en     km
en     km

ក្រសួង​ដែនដី​សន្យា​ដោះស្រាយ​ជម្លោះដីធ្លី​ប្រជាពលរដ្ឋ​នៅ​ឃុំ​២​ធ្នូ​ស្រុក​ស្នួល​

Share

ភ្នំពេញ​៖​ រដ្ឋមន្ត្រីក្រសួង​ដែនដី​សន្យា​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​ដល់​អ្នក​ភូមិ​រស់នៅ​ក្នុង​ឃុំ​ ២​ ធ្នូ​ ស្រុក​ស្នួល​ខេត្តក្រចេះ​ ដែលមានជម្លោះជាមួយក្រុមហ៊ុនចម្ការកៅស៊ូ​មេ​មុត​រំលោភ​យក​ដោយ​ឈួ​ស​ឆាយបំភ្លេច​បំផ្លាញ​​ដំណាំ ​និង​ដុត​ផ្ទះ​ជា​ច្រើន​ខ្នង​។​

លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

លោក តូច ដុល តំណាងឱ្យអ្នកភូមិមានជម្លោះដីធ្លី ថា លោករដ្ឋមន្រ្តីក្រសួងដែនដី យល់ព្រមតាមសំណើររបស់អ្នកភូមិស្នើសុំដីផ្ទះទំហំ ២០ ម៉ែត្រ គុណនឹង ៥០ម៉ែត្រ និង ដីចម្ការ ២ហិចតាកន្លះ។ រូបភាព៖ ធូ វិរៈ

​អ្នក​ភូមិ​រស់នៅ​ក្នុង​ឃុំ​ ២​ ធ្នូ​ ស្រុក​ស្នួល​ ខេត្តក្រចេះ​ ជាង​ ៣០០​នាក់​ តំណាង​ឱ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ជាង​ ១៦០០​ គ្រួសារ​ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​កៅស៊ូ​មេ​មុត​ ឡើង​មក​រាជធានី​ភ្នំពេញ​ជា​ថ្មី​ ដើម្បី​ស្នើ​សុំ​ឱ្យ​លោក​រដ្ឋមន្ត្រីក្រសួង​ដែន​ជួយ​ដោះស្រាយ​។​

​ក្រោយ​ជំនួប​ជាមួយ លោក​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រីក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង​ លោក​ តូច​ ដុល​ តំណាង​ឱ្យ​អ្នក​ភូមិ​មាន​ជម្លោះដីធ្លី​ មាន​ប្រសាសន៍​ថា​ លោក​រដ្ឋមន្ត្រី​យល់ព្រម​តាម​សំណើរ​របស់​អ្នក​ភូមិ​ស្នើ​សុំ​ដី​ផ្ទះ​ទំហំ​ ២០​ ម៉ែត្រ​ គុណ​នឹង​ ៥០​ម៉ែត្រ​ និង​ ដីចម្ការ​ ២​ហិច​តា​កន្លះ​។​

​លោក​ តូច​ ដុល​ បន្ថែម​ថា​ លោក​រដ្ឋមន្ត្រី​សន្យា​បញ្ជូន​ក្រុមការងារ​របស់​ក្រសួង​ដែនដី​ពី​ភ្នំពេញ​ ទៅ​វាស់វែង​ក្បាល់ដី​ជូន​ប្រជាពលរដ្ឋ​នៅ​ស្អែក​។​ ប៉ុន្តែ​លោក​មន្ត្រី​ស្នើ​ឱ្យ​អ្នក​ភូមិ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ពី​ខាងក្រៅ​កុំឱ្យ​ចូល​ទៅ​កាន់កាប់​ដី​កំពុង​មាន​ជម្លោះ​នោះ​។​

​លោក​ តូច​ ដុល​៖ «​ពេល​ឯកឧត្តម​ជា​ សុ​ផា​រ៉ា​ គាត់​បាន​សន្យា​ថា​នឹង​ចុះ​ចែក​ជូន​ពួ​គគាត់​ ហើយ​គាត់​នឹង​ចុះ​ទៅ​ផ្ទាល់​ទៀត​ ទៅ​ចែក​ដី​នៅ​នឹង​កន្លែង​ ដល់​អ​ញ្ចឹ​ង​ខ្ញុំ​មាន​អារម្មណ៍​ថា​ កក់ក្តៅ​អស់ចិត្ត​ហើយ​»​។​

លោក​ ដុល​ រំលឹក​ថា​ ក្រោយ​មានការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​កាលពី​ថ្ងៃ​ទី​ ៨​ មីនា​ ឆ្នាំ​ ២០១៨​មក​ លោក​អភិបាលខេត្ត​បាន​ចុះ​ទៅ​វាស់វែង​ក្បាលដី​ដោយ​ទទួលស្គាល់​ប្រជាពលរដ្ឋ​ទាំងនោះ​ជា​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី​ ហើយ​លោក​អភិបាលខេត្ត​សន្យា​ថា​នឹង​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នៅ​ក្នុង​ឃុំ​ ២​ ធ្នូ​ ។​ ប៉ុន្តែ​តំណាង​ពលរដ្ឋ​រូប​នេះ​ អះអាង​ថា​ លោក​អភិបាលខេត្ត​ពុំ​បាន​គោរព​តាម​សន្យា​នោះ​ទេ​ ជា​ហេតុ​នាំ​ឱ្យ​ប្រជាពលរដ្ឋ​ឡើង​មក​ភ្នំពេញ​។​

