en     km
en     km

ក្រសួងសុខាភិបាល​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ “​ពុល​ស្រា​”

Share

​ភ្នំពេញ​ ៖​ មន្ដ្រី​នាំពាក្យ​ នៃ​ក្រសួងសុខាភិបាល​ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​នេះ​ ដោយ​អំពាវនាវ​ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ឲ្យ​ប្រុង​ប្រយ័ត្ន​ករណី​ពុល​ស្រា​ ខណៈ​ទើបតែ​មាន​ប្រជាពលរដ្ឋ​ចំនួន​ ០៩​នាក់​ បាន​ស្លាប់​ព្រោះ​ពុល​ស្រា​ ស​ នៅ​ខេត្ដក្រចេះ​ និង​ខេត្ដកំពត​។​

​លោក​ លី​ សូ​វ៉ា​ន់​ មន្ដ្រី​នាំពាក្យ​ នៃ​ក្រសួង​ខា​ភិ​បាល​ មាន​ប្រសាសន៍​ថា​ យោង​តាម​ទិន្នន័យ​ការ​ពុល​ស្រា​ នា​ពេល​កន្លង​មក​ បញ្ហា​នៃ​ការ​ពុល​ស្រា​ នេះ​នៅ​តែ​ជា​បញ្ហា​ដែល​ប៉ះពាល់​ដល់​សុខភាព​ និង​អាយុជីវិត​ របស់​ប្រជាពលរដ្ឋ​។​ លោក​បន្ដ​ថា​ ក្នុង​ឆ្នាំ​២០១៥​ ករណី​ពុល​ស្រា​មាន​ចំនួន​ ២៨៤​ករណី​ ក្នុង​នោះ​ស្លាប់​ចំនួន​ ៣៣​នាក់​ ដែល​មាន​កើតឡើង​នៅ​ក្នុង​ខេត្ដ​ចំនួន​ ៣​ រួម​មាន​ ខេត្ដ​ ត្បូងឃ្មុំ​ ក្រចេះ​ និង​ខេត្ដមណ្ឌលគិរី​។​ ចំណែក​ឆ្នាំ​ ២០១៦​ ករណី​ពុល​ស្រា​បាន​កើតឡើង​ចំនួន​ ៩២​ករណី​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ ១៥​នាក់​ កើតឡើង​នៅ​ខេត្ដកំពង់ឆ្នាំង​។​

​ដោយឡែក​ក្នុង​ឆ្នាំ​ ២០១៧​ ករណី​ពូ​ល​ស្រា​ បាន​កើតឡើង​ចំនួន​ ១៣​ករណី​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ០២​នាក់​ ស្ថិត​ក្នុង​ខេត្ដមណ្ឌលគិរី​។​ បន្ថែម​ពី​នេះ​លោក​ លី​ សូ​វ៉ា​ន់​ បញ្ជាក់​ថា​ សម្រាប់​ឆ្នាំ​២០១៨​នេះ​ មាន​ករណី​ពូ​ល​ស្រា​ បាន​កើតឡើង​ចំនួន​ ២០៣​ករណី​ ហើយ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៩​នាក់​ ស្ថិត​ក្នុង​ខេត្ដក្រចេះ​ និង​ខេត្ដកំពត​។​

​តាម​រយៈ​ការ​អំពាវនាវ​នេះ​ លោក​ លី​ សូ​វ៉ា​ន់​ ក្នុង​នាម​ក្រសួងសុខាភិបាល​ លោក​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ក្នុង​ការ​ទិញ​ស្រា​ ស​ ទៅ​ផឹក​។​ លោក​ថា​ បើ​ក្នុង​ករណី​ត្រូវការ​ស្រា​ ជា​ចាំបាច់​ សូម​ទិញ​ស្រា​ ឬ​ស្រា​ ស​ ណា​ដែល​មាន​ប្រភព​ច្បាស់លាស់​ និង​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ដ្រី​ជំនាញ​។​ តែ​យ៉ាងណា​លោក​សង្កត់ធ្ងន់​ថា​ ពលរដ្ឋ​មិន​គួរ​ផឹកស្រា​ច្រើន​ពេក​នោះ​ទេ​ ព្រោះ​វា​មាន​គ្រោះថ្នាក់​ដល់​សុខភាព​។​ ការ​អំពាវនាវ​របស់​ក្រសួងសុខាភិបាល​នេះ​ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​តែ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ដែល​ជា​ព្រះរាជ​ពិធីបុណ្យ​ប្រពៃណី​ជាតិ​។​

​លោក​វេជ្ជបណ្ឌិត​ ឈ្នាង​ សុ​វុ​ត្ថា​ ប្រធាន​មន្ទីរ​សុខាភិបាល​ ខេត្ដក្រចេះ​ មាន​ប្រសាសន៍​ថា​ ស្រា​គ្រប់​ប្រភេទ​ គឺ​សុទ្ធតែ​បង្ក​គ្រោះថ្នាក់​សុខភាព​មនុស្ស​ គ្រាន់តែ​ប្រភេទ​ស្រា​ខ្លះ​បង្ហាញ​ឥទ្ធិពល​ភ្លាមៗ​ និង​ស្រា​ប្រភេទ​ខ្លះ​ទៀត​ បង្ហាញ​ឥទ្ធិពល​ក្នុង​រយៈពេល​យូរ​។​ ក៏​ប៉ុន្ដែ​ជា​រួម​ស្រា​ គឺជា​ប្រភេទ​គ្រឿង​ស្រវឹង​ ដែល​មិន​បាន​ជួយ​អ្វី​ដល់​សុខភាព​មនុស្ស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ មាន​តែ​បំផ្លាញ​សុខភាព​ប៉ុណ្ណោះ​៕

Share

Image
Image
Image