en     km
en     km

ក្រសួងមហាផ្ទៃបើកចំហសេរីភាពសង្គមស៊ីវិល ខណៈអ្នករាយការណ៍ពិសេស UNមកកម្ពុជា

Share

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានចេញសេចក្ដីណែនាំស្ដីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាលព្រមទាំងព្រមទាំងសហគមន៍នានានៅតាមមូលដ្ឋាន​ ដោយឱ្យស្ថាប័នទាំងនេះ មានសេរីភាពក្នុងការធ្វើសកម្មភាពអភិវឌ្ឍប្រទេសជាតិស្របទៅតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ដោយឡែក តំណាងអង្គការសង្គមស៊ីវិល ថា កម្ពុជាគួរតែដល់ពេលដែលរដ្ឋាភិបាលចរចាជាមួយសង្គមស៊ីវិល ដើម្បីប្រយោជន៍សង្គម។

លោក សោម លាភ ជូនសេចក្ដីរាយការណ៍៖

តាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី ៣១តុលា បញ្ជាក់ថា ក្រសួងណែនាំដល់ការធ្វើសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហគមន៍មូលដ្ឋាន ក្នុងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការអភិវឌ្ឍជាតិ។

យ៉ាងណាមិញ​ ក្រសួងមហាផ្ទៃណែនាំថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងសហគមន៍នៅតាមមូលដ្ឋានដែលទទួលស្គាល់ដោយច្បាប់ មានសេរីភាពក្នុងការធ្វើសកម្មភាពនៅកម្ពុជាដែលស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន និងស្របតាមលក្ខន្តិកៈរបស់ខ្លួនដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយមិនមានការរារាំង និងបំពានបានឡើយ។

ផ្ទុយពីនេះ ប្រសិនបើអង្គការ សមាគម និងសហគមន៍មូលដ្ឋានស្របច្បាប់ទាំងនេះ ធ្វើសកម្មភាពហើយ បែជាមានការយាយី ឬរារាំងពីអាជ្ញាធរមូលដ្ឋាន អង្គការ ឬអង្គភាពទាំងនេះ ត្រូវរាយការណ៍ជូនអភិបាលនៃគណៈអភិបាលខេត្ត ឬក្រសួងមហាផ្ទៃ ដើម្បីដោះស្រាយបញ្ហានេះ។

ក្រសួងមហាផ្ទៃបញ្ជាក់ថា រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ជាន់ថ្នាក់ត្រូវសម្រួលរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម​ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលធ្វើសកម្មភាពក្នុងដែនសមត្តកិច្ចរបស់ខ្លួនឱ្យបានទៀងទាត់រៀងរាល់ឆមាស ឬតាមការចាំបាច់។

ការចេញសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃបែបនេះ ធ្វើឡើងស្របពេលដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត មានវត្តមានបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។នេះបើយោងតាមសេចក្តីប្រកាសរបស់ការិយាល័យ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ។

តាមសេចក្ដីប្រកាសនេះ បញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល ១១ថ្ងៃនេះ លោក ស្រី រ៉ូណាស្ម៊ីតគ្រោងជួបប្រជុំជាមួយមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរូបនេះ នឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួនដោយមានសន្និសីទសារព័ត៌មានមួយដើម្បីពិភាក្សាអំពីរបកគំហើញបឋមនៃដំណើរទស្សនកិច្ចរបស់លោកស្រី។

យ៉ាងណាមិញ អ្នកជំនាញកិច្ចការបោះឆ្នោតនៃអង្គការខុមហ្វ្រែល លោក កង សាវាង្ស ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី ១ វិចិ្ចកាថា កម្ពុជាល្មមដល់ពេល ដែលស្ថាប័នរដ្ឋ និងសង្គមស៊ីវិលចូលតុចរចាគ្នាហើយ ដើម្បីរកប្រយោជន៍រួមដល់ពលរដ្ឋ។ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមព្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០១៧ គេសង្កេតឃើញថា សេរីភាពរបស់សង្គមស៊ីវិល ពិសេសសេរីភាពរបស់បណ្ដាញផ្សព្វផ្សាយព័ត៌មានត្រូវបានរឹតបន្តឹង។

សម្រាប់លោក កង សាវាង្ស ផ្ទាល់ មើលឃើញថា​ កន្លងមកសេរីភាពរបស់សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងការអភិវឌ្ឍគឺមានភាពល្អប្រសើរហើយ នៅឡើយតែសង្គមស៊ីវិលដែលធ្វើការផ្ដោតទៅលើសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គឺមានបញ្ហាជាមួយអាជ្ញាធរជារឿយៗ។ យ៉ាងណាលោកសង្ឃឹមថា សង្គមស៊ីវិលអាចដំណើរការសកម្មភាពរបស់ខ្លួនបានយ៉ាងរលូន ក្រោយការចេញសេចក្ដីណែនាំនេះ។

កន្លងមក មានសម្លេងសង្គមស៊ីវិលឯករាជ្យមួយចំនួន រួមទាំងគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ត្រូវបានអាជ្ញាធរ និងតុលាការកម្ពុជារំលាយចោល និងបំបិទសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាពផ្សេងៗ។ តួយ៉ាង តុលាការកំពូលកម្ពុជាបានរំលាយគណបក្សសង្គ្រោះជាតិ ការបិទការសែតឯករាជ្យ The Cambodian Daily និងការិយាល័យវិទ្យុអាស៊ីសេរីនៅកម្ពុជាផងដែរ។ ជាងនេះទៅទៀត មន្ត្រីរបស់អតីតគណបក្សប្រឆាំង    ​ក៏ដូចអ្នកវិភាគនយោបាយឯករាជ្យក៏ត្រូវបានតុលាការកម្ពុជាកាត់មានទោសជាច្រើនអ្នកដែរ។

តែគេសង្កេតឃើញ ក្រោយពីសហគមន៍អន្តរជាតិគាបសង្កត់ ឱ្យបក្សកាន់អំណាចធ្វើឱ្យមានសេរីភាព និងប្រជាធិបតេយ្យឡើងវិញ ជាពិសេស ក្រោយបោះឆ្នោត នៅថ្ងៃទី ២៩កក្កដា ដោយគ្មានគណបក្សប្រឆាំងចូលរួម ឃើញថា បក្សកាន់អំណាចខិតខំពង្រឹងតួនាទីស្ថាប័នប្រជាធិបតេយ្យរបស់ខ្លួនគឺជាការបង្ហាញពីការប្ដេជ្ញាពង្រឹងនីតិរដ្ឋមួយដែលប្រជាធិបតេយ្យមានសកម្មឡើងវិញ៕  

អត្ថបទ៖លោក សោម លាភ

  

Share

Image
Image
Image