en     km
en     km

ក្រសួងបរិស្ថាន​បង្ហាញ​ផ្ទាំងគំនូរ​ជា​លើក​ទី​មួយ​ ស្តី​ពី​កិច្ច​គាំពារ​បរិស្ថាន​នៅ​តាម​សាលា​

Share

មន្ត្រី​ក្រសួងបរិស្ថាន​បាន​សម្ពោធ​រូបគំនូរ​បែប​អប់រំ​បរិស្ថាន​ជា​លើក​ទី​ ០១​ ស្តី​អំពី​កិច្ច​គាំពារ​បរិស្ថាន​ នៅ​ខាង​មុខ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ ព្រឹក​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​។​ ការ​បង្ហាញ​ផ្ទាំងគំនូរ​មួយ​នេះ​ ក្នុង​គោលបំណង​ ដើម្បី​បង្ហាញ​ ដល់​សិស្សានុសិស្ស​ ប្រជាពលរដ្ឋ​ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ឱ្យ​ចេះ​ស្រ​ទ្បា​ញ់​ និង​ថែរក្សា​បរិស្ថាន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​ដូច​ជា​បរិស្ថាន​នៅ​លើ​ភព​ផែនដី​ សំដៅលើ​កិច្ច​គាំពារ​បរិស្ថាន​ ការ​អភិរក្ស​ជីវៈចម្រុះ​ និង​ការ​រស់នៅ​ប្រកបដោយ​ចីរភាព​។​

cover-environmental-picture-at-SIsowath-high-school-

​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​៖

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ លោក​ សា​បូ​ អូ​ហ្សា​ណូ​ លើក​ទ្បើ​ង​ថា​ វិស័យ​បរិស្ថាន​ដើរ​តូ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម​កម្ពុជា​ ពីព្រោះ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ពី​តម្លៃ​បរិស្ថាន​កាន់តែ​ច្រើន​ហើយ​នោះ​ នឹង​អាច​ធ្វើ​ឱ្យ​ភព​ផែនដី​ទាំងមូល​ទទួល​បាន​ភាពល្អ​ប្រសើរ​ទ្បើ​ង​វិញ​តាម​រយៈ​ការ​រក្សា​ឱ្យ​បាន​នៅ​បរិស្ថាន​បៃតង​ជុំវិញ​ខ្លួន​។​

លោក​ សា​បូ​ អូ​ហ្សា​ណូ​ បន្ត​ថា​ គំនូរ​ដែល​ដាក់​សម្ពោធ​នៅ​ថ្ងៃនេះ​ធ្វើ​ទ្បើ​ង​ក្នុង​គោលបំណង​ដើម្បី​បណ្តុះ​គំនិត​ទៅ​ដល់​យុវជន​ជំនាន់​ក្រោយ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​គ្រប់​រូប​ដែល​មិន​ទាន់​បាន​ចូលរួម​កិច្ច​គាំពារ​បរិស្ថាន​ ត្រូវ​ប្តូរ​ឥរិយាបថ​របស់​ខ្លួន​ ដោយ​ងាក​មក​ចូលរួម​ការពារ​បរិស្ថាន​ទាំងអស់​គ្នា​វិញ​។​

លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូប​នេះ​ទទួលស្គាល់​ថា​ ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ ពិតជា​ប្រឈម​ទៅ​នឹង​បញ្ហា​បរិស្ថាន​នៅ​ទ្បើ​យ​។​ ដូច្នេះ​ទើប​ក្រសួង​ជំរុញ​ឱ្យ​យុវជន​ និង​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​យកចិត្តទុកដាក់​ពី​តម្លៃ​នៃ​បរិស្ថាន​។​

លោក​ មាន​ប្រសាសន៍​បន្ថែម​ថា​៖​ «​ជា​រួម​ធម្មតា​យើង​ដឹង​ហើយ​ទាក់ទង​ទៅ​នឹង​ភព​ផែនដី​មួយ​ដ៏​ស្រស់បំព្រង​បៃតង​ បាទ​!​ អ​ញ្ចឹ​ង​យើង​ចង់ឱ្យ​ប្រទេស​កម្ពុជា​យើង​ឋិត​នៅ​ក្នុង​ពិភព​មួយ​ដ៏​ស្រស់បំព្រង​បៃតង​ ស្អាត​ ឃ្លី​ន​ ហ្គ្រី​ន​ បាទ​ យើង​ចង់បាន​អ​ញ្ចឹ​ង​ យើង​ទទួលស្គាល់​ថា​កម្ពុជា​យើង​បច្ចុប្បន្ន​មិន​ទាន់​ឋិត​ទៅ​ដល់​ដំណាក់កាល​ហ្នឹង​ទេ​…»​។​

ទាក់ទង​នឹង​ការ​ដាក់​សម្ពោធ​នេះ​ វិចិត្រករ​ដែល​ជា​អ្នក​គូររូប​គំនូរ​មួយ​នេះ​ គឺ​លោក​ រិ​ន​ ហឿ​ត​ បាន​និយាយ​ថា​ គោលបំណង​សំខាន់​នៅ​ក្នុង​រូបគំនូរ​នេះ​ចង់​បង្ហាញ​ទៅ​ដល់​សិស្សានុសិស្ស​ទាំងអស់​ និង​សារ​ធារ​ណ​ជន​ទូទៅ​បាន​ស្វែង​យល់​ពី​សារៈសំខាន់​នៃ​បរិស្ថាន​។​

