en     km
en     km

ក្រសួងសុខាភិបាល​ ថា​ ឆ្នាំ​២០១៧​ ករណី​ពលរដ្ឋ​ពុល​អាហារ​មានការ​ថយ​ចុះ​

Share

​ភ្នំពេញ​៖​ ប្រធាន​នាយកដ្ឋាន​ឱសថ​ ចំណីអាហារ​ និង​បរិក្ខា​ពេទ្យ​ និង​គ្រឿងសំអាង​ នៃ​ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ នៅ​ឆ្នាំ​២០១៧​នេះ​ ករណី​ពលរដ្ឋ​ពុល​ចំណីអាហារ​ មានការ​ថយ​ចុះ​ច្រើន​បើ​ធៀប​នឹង​ឆ្នាំ​មុនៗ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

លោកវេជ្ជបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ និងបរិក្ខាពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល ប្រគល់វិញ្ញាបនប័ត្រ បញ្ជាក់ពីអនាម័យដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាន ប្រភពរូបភាព ពីអង្គភាពព័ត៌មាន Freshnews

 

ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​២0​ ខែធ្នូ​ ម្សិលមិញ​ បាន​ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ​ បញ្ជាក់​ពី​អនាម័យ​ដល់​ម្ចាស់​ភោជនីយដ្ឋាន​ និង​អាហារ​ដ្ឋា​ន​ ស្ដី​ពី​គោលការណ៍​អនុវត្ដ​អនាម័យ​ល្អ​ ដល​ម្ចាស់​ភោជនីយដ្ឋាន​ និង​អាហារ​ដ្ឋា​ន​ ដែល​មក​ដល់​ពេល​នេះ​មាន​ភោជនីយដ្ឋាន​ និង​អាហារ​ដ្ឋា​ន​ប្រមាណ​ជិត​ ២០០០​ ដែល​ទទួល​បាន​ វិ​ញ្ញាប​ន​ប័ត្រ​នេះ​ ក្នុង​ចំណោម​ភោជនីយដ្ឋាន​ និង​អាហារ​ដ្ឋា​ន​ប្រមាណ​ ៤០០០​នៅ​កម្ពុជា​។​

​លោក​វេជ្ជបណ្ឌិត​ ហេង​ ប៊ុ​ន​គៀត​ ប្រធាន​នាយកដ្ឋាន​ឱសថ​ ចំណីអាហារ​ និង​បរិក្ខា​ពេទ្យ​ និង​គ្រឿងសំអាង​ នៃ​ក្រសួងសុខាភិបាល​ ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​នេះ​ បាន​ឲ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​២០១៧​ ករណី​ដែល​ប្រជាពលរដ្ឋ​ពុល​អាហារ​ គឺ​បាន​ថយ​ចុះ​ច្រើន​ ហើយ​បើ​គិត​ពី​ដើម​ខែមករា​ មក​ដល់​ខែធ្នូ​នេះ​ ក្រសួងសុខាភិបាល​ទទួល​បាន​របាយការណ៍​ ករណី​ពលរដ្ឋ​ពុល​ចំណីអាហារ​ត្រឹមតែ​ ០៩​ករណី​ប៉ុណ្ណោះ​ ដែល​កាលពី​ឆ្នាំ​២០១៦​ មាន​ចំនួន​ ១៩​ករណី​ និង​ឆ្នាំ​២០១៥​ មាន​ចំនួន​ ៣៣​ករណី​។​ អ្វី​ដែល​នាំ​ឲ្យ​ករណី​ពលរដ្ឋ​អាហារ​ មានការ​ថយ​ចុះ​ជា​លំដាប់​ដូចនេះ​ គឺ​ពីព្រោះ​តែ​ប្រជាពលរដ្ឋ​យល់​ដឹង​កាន់តែ​ច្រើន​ ពី​បញ្ហា​អនាម័យ​ចំណីអាហារ​ ហើយ​ក៏​ជា​ការ​រួមចំណែក​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែរ​។​

​លោក​ ហេង​ ប៊ុ​ន​គៀត​៖«​ពី​ខែមករា​ រហូត​មក​ដល់​ខែធ្នូ​ ហ្នឹងហើយ​ ទើប​មាន​ ០៩​ករណី​ទេ​ គឺ​ការ​ថយ​ចុះ​បញ្ជាក់​ថា​ ប្រជាជន​កម្ពុជា​យើង​មានការ​យល់​ដឹង​ពី​បញ្ហា​អនាម័យ​ខ្ពស់​ជាង​មុន​ អ​ញ្ចឹ​ង​បាន​ន័យ​ថា​ ជា​ការ​រួមចំណែក​របស់​ស្ថានីយ​ វិទ្យុ​ និង​ទូរទស្សន៍​ទាំងអស់​ដែរ​ ដែល​បាន​ផ្សព្វផ្សាយ​ទៅ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​»​។​

