៍​ បន្ថែម​ទៀត​ថា​ កម្មវិធី​នេះ​ គឺ​បើក​ទូលាយ​សម្រាប់​ស្ដ្រី​គ្រប់​រូប​ បើ​ទោះជា​ពួក​គាត់​មិន​ធ្លាប់​មានបទពិសោធន៍​ ខាង​ការងារ​ទាំង​អស់នេះ​ក្ដី​ ប៉ុន្ដែ​ក្រសួង​ប្រៃសណីយ៍​ ចង់​ឲ្យ​ស្ដ្រី​បាន​ចូលរួម​គ្រប់ៗ​គ្នា​ ដើម្បី​បាន​ទទួល​បាន​បទ​សោធន៍​ និង​ចំណេះដឹង​ពី​ក្រុម​ស្ដ្រី​ជោគជ័យ​ដែល​បង្ហាញខ្លួន​ក្នុង​កម្មវិធី​មួយ​នេះ​។​

​លោកស្រី​ តាន់​ សូ​ដា​នី​ ៖«​កម្មវិធី​នេះ​ ថ្វី​ត្បិត​តែ​ យើង​ជ្រើសរើស​យើង​ច្បាស់​ជា​ជ្រើសរើស​យក​ស្ដ្រី​ឆ្នើម​ជា​គំរូ​ហើយ​ ក៏​ប៉ុន្ដែ​យើង​លើកទឹកចិត្ដ​ឲ្យ​ស្ដ្រី​ផ្សេងៗ​ ទៀត​ចូលរួម​ដែរ​ ពីព្រោះ​នៅ​ពេល​ដែល​គាត់​ចូលរួម​ គាត់​នឹង​បាន​ស្គាល់​គេ​ ស្គាល់​ឯង​ក្នុង​វិស័យ​នេះ​ ពីព្រោះ​ស្ដ្រី​មាន​ចំនួន​តិច​តូច​ណាស់​ ដែល​បាន​ចូលរួម​នៅ​ក្នុង​វិស័យ​នេះ​ ដែល​គាត់​មាន​ជំនាង​ខាង​បច្ចេកវិទ្យា​។​ អ​ញ្ចឹ​ង​នៅ​ពេល​ដែល​គាត់​បាន​ចូលរួម​ ក្នុង​កម្មវិធី​គាត់​អាច​ស្គាល់​គេ​ស្គាល់​ឯង​ច្រើន​ ហើយ​ត្រង់​ចំណុច​ហ្នឹង​ក៏​អាច​ជួយ​ពង្រឹង​ ជំនឿ​របស់​គាត់​ខាង​ផ្នែក​នេះ​ ហើយ​ក៏​បាន​ស្វែង​យល់​បន្ថែម​ពី​និន្នាការ​វិវដ្ដ​ថ្មីៗ​ ខាង​ផ្នែក​បច្ចេកវិទ្យា​នៅ​ពេល​គាត់​បាន​ជួប​ស្ដ្រី​ក្នុង​វិស័យ​នេះ​»​។​

​បច្ចុប្បន្ន​នេះ​ នៅ​ពិភពលោក​មិន​ថា​ ប្រទេស​ណា​នោះ​ទេ​ គឺ​មាន​តម្រូវការ​ចាំបាច់​បំផុត​ចំពោះ​វិស័យ​បច្ចេកវិទ្យា​។​ វិស័យ​បច្ចេកវិទ្យា​គឺជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ការ​អភិវឌ្ឍ​សង្គម​ ឲ្យ​មាន​ភាព​ជឿនលឿន​ស្រប​ទៅ​តាម​យុគ្គសម័យ​ទំនើប​។​ លោកស្រី​ តាន់​ សូ​ដា​នី​ សំណូមពរ​ឲ្យ​ស្ដ្រី​ខ្មែរ​ ចូលរួម​ក្នុង​វិស័យ​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន​ ព្រោះតែ​ស្ដ្រី​ គឺជា​ផ្នែក​ដ៏​សំខាន់​ ដែល​មិន​អាច​ខ្វះ​បាន​ សម្រាប់​វិស័យ​បច្ចេកវិទ្យា​។​

​លោកស្រី​ តាន់​ សូ​ដា​នី​ ៖«​អ​ញ្ចឹ​ង​ហើយ​បាន​ស្នើ​សុំ​ឲ្យ​ស្ដ្រី​ គាត់​ចូលរួម​ឲ្យ​ច្រើន​ ក្នុង​វិស័យ​នេះ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពីព្រោះ​យើង​អត់​ដែល​ឃើញ​មាន​ស្ដ្រី​ចូលរួម​ច្រើន​ទេ​ ហើយ​គាត់​គឺជា​ ផ្នែក​មួយ​ដ៏​សំខាន់​។​ ស្ដ្រី​គឺជា​កម្លាំង​ពលកម្ម​មួយ​ដ៏​សំខាន់​ នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​ ព័ត៌មាន​ ដូច​ជា​បុរស​ដែរ​។​ ពីព្រោះ​លក្ខណៈ​ជាក់ស្ដែង​ បើ​យើង​និយាយ​ពី​លក្ខណៈ​ជាក់ស្ដែង​ បច្ចេកវិទ្យា​ គមនាគមន៍​ ព័ត៌មាន​ គឺជា​វិស័យ​ទាមទារ​ការ​ឆ្នៃ​ប្រឌិត​ប្លែកៗ​ សម្បូរ​បែប​។​ អ​ញ្ចឹ​ង​បើ​យើង​មាន​តែ​បុរស​ គឺ​យើង​មាន​តែ​ការ​ឆ្នៃ​ប្រឌិត​ មួយ​ផ្នែក​ប៉ុណ្ណោះ​។​ យើង​ត្រូវការ​ការ​ចូលរួម​ពី​ស្ដ្រី​ ដើម្បី​ការ​ឆ្នៃ​ប្រឌិត​ប្លែកៗ​ ពី​ខាង​ក្រុម​ស្ដ្រី​ដើម្បី​អភិវឌ្ឍ​វិស័យ​នេះ​ ឲ្យ​កាន់តែ​មាន​ភាព​សម្បូរ​បែប​តទៅ​មុខ​ទៀត​»​។​

​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ នឹង​ចាប់ផ្ដើម​វាយតម្លៃ​ លើ​ស្ដ្រី​ដែល​បាន​ដាក់​ពាក្យ​ ក្នុង​កម្ម​វី​ធី​នេះ​នៅ​ដើមខែ​មីនា​ ឆ្នាំ​២០១៨​ ហើយ​លទ្ធផល​សម្រាប់​ម្ចាស់​ជ័លា​ភី​ស្ដ្រី​ឆ្នើម​ទាំង​ ០៣​រូប​ នឹង​ត្រូវ​ប្រកាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​០៧​ ខែមីនា​ ឆ្នាំ​២០១៨​ ហើយ​ពួក​គេ​នឹង​ទទួល​បាន​រង្វាន់​ជា​ផ្លូវការ​ពី​ក្រសួង​ប្រៃសណីយ៍​ និង​ទួ​រ​គមនាគមន៍​៕

Share

Image
Image
Image