en     km
en     km

ក្រសួងសាធារណការចុះកិច្ចព្រមព្រៀងជាមួយភាគីជប៉ុនលើគម្រោងកែលម្អផ្លូវជាតិលេខ៥

Share

ភ្នំពេញ៖ លោក រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយភាគីជប៉ុន លើគម្រោងធ្វើឱ្យប្រសើរឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង ចាប់ពីព្រែកក្តាម ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល ​ដល់ធ្លាម្អម ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលវិទ្យុស្ត្រីទទួលបាន កម្ពុជាអាចប្រើប្រាស់ឥណទានសម្បទានកម្ចីមានការប្រាក់ទាប ពីរដ្ឋាភិបាលជប៉ុន តាម​​​រយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន ប្រចាំនៅកម្ពុជា (JICA) ដែលមានទឹកប្រាក់ ២៤៦លាន ៣៥ម៉ឺនដុល្លារអាមេរិក លើគម្រោងជួសជុលផ្លូវជាតិលេខ ៥ ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងពិធីនេះ លោក​ ស៊ុន ​ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការដឹកជញ្ជូន បានគូសបញ្ជាក់អំពីការពង្រឹងគុណភាពសាងសង់ និងវិធានការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែង និងបានអំពាវនាវឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិ គោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន និងមិនត្រូវដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលធ្វើឱ្យខាតបង់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ឡើយ។

ជាមួយគ្នានេះ លោកក៏បានលើកឡើងអំពីគម្រោងសាងសង់សំខាន់ៗ មួយចំនួនទៀតដូចជា៖ គម្រោងសាងសង់ផ្លូវជាតិ លេខ ១១ពីអ្នកលឿងដល់ផ្លូវជាតិលេខ៧ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ពីពីរគន្លងទៅបួនគន្លង ចម្ងាយ ៧០ គីឡូ ម៉ែត្រ និងគម្រោងផ្លូវខ្សែក្រវាត់ក្រុងទីបី  ដែលបានចុះកិច្ចព្រមព្រៀងហើយ និងគម្រោងសាងសង់ស្ពាននៅស្ទឹងត្រង់ឆ្លងទន្លេមេគង្គផងដែរ។

សូមជម្រាបថា គម្រោងផ្លូវលេខ ៥ ភាគខាងត្បូង ចាប់ពីព្រែកក្ដាម ដល់ធ្លាម្អម នៅក្នុងស្រុកគគរ ខេត្តពោធិ៍សាត់នេះមានប្រវែង ១៣៥.២៥ គ.ម ។ គម្រោងផ្លូវនេះជាប្រភេទផ្លូវ DBST ហើយដំណើរការសាងសង់មានរយៈពេល៤ឆ្នាំ ចែកចេញជាបីកំណាត់ កំណាត់ផ្លូវទី១មាន ប្រវែង៤១.៥៤គម កំណាត់ផ្លូវទី២មានប្រវែង៤២.៥០គម និងកំណាត់ផ្លូវទី៣ មាន ប្រវែង ៥១.២០ គម ក្រោមការត្រួតពិនិត្យបទដ្ឋានបច្ចេកទេសពីក្រុមហ៊ុន Katahira & Engineers International (KEI) និងគម្រោងឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា(JICA)។

គម្រោងផ្លូវនេះជាចំណែកមួយនៃផ្លូវអាស៊ានហាយវេលេខ១ ដែលតភ្ជាប់ពីប្រទេសមីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម និងជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម និងជាពិសេសវាជាសរសៃឈាមដ៏ធំមួយក្នុងការធ្វើឱ្យសេដ្ឋ កិច្ចជាតិកាន់តែមានការអភិវឌ្ឍថែមទៀត៕

Share

Image
Image
Image