​បន្ថែម​ពី​នេះ​ប្រធាន​នាយកដ្ឋាន​ បាន​បន្ត​ថា​ ក្នុង​ពេល​ខាង​មុខ​នេះ​ ក្រសួងសុខាភិបាល​នឹង​ចេញ​សេចក្ដី​ប្រកាស​មួយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​លក់​ចំណីអាហារ​តាម​ផ្លូវ​ បង្កើន​ការ​រក្សា​អនាម័យ​ ចំណីអាហារ​ របស់​ខ្លួន​ឲ្យ​បាន​កាន់តែ​ប្រសើរ​ ដោយ​មិន​ត្រូវ​លក់ដូរ​ នៅ​កន្លែង​ក្បែរ​មាត់​លូ​ និង​ កន្លែង​មាន​សំរាម​កខ្វក់​ ជាដើម​។​

​លោក​វេជ្ជបណ្ឌិត​ ហេង​ ប៊ុ​ន​គៀត​ បន្ថែម​ថា​ ក្រសួងសុខាភិបាល​ចង់​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​បរិភោគ​អាហារ​ដែល​មាន​អនាម័យ​ និង​សុវត្ថិភាព​ ហើយ​ត្រូវ​ពិនិត្យ​មើល​ផ្លា​ក​សញ្ញា​ស្ដី​ពី​ការ​ទទួលស្គាល់​អនាម័យ​ចេញ​ដោយ​ក្រសួងសុខាភិបាល​។​ លោក​បន្ត​ថា​ ប្រសិនបើ​ចូល​បរិភោគ​អាហារ​ តាម​ភោជនីយដ្ឋាន​ និង​អាហារ​ដ្ឋា​ន​នានា​ គឺ​ពលរដ្ឋ​ត្រូវ​ ជ្រើសរើស​កន្លែង​លក់​ដែល​មាន​សុវត្ថិភាព​ ដូច​ជា​មានការ​គ្រប​ ឬ​ដាក់​ក្នុង​ទូរ​កញ្ចក់​ត្រឹមត្រូវ​។​ ចំណែក​អ្នកលក់​ចំណីអាហារ​ ត្រូវ​តែ​តែ​សម្អាត​កន្លែង​លក់ដូរ​ របស់​ខ្លួន​ជា​ប្រចាំ​ ប្រើ​ស្រោមដៃ​មុន​ចាប់​កាន់​សាច់​ ឬ​បន្លែ​ ហើយ​ជា​ពិសេស​ប្រសិនបើ​ដៃ​មាន​របួស​ ឬ​ដំបៅ​ ត្រូវ​តែ​ព្យាបាល​ឲ្យ​បានជា​សិន​ ចាំ​វិល​ត្រឡប់​មក​លក់​បន្ដ​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ​ទៅ​កាន់​អ្នក​បរិភោគ​។​

​លោក​ ហេង​ ប៊ុ​ន​គៀត​៖«​សុំ​បងប្អូន​យើង​ពិសារ​អាហារ​នៅ​កន្លែង​ណា​ ដែល​មាន​អនាម័យ​ ដែល​ចេះ​គ្រប​ចេះ​អី​ ហើយ​ដៃជើង​មិន​អាច​ប្រើ​ចាប់​ Direct​ ដោយ​ផ្ទាល់​ទេ​ យើង​ត្រូវ​មាន​ពាក់​ស្រោមដៃ​ស្រោម​អី​ ហើយ​ចំណីអាហារ​ត្រូវ​គ្រប​ទុក​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ទូរ​កញ្ចក់​ទូរ​អី​ ដើម្បី​ទាញ​យក​មក​យើង​ពាក់​ស្រោមដៃ​ ដើម្បី​កាត់​បន្ថយ​ការ​ចម្លង​»​។​

​ទន្ទឹម​គ្នា​នេះ​ ប្រធាន​នាយកដ្ឋាន​ឱសថ​ ចំណីអាហារ​ និង​បរិក្ខា​ពេទ្យ​ និង​គ្រឿងសំអាង​ នៃ​ក្រសួងសុខាភិបាល​ សុំ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ គឺ​ រួម​ទាំង​អាជីវករ​ ម្ចាស់​ភោជនីយដ្ឋាន​ អាហារ​ដ្ឋា​ន​ និង​ពលរដ្ឋ​គ្រប់​រូប​ ក៏​ដូច​ជា​ បណ្ដា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែរ​ ដើម្បី​ឲ្យ​ប្រ​ជន​ទាំងអស់​យល់​ដឹង​កាន់តែ​ច្បាស់​ ពី​សុវត្ថិភាព​ចំណីអាហារ​នេះ​ និង​មានការ​ជឿជាក់​លើ​រដ្ឋាភិបាល​ និង​ក្រសួងសុខាភិបាល​៕

Share

Image
Image
Image