en     km
en     km

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ប្រកាស​ថា​ សីតុណ្ហភាព​ខែមីនា​ កើនឡើង​កម្តៅ​ខ្ពស់​ជាង​ខែ​ កុម្ភៈ​ ២ ទៅ ៣​ អង្សា​សេ​

Share

ភ្នំពេញ៖  ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​ នៅ​ដើមខែ​មីនា​នេះ​ សីតុណ្ហភាព​អតិបរមា​ នឹង​មានការ​កើនឡើង​កម្ពស់​ខ្ពស់​ជាង​ខែកុម្ភៈ​ពី​ ២ ទៅ​ ៣​ អង្សា​សេ​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចុះ​ ថ្ងៃ​ទី​២៩​ ខែកុម្ភៈ​ ។​

MWRM's-weather-forecast-on-29.2.16បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​បញ្ជាក់​ថា​៖​ «​សីតុណ្ហភាព​អតិបរមា​អាច​ ចាប់ពី​ ៣៥​ ទៅ​ ៣៧​ អង្សា​សេ​ នៅ​តំបន់​ទំនាប​កណ្តាល​ និង​តំបន់​ខ្ពង់រាប​ ហើយ​តំបន់​ទាំង​ពីរ​នេះ​ពុំ​មាន​ភ្លៀង​កក់ខែ​នោះ​ទេ​។​ ប៉ុន្ដែ​នៅ​តំបន់​មាត់សមុទ្រ​វិញ​ អាច​មាន​ភ្លៀង​កក់ខែ​ខ្លះៗ​ ចាប់ពី​ថ្ងៃ​ទី​០៤​ ដល់​ថ្ងៃ​ទី​០៧​ ខែមីនា​ ឆ្នាំ​២០១៦​ ចំណែក​សីតុណ្ហភាព​អតិបរមា​មាន​ ៣៣​ ទៅ​ ៣៥​ អង្សា​សេ​»​។​

លោក​ ចាន់​ យុ​ត្ថា​ អ្នក​នាំ​ព​ក្យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ អង្គារ​ នេះ​ថា​ ចាប់ពី​ដើមខែ​មីនា​នេះ​តទៅ​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ និង​ធ្វើការ​ផ្សាយដំណឹង​ផ្សេងៗ​ទាក់ទង​ជាមួយ​ការ​ព្យាករណ៍​អាកាសធាតុ​រៀង​រាល់​មួ​យស​ប្ដា​ហ៍​ម្ដង​ ដើម្បី​ឱ្យ​ពលរដ្ឋ​ទទួល​បាន​ដំណឹង​ទាន់​ពេលវេលា​។​

លោក​ ចាន់​ យុ​ត្ថា​ បន្ថែម​ថា​៖​ «​ អាកាសធាតុ​នឹង​ចាប់ផ្ដើម​ក្ដៅ​ពី​ពេល​នេះ​តទៅ​ ហើយ​ក្នុង​កំលុង​ខែមេសា​ ពេញ​មួយ​ខែ​តែ​ម្ដង​ កម្ដៅ​នឹង​កើនឡើង​ដែល​តំបន់​ខ្លះ​អាច​ឈាន​ដល់​៤០​ ទៅ​ ៤២​អង្សា​សេ​»​។​

​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​រូប​នេះ​បន្ដ​ថា​៖​ «​ ដោយសារ​សម្រាប់​ឆ្នាំ​២០១៦​ នេះ​ កម្ពុជា​នឹង​ជួប​ប្រទះ​នូវ​បាតុភូត​រាំង​ស្ងួត​រយៈពេល​យូរ​ដល់​ទៅ​ជាង​ ៧​ ខែ​ ហើយ​ក្នុង​រដូវវស្សា​ក៏​និង​មានការ​រាំង​ស្ងូ​ត​រយៈពេល​ខ្លី​ផង​ដែរ​ ដូច្នេះ​ហើយ​ក្រសួង​ក៏​សុំ​ធ្វើការ​អំពាវនាវ​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​ប្រើប្រាស់​ទឹក​ធ្វើ​យ៉ាងណា​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ ដើម្បី​ចៀសវាង​ការ​ខ្វះ​ទឹក​ប្រើប្រាស់​»៕

Share

Image
Image
Image