en     km
en     km

ក្រសួងយុត្តិធម៌ពិនិត្យឈ្មោះទណ្ឌិត ដើម្បីបន្ធូរបន្ថយនិងលើកលែងទោសនៃព្រះ​រាជពិធីបុណ្យអុំទូក

Share

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ពិនិត្យមើលបញ្ជីឈ្មោះទណ្ឌិតជាង ៥០០នាក់ ដើម្បីបន្ធូរបន្ថយទោស​និងលើកលែងទោសនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។ ជាមួយគ្នានេះ ក្រសួង​ប្រកាសបន្ថែមពិធីបុណ្យជាតិបីធំៗសម្រាប់លើកលែងទោសទណ្ឌិត។

លោក ធូ វិរៈ រាយការណ៍!

 ស្ត្រី​ជា​ទណ្ឌិត​ដែល​មាន​កូន​តូច ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​វិញ កាល​ពី​ឆ្នំា ២០១៥។ រូបភាពៈ ម៉ៃ វីរៈ/postkhmer

 

ក្រសួងយុត្តិធម៌កាលពីថ្ងៃទី ៣១ ខែ តុលា បានបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យមើលបញ្ជី​ឈ្មោះ​ទណ្ឌិតក្នុងការលើកលែងទោសនិងបន្ធូរបន្ថយទោសនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ និង​អក អំបុក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២១ ដល់ ២៣ ខែ វិច្ឆិកា ឆ្នំា ២០១៨។

លោក ស៊ុច សុផាន់ណារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានក្រសួងយុត្តិធម៌ បានប្រាប់​អ្នក​សារ​ព័ត៌​មានថា ទណ្ឌិតចំនួន ៥២៣​ នាក់ មកពីពន្ធាគារ ២៤ រាជធានី ខេត្ត និងមណ្ឌលកែប្រែចំនួន ៤ បានស្នើសុំមកក្រសួងយុត្តិធម៌ ដើម្បីពិនិត្យក្នុងការលើកលែងទោស និងបន្ធូរបន្ថយ​ទោស​ក្នុង​ព្រះរាជពិធីបុណ្យអុំទូក ខាងមុចនេះ។ ក្នុងចំណោមទណ្ឌិតទំាងនោះមានទណ្ឌិតជាស្រ្តី ២៣ នាក់។

លោក ស៊ុច សុផាន់ណារ៉ា អះអាងថា ការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត​គឺផ្អែក​ទៅលើគោលការណ៍មនុស្សធម៌ ដូចជាទណ្ឌិតចាស់ជរាមានវ័យ ៦៥ ឆ្នំាឡើងទៅ ទណ្ឌិត​មានជំងឺធ្ងន់ធ្ងរ ទណ្ឌីតជាស្រ្តីមានកូនជាប់ពន្ធាគារ និងការអនុវត្តទោសបាន​ចំនួន​មួយភាគបី។ លោកថា ទណ្ឌិតណាមិនរៀងចាលនឹងគ្មានឱកាសលើកលែងទោស និងបន្ធូរបន្ថយ​​ទោសនោះទេ។

លោក ស៊ុច សុផាន់ណារ៉ា៖ «រឿងថាយើងបានលើកលែងទោសហើយ គាត់ប្រព្រឹត្តិឡើងវិញ នេះជាចំណុចដែល​យើងត្រូវតែយកចិត្តទុកដាក់គឺនេះហើយដែលហៅថាភាពមិនរៀងចាល ទោះបជាដាក់ឡើងមកយើងពិនិត្យ ក្រុមការងារក៏ដូចជាគណកម្មាធិការថា្នក់​ជាតិលោក​ពិនិត្យ​ល្អិតល្អន់ណាស់ ទៅលើទណ្ឌិតណាដែលគេហៅថាមានប្រព្រឹត្តអំពើកាចសាហាវ ប៉ះពាល់​សន្តិសុខសង្គមធ្ងន់ធ្ងរ ទី២ ទាក់ទងភាពមិនរៀងចាលនិង​ឯងដែលយើង​ថាមិន​យក​មក​ពិនិត្យ»។

