en     km
en     km

ក្រសួងសុខាភិបាល​ នឹង​ខិតខំ​បន្ដ​រក្សា​អត្រា​ការ​គ្មាន​ពលរដ្ឋ​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​

Share

​ភ្នំពេញ​ ៖​ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​ នឹង​ខិតខំ​បន្ដ​រក្សា​ការ​គ្មាន​ពលរដ្ឋ​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​ ហើយនឹង​កាត់​បន្ថយ​ឲ្យ​បាន​នូវ​ជំងឺគ្រុនចាញ់​គ្រប់​ប្រភេទ​នៅ​ត្រឹម​ឆ្នាំ​២០២៥​ ខណៈ​រយៈពេល​ ១១​ខែ​ឆ្នាំ​២០១៨​នេះ​ គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​តែ​ជំងឺគ្រុនចាញ់​នោះ​ទេ​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ កាលពី​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ក្នុង​កិច្ចប្រជុំ​ប្រឹក្សា​យោបល់​ លើ​វឌ្ឍនភាព​ការងារ​ របស់​ក្រុមការងារ​ ពិសេស​ថ្នាក់​ខេត្ដ​ សំដៅ​លុប​បំបាត់​ជំងឺគ្រុនចាញ់​ និង​យុទ្ធសាស្ដ្រ​លុប​បំបាត់​ជំងឺគ្រុនចាញ់​ បញ្ជាក់​ថា​ រយៈពេល​ ១១​ខែ​ឆ្នាំ​២០១៨​នេះ​ គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ករណី​ជំងឺគ្រុនចាញ់​ឡើយ​ ហើយ​ក្រសួង​នឹង​ខិតខំ​រក្សា​ឲ្យ​បានការ​គ្មាន​ពលរដ្ឋ​ស្លាប់​ករណី​ជំងឺគ្រុនចាញ់​។​

​លោក​ ម៉​ម​ ប៊ុ​ន​ហេង​ បាន​បញ្ជាក់​ក្នុង​ពិធី​នោះ​ថា​ ក្នុង​ឆ្នាំ​២០១៨​នេះ​ ក្រសួង​បាន​ចែក​មុង​ជ្រលក់​ថ្នាំ​ ប្រមាណ​ ៣​លាន​មុង​ដល់​ប្រជាពលរដ្ឋ​ ដែល​ងាយ​រង​គ្រោះ​ព្រោះ​ជំងឺគ្រុនចាញ់​។​ ពិសេស​ដល់​ប្រជាពលរដ្ឋ​ចំណាកស្រុក​ រស់នៅ​តាម​តំបន់​ព្រៃ​ភ្នំ​ ហើយ​តែងតែ​ចេញចូល​ក្នុង​ព្រៃ​ ឬ​ក៏​សម្រាក​នៅ​ក្នុង​ព្រៃ​ញឹកញាប់​។​ ជាង​នេះ​រដ្ឋមន្ដ្រី​សំណូមពរ​ថា​ សុំ​ឲ្យ​ពលរដ្ឋ​ដែល​ទទួល​បាន​មុង​ជ្រលក់​ថ្នាំ​ហើយ​ សូម​ប្រើប្រាស់​ដើម្បី​បង្ការ​កុំ​ឲ្យ​មូស​ដែល​គោល​ញី​ខាំ​ ៖«​ដូច្នេះ​សូម​ឲ្យ​កាត់​ប្រើប្រាស់​ ធ្វើ​ម៉េច​កុំ​យក​ទៅ​ទុក​។​ ជូន​កាល​គាត់​បាន​ហើយ​គាត់​អត់​ប្រើប្រាស់​ហ្នឹង​ក៏​អត់​ប្រយោជន៍​ដែរ​យើង​ខាត​ទាំង​មុង​ខាត​ទាំង​ពេលវេលា​លុយកាក់​ ហើយ​ពលរដ្ឋ​ខ្លួន​គាត់​ផ្ទាល់​ក៏​ខាត​ដែរ​ព្រោះ​កាត់​ឈឺ​។​ ដូច្នេះ​សូម​ឲ្យ​ប្រើប្រាស់​មុង​ឲ្យ​បាន​ត្រឹមត្រូវ​»​។​