​លោក​ ដុល​ បញ្ជាក់​ថា​ ​ ប្រជា​ពល​រង​ផល​ប៉ះពាល់​ដីចំការ​ម្នាក់​ពី​ ៣​ ទៅ​ ៤​ ហិច​តា​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ចំនួន​ ១៦២៥​ គ្រួសារ​ មក​ពី​ស្រុក​ស្នួល​ ខេត្តក្រចេះ​។​

អ្នកស្រី ចាន់ ស្រីស្រស់ អ្នកមានជម្លោះដីធ្លីមួយរូបមានប្រសាសន័ថា អ្នកស្រីមានដីចំការចំនួនបីហិចតាត្រូវបានក្រុមហ៊ុនមេមុតរំលោភយក ស្នុើសុំុឱ្យសម្តេច ហ៊ុន សែន ជួយអន្តរាគមន៍បញ្ហាដីធ្លី នៅក្នុងឃុំ២ធ្នូ។ រូបភាព៖ ធូ វិរៈ

​អ្នកស្រី​ ចាន់​ ស្រី​ស្រស់​ អ្នកមាន​ជម្លោះដីធ្លី​មួយ​រូប​មាន​ប្រសា​ស​ន័​ថា​ អ្នកស្រី​មាន​ដីចំការ​ចំនួន​បី​ហិច​តា​ត្រូវ​បាន​ក្រុមហ៊ុនមេ​មុត​រំលោភ​យក​។​ ប៉ុន្តែ​អ្នកស្រី​ និង​អ្នក​ភូមិ​ផ្សេង​ទៀត​បាន​ព្រមព្រៀង​គ្នា​ថាបើ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដី​នោះ​ អ្នក​ភូមិ​ទាំងអស់​នឹង​ស្នើ​សុំ​ដី​ភូមិ​សម្រាប់​សងផ្ទះ​២០​ គុណ​ ៥០​ ម៉ែត្រ​ និង​ដីចំការ​២​ហិច​តា​កន្លះ​ក្នុង​មួយ​គ្រួសារ​។​

​អ្នកស្រី​ ចាន់​ ស្រី​ស្រស់​៖​ «​មេតា​សូម​ឱ្យ​សម្តេច​ជួយ​ ជួយ​ខ្ញុំ​ផង​ លោកឳពុក​ ជួយ​កូន​ផង​ កូន​អត់​មាន​អ្វី​ទេ​ រាលថ្ងៃ​កូន​រំពឹង​តែ​លោកឳពុក​ បើ​លោក​ឳ​មេត្តា​ឱ្យ​កូន​នឹង​ដឹងគុណ​លោកឳពុក​រហូត​ ព្រោះ​កូន​អត់​មាន​ទេ​ កូន​ក្រ​អត់​មាន​ទេ​ មាន​តែ​ដី​ប៉ុណ្ណឹង​ទេ​ បើ​ក្រុមហ៊ុន​យក​អស់ហើយ​ខ្ញុំ​អត់​មាន​អ្វី​ដាំ​ដំណាំ​ទេ​អូន​»​។​

​កាលពី​ថ្ងៃ​ទី​ ៨​ មីនា​ ឆ្នាំ​ ២០១៨​ អ្នក​ភូមិ​រង​គ្រោះ​ដីធ្លី​តវ៉ា​បិទផ្លូវ​ជាតិ​លេខ​ ៧៦​ A​ នាំ​ឱ្យ​មានការ​ប៉ះទង្គិច​ដោយ​ហិង្សា​ ហើយ​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​កាំភ្លើង​ ដើម្បី​ការពារ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចុះ​ទៅ​ឈួ​ស​ឆាយ​ដំណាំ​និង​ផ្ទះសម្បែង​របស់​អ្នក​ភូមិ​។​ ការ​ប៉ះទង្គិច​ដោយ​ហិង្សា​នាំ​ឱ្យ​ប្រជាពលរដ្ឋ​រង​របួស​ជា​ច្រើន​នាក់​។​

​ក្រោយ​លោក​រដ្ឋមន្ត្រី​សន្យា​ដោះស្រាយ​ដីធ្លី​ អ្នក​ភូមិ​មាន​ជម្លោះដីធ្លី​ដែល​មក​ស្នាក់​នៅ​វត្ត​សាមគ្គី​រង្សី​ សម្រេច​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​ភ្លាមៗ​។​

​ជាមួយ​គ្នា​នេះ​ ក្រសួង​ដែនដី​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ ប្រជាពលរដ្ឋ​ទាំងនោះ​ទទួល​ថា​បាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដែល​បាន​ផ្តល់​សិទ្ធ​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុនចម្ការកៅស៊ូ​មេ​មុត​ ព្រោះ​ប្រជាពលរដ្ឋ​ខ្វះ​ដី​បង្កបង្កើន​ផល​។​ ក្រសួង​ដែនដី​បញ្ជាក់​ថា​ អ្នក​ភូមិ​យល់ព្រម​ទទួលយក​ដី​តាម​ទំហំ​ និង​ទីកន្លែង​តាម​ការ​កំណត់​របស់​អាជ្ញាធរ​ខេត្តក្រចេះ​៕​

Share

Image
Image
Image