en     km
en     km

ក្រសួងព័ត៌មានអនុវត្តតាមក្រសួងការងារស្នើឱ្យបិទបទច្រៀង«ភ្ជុំបិណ្ឌនឹកស្រុក»ព្រោះមិនត្រូវស្ថានការណ៍

Share

ភ្នំពេញ៖  រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិ​ត សំហេង បានស្នើទៅ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចាត់វិធានការផ្អាកការផ្សាយបទចម្រៀង «ភ្ជុំបិណ្ឌនឹកស្រុក» ច្រៀងដោយ លោក ម៉ៅ ហាជី នៃផលិតកម្មថោន ព្រោះបទនេះប៉ះពាល់ដល់នយោបាយរាជរដ្ឋាភិបាលកម្ពុជា។ យ៉ាងណា ក្រសួងព័ត៌មានបានទទួលសំណើររបស់ក្រសួងការងាររួចហើយ ហើយក៏អនុវត្តន៍តាមដែរ។

 

 

តាមរយៈការស្នើនេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបង្ហាញថា បទចម្រៀងមួយបទនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះនោះទេ ថែមទាំងមានអត្តន័យផ្ទុយទាំងស្រុងនូវអ្វីដែលប្រមុខរាជរដ្ឋាភិបាល បាន និងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់កម្មករនិយោជិត។

ជាក់ស្ដែង ឃ្លាមួយនៃបទចម្រៀងនេះបានសេចក្ដីថា «កម្មករនិយោជិតមិនទាន់បើកប្រាក់ខែ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌដែលធ្វើឱ្យកម្មករនិយោជិតមិនបានទៅស្រុកកំណើតទៅលេងម៉ែ ពុក បានត្រឹមតែស្រក់ទឹកនេត្រា ហើយបានទូរស័ព្ទប្រាប់ម៉ែ ពុកថា បន្ទាប់ពីភ្ជុំបិណ្ឌរួចហើយ បានអាចទៅលេងស្រុកកំណើត»។ ឃា្លមួយនេះដែលធ្វើឱ្យរដ្ឋមន្ត្រីក្រសួងការងារទទួលប្រតិកម្ម ។

យ៉ាងណាមិញ​ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងយកចិត្តទុកដាក់ និងគាំពារដល់កម្មករនិយោជកយ៉ាងខ្លាំង។

តួយ៉ាង ក្រសួងបានអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់អាចឈប់សម្រាករយៈពេល៣ថ្ងៃក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះចាប់ពីថ្ងៃទី ៨ ដល់ទី១០ តុលា ឆ្នាំ២០១៨ ដោយទទួលបានប្រាក់ឈ្នួល។

ជាងនេះទៅទៀត ក្រសួងនឹងបើកប្រាក់ឈ្នួលឱ្យកម្មករនិយោជិតឱ្យបានមុនថ្ងៃភ្ជុំបិណ្ឌទៀតផង។

ជាការឆ្លើយតប ក្រសួងព័ត៌មានបានទទួលបាននូវសំណើរនេះហើយ។ ក្នុងបទសម្ភាសន៍ខ្លីជាមួយនឹងវិទ្យុស្ត្រីនៅថ្ងៃទី ៤ តុលានេះ លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មានមានប្រសាសន៍ថា ក្រសួងនឹងធ្វើតាមសំណើររបស់ក្រសួងការងារដែលបានស្នើនេះ។ យ៉ាងណា ក្រសួងព័ត៌មានថា នឹងអំពាវនាវឱ្យ ទូរទស្សន៍ និងវិទ្យុបញ្ឈប់នូវការចាក់ផ្សាយនូវបទចម្រៀងនេះ។

«ក្រសួងព័ត៌មានទទួលបានសំណើររួចហើយ ហើយដូចសព្វមួយដង ការមានការស្នើអ៊ីចឹងយើងអនុវត្តន៍ទៅតាមសំណើររបស់ក្រសួងមានសមត្តកិច្ចដែលគេស្នើមកអ៊ីចឹងណា! ជាទូទៅយើងជម្រាបប្រាប់បណ្ដាញផ្សព្វផ្សាយ ជាពិសេសខាងអ្នកបំពងសម្លេងណា ខាងវិទ្យុទូរទស្សន៍នឹងគ្រាន់តែមិនផ្សព្វផ្សាយអាហ្នឹងទៅបានហើយ។ គឺយើងមិនឱ្យផ្សព្វផ្សាយ នៅលើបណ្ដាញសាធារណៈ បណ្ដាញអឺវិទ្យុទូរទស្សន៍»។

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្នើឱ្យក្រសួងពាក់ព័ន្ធ ដាក់វិធានការដោយព្រមាន និងណែនាំដល់ម្ចាស់ផលិតកម្មនេះ។  ជាងនេះ ម្ចាស់ផលិតកម្មនោះ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកនិពន្ធ ការផលិតនូវបទចម្រៀង ឬការសម្ដែងទាំងឡាយណាពាក់ព័ន្ធដល់កម្មករនិយោជិត ដែលមានអត្តន័យពីគោលនយោបាយរបស់រាជរដ្ឋាភិបាល។

វិទ្យុស្ត្រីមិនអាចសុំការឆ្លើយតបពីម្ចាស់ផលិតកម្មបានទេនៅពេលនេះ ។

គួររំលឹកថា បទនេះត្រូវបាននិពន្ធ និងចាក់ផ្សាយដំបូងតាំងពីឆ្នាំ២០១៦ មកម្ល៉េះ៕

 

Share

Image
Image
Image