​បន្ថែម​ពី​នេះ​លោក​រដ្ឋមន្ដ្រី​សង្កត់ធ្ងន់​ថា​ ចំពោះ​ដែល​អ្នក​ចេញចូល​ក្នុង​ព្រៃ​ញឹកញាប់​ ប្រសិនបើ​សម្រាក​ក្នុង​មុង​ជ្រលក់​ថ្នាំ​បាន​ត្រឹមត្រូវ​ហើយ​ ប៉ុន្ដែ​មាន​អាការ​ជំងឺ​គ្រុនក្ដៅ​ បែកញើស​ ត្រូវ​ប្រញាប់​ទៅ​ពេទ្យ​ភ្លាម​ ដើម្បី​ធ្វើតេស្ដ​ឈាម​ ឲ្យ​ប្រាកដ​ថា​ តើ​កើត​ជំងឺគ្រុនចាញ់​ដែរ​ឬទេ​។​ ជាង​នេះ​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​ គឺ​មាន​គោលដៅ​លុប​បំបាត់​ឲ្យ​បាន​នូវ​ជំងឺគ្រុនចាញ់​ប្រភេទ​ហ្វា​ស៊ី​ប៉ា​រ៉ុ​ម​ នៅ​ឆ្នាំ​ខាង​មុខ​ ហើយនឹង​កាត់​បន្ថយ​ឲ្យ​បាន​នូវ​ជំងឺគ្រុនចាញ់​គ្រប់​ប្រភេទ​ត្រឹម​ឆ្នាំ​២០២៥​។​

​យោង​តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ បា​រ៉ា​ស៊ី​ត​សាស្ដ្រ​ និង​បាណក​សាស្ដ្រ​ នៃ​ក្រសួងសុខាភិបាល​ ដែល​បាន​ប្រាប់​ទៅ​សារព័ត៌មាន​ Freshnews​ បញ្ជាក់​ថា​ គិត​ពី​ខែមករា​ ដល់​ខែវិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​ មាន​ពលរដ្ឋ​កើត​ជំងឺគ្រុនចាញ់​ចំនួន​ ៣​ម៉ឺន​ករណី​ ក្នុង​នោះ​ករណី​ធ្ងន់ធ្ងរ​មាន​ ១​ម៉ឺន​ករណី​ ក៏​ប៉ុន្ដែ​គ្មាន​ពលរដ្ឋ​ស្លាប់​នោះ​ទេ​។​

​លោក​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ ធ្លាប់​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ប្រជាពលរដ្ឋ​ដែល​កើត​ជំងឺគ្រុនចាញ់​នេះ​ ភាគច្រើន​បំផុត​ គឺជា​បុរស​ ដែល​ជា​អ្នក​រស់នៅ​តាម​តំបន់​ព្រៃ​ភ្នំ​ ពិសេស​នៅ​តាម​តំបន់​ព្រំដែន​ និង​អ្នក​ដែល​ឆ្លង​ដែន​ទៅ​ក្រៅប្រទេស​ដោយ​លួចលាក់​។​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ នឹង​ជំងឺគ្រុនចាញ់​ បន្ដ​ថា​ មូលហេតុ​ដែល​នាំ​ប្រជាពលរដ្ឋ​ នៅ​តែ​មានការ​កើត​ជំងឺគ្រុនចាញ់​ ពីព្រោះ​តែ​ភាគច្រើន​ ពួក​គេ​នៅ​តែ​មានការ​ធ្វេស​ប្រ​ហេ​ស​ ខណៈ​ចេញដំណើរ​ទៅ​រកស៊ី​ទៅ​ក្នុង​ព្រៃ​ នៅ​តំបន់​ព្រំដែន​ ឬ​ក៏​តំបន់​ដែល​សម្បូរ​ព្រៃ​ក្រាស់​ ៖«​អ​ញ្ចឹ​ង​ត្រង់​ចំណុច​នេះ​ សំខាន់​គឺ​បុគ្គល​ខ្លួនឯង​ គឺ​គាត់​ត្រូវ​តែ​ស្វែង​យល់​ថា​ គាត់​ប្រកប​រប​រកស៊ី​រក​ចុះ​ ប៉ុន្ដែ​ប្រកប​ រប​រកស៊ី​នៅ​តំបន់​ណា​គ្រុនចាញ់​នោះ​ យើង​ត្រូវ​ចេះ​ដឹង​វិធី​ការពារ​ ហើយ​មិនមែន​ថា​ គ្រាន់តែ​ដឹង​ទេ​ គឺ​ត្រូវ​តែ​អនុវត្ដ​ផង​ បើ​ដឹង​ហើយ​អត់​អនុវត្ដ​ក៏​អត់​កើត​ដែរ​»​។​