លោក​ រិ​ន​ ហឿ​ត​ បន្ថែម​ថា​ សារៈសំខាន់​នៃ​បរិស្ថាន​នោះ​ គឺ​រួម​បញ្ចូល​ទាំង​ការ​សំអាត​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​ ចូលរួម​ការ​គាំពារ​បរិស្ថាន​ដោយ​មានការ​ដាំ​ដើមឈើ​បន្ថែម​ជាដើម​។​

លោក​បាន​បង្ហាញ​ពី​ចំណុច​វិជ្ជមាន​ និង​អវិជ្ជមាន​ នៅ​ក្នុង​រូបគំនូរ​ដែល​លោក​គូរ​នេះ​យ៉ាង​ដូច្នេះ​ថា​៖​ «​យើង​បានឃើញ​ទាំងអស់​គ្នា​តាម​រយៈ​រូបភាព​ហ្នឹង​ វា​មាន​ ២​ ផ្នែក​ ផ្នែក​ខាងក្រោម​ហ្នឹង​ភាព​អវិជ្ជមាន​ ផ្នែក​ខាងលើ​គឺជា​ភាព​វិជ្ជមាន​ ផល​អវិជ្ជមាន​ដូច​ជា​ការ​គាំពារ​វា​ត្រូវ​បាន​បាត់បង់​ហើយ​យើង​ព្យាយាម​ថែទាំ​ទ្បើ​ង​វិញ​ ហើយ​បងប្អូន​ខ្មែរ​ត្រូវ​តែ​បណ្តុះ​គំនិត​នឹង​ស្រ​ទ្បា​ញ់​គាំពារ​នូវ​អ្វី​ដែល​បាត់បង់​ទៅ​ហើយ​កន្លង​មក​ហើយ​ហ្នឹង​ មួយទៀត​បញ្ហា​ទីក្រុង​ពាក់ព័ន្ធ​ជាមួយ​ប្លា​ស្ទិ​ក​សំរាម​អី​ផ្សេងៗ​ យើង​ឃើញ​ថា​ផល​អវិជ្ជមាន​បច្ចុប្បន្ន​ឥរិយាបថ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​លោក​នៅ​តែ​មិន​ទាន់​មានការ​ផ្លាស់​ប្តូរ​នៅ​ទ្បើ​យ​ទេ​ នៅ​ចោល​សំរាម​ពាស​វាល​ពាស​​កាល​នៅ​ទ្បើ​យ​…»​។​

environmental-picture-at-Sisowath-high-school-
យុវតី​ ទ្បេ​ង​ មុនី​អមរា​ ជា​សិស្ស​រៀន​ថា្ន​ក់​ទី​ ១០​ នៃ​វិទ្យាល័យ​ព្រះ​ស៊ី​វត្ថិ​ បាន​និយាយ​ថា​ តាម​រយៈ​រូបគំនូរ​ខាងលើ​នេះ​បាន​បង្ហាញ​ពី​តម្លៃ​នៃ​ការ​ថែរក្សា​បរិស្ថាន​ នឹង​ផ្តល់​នូវ​ការ​អប់​រំជា​ច្រើន​ទៅ​ដល់​សាធារណៈជន​ទូទៅ​ឱ្យ​កាន់តែ​យល់​ដឹង​បន្ថែម​ទៀត​ពី​តម្លៃ​នៃ​បរិស្ថាន​។​

យុវតី​រូប​នះ​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​វិស័យ​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា​កំពុង​តែ​ជួប​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​ផង​ដែរ​ ទាក់ទង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ពី​សំណាក់​ជនខិលខូច​មួយ​ចំនួន​ ។​ មុនី​អមរា​ បាន​ស្នើ​ទៅ​ដល់​សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​ចូលរួម​ថែរក្សា​បរិស្ថាន​ ឱ្យ​មាន​អនាម័យ​មិន​ត្រូវ​បោះ​សំរាម​ចោល​ឥត​សណ្តាប់ធ្នាប់​នោះ​ទេ​។​

យុវតី​រូប​នេះ​បន្ថែម​ថា​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ថែរក្សា​បរិស្ថាន​គឺ​ត្រូវ​មានការ​ចូលរួម​ពី​ក្រសួងបរិស្ថាន​ ជា​ពិសេស​ប្រជាពលរដ្ឋ​គ្រប់​រូប​ផង​ដែរ​៖​ «​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ជួប​ធំ​បំផុត​គឺ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ដែល​បាន​បាត់​ច្រើន​មែនទែន​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ហើយ​មួយវិញទៀត​នៅ​តាម​តំបន់​ខ្លះ​ទៀត​គឺ​មិន​ទាន់​យល់​ច្បាស់​ព្រោះថា​នៅ​តែ​មានការ​បោះ​សំរាម​ចោល​ដដែល​…»​។​

លោក​រដ្ឋលេខាធិការ​ សា​បូ​ អូ​ហ្សា​ណូ​ បានឱ្យ​ដឹង​ទៀត​ថា​ ការ​ដាក់​ឱ្យ​សម្ពោធ​នៅ​រូបគំនូរ​បែប​អប់រំ​បរិស្ថាន​នៅ​ខាង​មុខ​វិទ្យាល័យ​ព្រះ​ស៊ី​វត្ថិ​នេះ​ គឺជា​លើក​ទី​ ០១​ ហើយ​ក្រសួងបរិស្ថាន​នឹង​បន្ត​ផ្សព្វផ្សាយ​ពី​បញ្ហា​បរិស្ថាន​បន្ថែម​ទៀត​នៅ​តាម​សាលា​នានា​៕​

Share

Image
Image
Image