en     km
en     km

ក្រសួងមហាផ្ទៃ​រឹបអូស​ផលិតផល​ក្លែង​ជិត​៩០​តោន​

Share

ភ្នំពេញ​៖​ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ​បាន​រឹបអូស​ផលិតផល​ក្លែងក្លាយ​ជិត​៩០​តោន​និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រមាណ​១០​នាក់​។​ អ្នកជំនាញថា​ផលិតផល​ក្លែងក្លាយ​ទាំងនោះ​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​។​

ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ក្រសួងមហាផ្ទៃនៅ​ថ្ងៃ​ទី​ ៦​ សីហា​ ម្សិលមិញ​ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ ​ប្រកាស​ថា ​ក្រសួង​រឹម​អូស​ទំនិញ​ក្លែងក្លាយ​ចំនួន​ ៨៨​ តោន​។​ ក្នុង​នោះ​រួម​មាន​កាហ្វេ​ក្លែងក្លាយ​ ទឹក​សុទ្ធ​ ប្រេងឆា​ និង​ស្រា​បៀ​ ជាដើម​។រូបភាព៖ក្រសួងមហាផ្ទៃ


​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ក្រសួងមហាផ្ទៃនៅ​ថ្ងៃ​ទី​ ៦​ សីហា​ ម្សិលមិញ​ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ ​ប្រកាស​ថា ​ក្រសួង​រឹម​អូស​ទំនិញ​ក្លែងក្លាយ​ចំនួន​ ៨៨​ តោន​។​ ក្នុង​នោះ​រួម​មាន​កាហ្វេ​ក្លែងក្លាយ​ ទឹក​សុទ្ធ​ ប្រេងឆា​ និង​ស្រា​បៀ​ ជាដើម​។

​លោក​ឧត្តមសេនីយ៍​ មៀ​ច​ សុ​ផា​ន់​ណា​ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​បាន​បង្ក្រាប​និង​រឹបអូស​ផលិតផល​ក្លែង​ក្លាយ​​បាន​ចំនួន​ ៤​ករណី​។​

​លោក​ មៀ​ច​ សុ​ផា​ន់​ណា​ ថ្លែង​ថា​ ចាប់តាំងពី​ដើមឆ្នាំ​មក​អាជ្ញាធរ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ​ប្រមាណ​ ៣០​ ទៅ​ ៤០​ ករណី​ដែល​រឹបអូស​ទំនិញ​ក្លែងក្លាយ​រាប់រយ​តោន​ និង​ឃាត់ខ្លួន​មនុស្ស​យ៉ាងតិច​១០​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​នេះ​។​

​កាលពី​ថ្ងៃ​ទី​ ១៣​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​ អាជ្ញាធរ​បង្ក្រាប​ទីតាំង​អាជីវកម្ម​សិប្បកម្ម​ផលិត​កាហ្វេ​ក្លែងក្លាយ​ និង​ខុសច្បាប់​ចំនួន​ ១០ ​មុខ ស្មើ​នឹង ​៧ ​តោន​។ ​ក្នុង​ប្រតិបត្តិ​ការណ៍​នេះ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ នៅ​សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​។​ ការ​បង្ក្រាប​ផលិតផល​កាហ្វេ​ក្លែងក្លាយ​មួយ​ករណី​ទៀត​ អាជ្ញាធរ​រឹបអូស​ ១៨​ តោន​ ដែល​មាន​ ១៣​មុខ​ ស្ថិត​នៅ​ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ នី​ថ្ងៃ​ទី​ ៦​ កក្កដា​ ឆ្នាំ​ ២០១៨​។​

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ បង្ក្រាប​ទីតាំង​ផលិត​សាច់ប៉ា​តេ​ខុសច្បាប់ ​៥ ​តោន​ដែល​មាន ​១៥ ​មុខ​ ស្ថិត​នៅ​សង្កាត់​ទឹកថ្លា​ ខណ្ឌ​ សែន​សុខ​ រាជធានី​ភ្នំពេញ​។​ នៅ​ថ្ងៃ​ទី​ ២០​ -​ ២១​ កក្កដា​ ឆ្នាំ​ ២០១៨​ អាជ្ញា​ធរមាន​សមត្ថកិច្ច​បង្ក្រាប​ការ​នាំ​ចូល​ផលិត​ ផល​មានការ​ វេច​ខ្ចប់​ក្លែងក្លាយ​និង​ខុសច្បាប់​នៃ​ផលិតផល​ទឹក​សុទ្ធ​អេ​យ្យង់ ​(Evian)​ និង​ទឹក​សុទ្ធ​ Saint​ Amand​ រួម​ទាំង​ស្រា​បៀរ​ Corona​ ចំនួន​ ៥៨​តោន​។​

​កាលពី​ថ្ងៃ​ទី​ ៣​ ខែ​ មេ​សា​ ឆ្នាំ​ ២០១៨​ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​សម្រេច​កិនកម្ទេច​​ផលិតផល​កែ​សម្ផស្ស​ និង​គ្រឿងផ្សំ​ឧបភោគ​ចំនួន​ ១១០​តោន​។​ ការ​បង្ក្រាប​កាលនោះ​មនុស្ស​យ៉ាងតិច​បី​នាក់​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​ក្នុង​ម្នាក់ៗ​ និង​រឹបអូស​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ជា​សម្បត្តិ​រដ្ឋ​និង​ម៉ា​ស៊ី​ត​ផលិត​១៦​គ្រឿង​។​

​កាលពី​ថ្ងៃ​ទី​ ៣​ ខែ​ តុលា​ ឆ្នាំ​ ២០១៧​ អាជ្ញាធរ​កម្ទេច​ផលិតផល​ក្លែងក្លាយ​ជាង​ ៨០​ តោន​។​កាលពី​ឆ្នាំ​មុន​ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បង្ក្រាប​បទល្មើស​ចំនួន​ ១៩​ ករណី​។​ ការ​បង្ក្រាប​នេះ​ឃាត់​ខ្លួ​មនុស្ស​៦​នាក់​ និង​រឹបអូស​ផលិតផល​ក្លែងក្លាយ​ប្រមាណ​ ៦០០​តោន​៕

Share

Image
Image
Image