​ជំងឺគ្រុនចាញ់​ នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​អាការ​ក្ដៅខ្លួន​ ហើយ​ញាក់​ មាន​បែកញើស​ និង​អស់កម្លាំង​ល្ហិតល្ហៃ​។​ មនុស្ស​ដែល​កើត​ជំងឺគ្រុនចាញ់​ នឹង​បង្ហាញ​អាការ​បែប​នេះ​ នៅ​ថ្ងៃ​បន្ទាប់​ តាម​ម៉ោង​ដដែល​ នឹង​ពេលវេលា​ដដែល​។​ លោក​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​ គួរ​កុំ​បណ្ដោយ​ឲ្យ​អ្នកជំងឺ​បង្ហាញ​រោគ​សញ្ញា​បែប​នេះ​ ទើប​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។​ លោក​ថា​ យក​ល្អ​ ត្រឹមតែ​មាន​អាការ​ក្ដៅខ្លួន​ ហើយ​ធ្លាប់​មាន​ប្រវត្ដិ​បាន​ចេញចូល​ក្នុង​ព្រៃ​ ក្នុង​តំបន់​ដែល​ធ្លាប់​មាន​ជំងឺគ្រុនចាញ់​ ពលរដ្ឋ​គ្រប់​រូប​ ត្រូវ​រូតរះ​នាំ​អ្នកជំងឺ​ទៅ​ពិគ្រោះ​ជាមួយ​ក្រុម​គ្រួ​ពេទ្យ​ ឬ​អ្នក​ស្ម័គ្រចិត្ដ​ភូមិ​ ឲ្យ​បាន​លឿន​បំផុត​។​

​ការ​ផ្ដល់​សេវា​ព្យាបាល​ជំងឺគ្រុនចាញ់​មាននៅ​គ្រប់​មណ្ឌល​សុខភាព​រដ្ឋ​ទាំងអស់​ គឺ​មិន​ត្រូវ​បាន​គិតថ្លៃ​សេវា​នោះ​ទេ​។​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ សង្កត់ធ្ងន់​ថា​ ប្រជាពលរដ្ឋ​មិន​ត្រូវ​ទៅ​ផ្សាំ​ថ្នាំ​ដើម្បី​ព្យាបាល​ជំងឺគ្រុនចាញ់​តាម​កន្លែង​លក់​ថ្នាំពេទ្យ​ឯកជន​នានា​នោះ​ទេ​ ព្រោះថ្នាំ​ព្យាបាល​ជំងឺគ្រុនចាញ់​នេះ​ មាន​តែ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ ឬ​ក៏​មន្ទីរពេទ្យ​ឯក​ដែល​មានការ​អនុញ្ញាត​តែ​ប៉ុណ្ណោះ​ ៖«​ក្នុង​ករណី​ដែល​គិត​ថា​ មាន​ក្ដៅខ្លួន​អី​ហើយ​ សូមកុំ​ព្យាយាម​ដើរ​រក​ទិញ​ថ្នាំ​ ឲ្យ​គេ​ផ្សំ​ថ្នាំ​ឲ្យ​លេប​ផ្ដេសផ្ដាស់​គឺ​គ្រោះថ្នាក់​ណាស់​ ថ្នាំ​គ្រុនចាញ់​មិន​មាន​លក់​លើ​ទីផ្សារ​ទេ​ គឺ​យើង​មាននៅ​តាម​ប៉ុស្ដិ៍​យើង​ផ្ដល់​សេវា​ថែទាំ​សុខភាព​ឯកជន​ យើង​មាន​ដាក់​នៅ​គ្រប់កន្លែង​ទាំង​អស់ហើយ​ Free​ មិន​មាន​លក់ដូរ​ទេ​»​។​

​ជំងឺគ្រុនចាញ់​ មិនមែន​ជា​ជំងឺឆ្លង​នោះ​ទេ​ ប៉ុន្ដែ​វា​ជា​ជំងឺ​ដែល​កើតឡើង​ដោយសារ​មូស​ដេក​គោល​ញី​ខាំ​។​ ជំងឺ​នេះ​អាច​កើត​ទៅ​លើ​មនុស្ស​គ្រប់​វ័យ​ មនុស្ស​ដែល​ត្រូវ​មូស​ដែល​គោល​ញី​ខាំ​ នឹង​បង្ហាញ​រោគ​សញ្ញា​ក្នុង​រង្វង់​ពី​ ១​ស​ប្ដា​ហ៍​ ទៅ​ ២​ស​ប្ដា​ហ៍​ ដែល​មាន​ដូច​ជា​ បង្ហាញ​អាការ​គ្រុនក្ដៅ​ ឈឺក្បាល​ រងា​ញាក់​ និង​ក្អូ​ត​ចង្អោរ​ជាដើម​។​ លោក​វេជ្ជបណ្ឌិត​ ហ៊ុយ​ រ៉េ​កុ​ល​ សង្កត់ធ្ងន់​ថា​ ជា​ប្រការ​ល្អ​ត្រូវ​សម្រាក​ក្នុង​មុង​ជ្រលក់​ថ្នាំ​ជា​និច្ច​ ហើយ​ត្រូវ​ពាក់​ខោ​ អាវ​វែង​ ឲ្យ​បាន​ជិត​ខ្លួន​ចាប់ពី​ព្រលប់​ ទល់​នឹង​ព្រលឹម​ ពិសេស​គឺ​កុមារ​តូចៗ​៕

Share

Image
Image
Image