en     km
en     km

ក្រសួងសុខាភិបាលដាស់តឿនពលរដ្ឋ«កុំបរិភោគត្រីក្រពតដែលមានជាតិពុល»

Share

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ «កុំបរិភោគត្រីក្រពតដែលមានជាតិពុល» ព្រោះសារជាតិពុលក្នុងខ្លួនត្រីក្រពតទាំងនោះអាចបង្កឱ្យបាត់បង់ជីវិតបាន។

 

                                                                                    រូបត្រីក្រពតដែលមានផ្ទុកសារជាតិពុល

ការអំពាវនេះធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋម្នាក់បានស្លាប់ និង ៩នាក់ផ្សេងទៀតមានអាការៈពុលធ្ងន់ធ្ងរត្រូវបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីបានទទួលទានត្រីក្រពតទម្ងន់ ៦គីឡូក្រាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះផ្សាយនៅថ្ងៃទី ២៥ មករា ឆ្នាំ២០១៨។

បើតាមសេចក្តីប្រកាសរបស់ក្រសួង កាលពីថ្ងៃទី ២២ ខែមករា បរុសម្នាក់មានវ័យ ៣៦ឆ្នាំ​រស់នៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានបាត់បង់ជីវិតបន្ទាប់ពីបរិភោគត្រីក្រពតសមុទ្រទម្ងន់៦គីឡូក្រាមជាមួយអ្នកនេសាទ ៩នាក់ផ្សេងទៀត។ ចំណែកអ្នកនេសាទ ៩នាក់នេះដែលបានពុលត្រីក្រពត ត្រូវបាន សង្រ្គោះបន្ទាប់ពីពួកគេបានដេកព្យាបាលនៅមន្ទីរពេទ្យខេត្តកោះកុង។

តាមសេចក្តីប្រកាសនេះ ត្រីក្រពតក្នុងប្រទេសកម្ពុជាមានចំនួន ១០ ប្រភេទ។ ក្នុងចំណោមនោះមានត្រីក្រពត ៣ ប្រភេទមានសារជាតិពុលអាចបង្កឱ្យមនុស្សស្លាប់ និងមានជំងឺធ្ងន់ធ្ងរ។  មនុស្សនឹងមានអាការៈពុលប្រសិនបរិភោគត្រីក្រពតពុលនោះនៅរយៈពេល ២០ នាទី ទៅ ២ ម៉ោងហើយមានរោគសញ្ញារមាស់ នៅបបូរមាត់ បន្ទាប់មកមានអាការៈ ឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅចុងអវៈយវៈ មានការពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ស្ពឹកចុងដៃចុងជើង រឹងថ្គាម ឬអាចបណ្តាលឱ្យស្លាប់តែម្តង។

ត្រីក្រពតដែលមានសារជាតិពុលនោះមានឈ្មោះថា Tetraodon cochinensis, Monotrete និងTetraodon fluviatilis។

ចំពោះការសង្គ្រោះបឋមក្នុងករណីពុលត្រីក្រពតនេះ ក្រសួងណែនាំឱ្យប្រើគ្រប់វិធីសាស្រ្តគឺធ្វើយ៉ាងណាឱ្យអ្នករងគ្រោះក្អួត បញ្ចេញជាតិពុលមកក្រៅ នឹងត្រូវ​ប្រញាប់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់៕

 

Share

Image
Image
Image