ក្នុងកិច្ចប្រជុំកាលពីម្សិលមិញ លោក អ៊ុច ពង្ស អគ្គនាយករងពន្ធនាគារ មានប្រសាសន៍ថា ទណ្ឌិតសរុប ៣១២២៦ នាក់ កំពុងជាប់ពន្ធនាគារនៅទូទំាងប្រទេស។ ក្នុងនោះទណ្ឌិតជាស្រ្តី មានចំនួន ២៦៦៣ នាក់។

លោក អ៊ុច ពង្ស  បញ្ជាក់បន្ថែមថា កុមារដែលរស់នៅជា​ម្តាយនៅ​ក្នុង​ពន្ធនាគារ​មានចំនួន ១៤៨ នាក់ នៅទូទំាងប្រទេស បើធៀបទៅនឹងរយៈ​ពេលដូច​គ្នា​កាល​ពី​ឆ្នំា​មុន ម្តាយដែលជាប់ពន្ធនាគារជាមួយកូនថយចុះ ២០ ភាគរយ។ ជាមួយគ្នានេះ ទណ្ឌិតមានវ័យ​ចាស់​ជរាមាន​ប្រមាណពី៤ ទៅ ៥ ភាគរយប៉ុណ្ណោះ។

លោក អ៊ុច ពង្ស បដិសេធចំពោះពាក្យចរចាមអារាមថា មានការបង់ប្រាក់រត់ការ ដើម្បីឱ្យ​ទណ្ឌិតមានសេរីភាពដោយការបន្ធូរបន្ថយទោស និងលើកលែងទោស។ ជាគ្នានេះលោកថា រាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាពន្ធនាគារមានភាពចង្អៀតណែនផងដែរ។

លោក អ៊ុច ពង្ស៖ «ខ្ញុំសូមបដិសេធគឺមិនមានទេ ព្រោះមានគណៈម្មាការប្រឡងប្រណំាងតំា​ងពីថ្នាក់ខេត្តរហូតមកដល់ថ្នាក់ជាតិអត់មានបញ្ហាហ្នឹងកើតឡើងទេ។ទេបញ្ហាហ្នឹងភាពចង្អៀតណែនបើថាឱ្យថាកំណត់យើងកំណត់វាមិនបានទេតែគ្រាន់ថាបញ្ហាចង្អៀតណែនវាចេះតែមាន ហើយយើងកំពុងតែដោះស្រាយជាបន្តបន្ទាប់»។

លោក ស៊ុច សុផាន់ណារ៉ា បន្ថែមថា រាជរដ្ឋាភិបាលសម្រេចបន្ថែមពិធីបុណ្យជាតិចំនួនបីទៀត ដើម្បី ដើម្បីពិនិត្យក្នុងការលើកលែងទោស និងបន្ធូរបន្ថយ​ទោស​ដល់ទណ្ឌិត។ ពិធីបុណ្យ​ភ្ជំ​បិណ្ឌ បុណ្យេឯករាជ្យជាតិ ៩ វិច្ឆិកា និងពិធីបុណ្យទិវាឈ្នះ ឈ្នះ ២៩ ធ្នូ ។ ជាធម្មតា រាជ​រដ្ឋា​ភិ​បាល​កំណត់យកព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ និង​អកអំបុក ពិធីបុណ្យចូលឆ្នំាខ្មែរ និងវិសាខបូជា ដើម្បីលើកលែងទោស និងបន្ធូរបន្ថយ​ទោស​ទណ្ឌិត។

កាលពីឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នំាមុននេះ ក្រសួងយុត្តិធម៌សម្រេចលើកលែងទោសទណ្ឌិត ៣៩ នាក់ និងបន្ធូរបន្ថយទោស ៨០ នាក់។

លោក ស៊ុច សុផាន់ណារ៉ា ពន្យល់ថា តាមគោលការណ៍ទណ្ឌិតជាប់ពន្ធនាគារចាប់ពី១ ឆ្នំា ដល់ក្រោម ១០ ឆ្នំា ត្រូវបន្ថយទោស ៦ ខែ។ ចំពោះទណ្ឌិតជាប់ពន្ធនាការចាប់ពី១០ ឆ្នំា ដល់ ក្រោម ១៥ ឆ្នំា ត្រូវបន្ថយទោស ៩ ខែនិង ១៥ឆ្នាំ ឡើងទៅបន្ថយទោស ១២ ខែ ៕

Share

Image
Image
Image