en     km
en     km

ក្រសួងបរិស្ថានស្នើម្ចាស់ទីតាំងផលិតកម្មទទួលការបណ្តុះបណ្តាលស្តីពីការសាយភាយសារធាតុពុល

Share

ភ្នំពេញ៖ ក្រសួងបរិស្ថានកាលពីថ្ងៃទី២៦ មេសា បានចេញសេចក្តីណែនាំដោយស្នើឱ្យម្ចាស់ទីតាំងផលិត កម្ម ២២ ប្រភេទ មកទទួលការបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងការសាយភាយសារធាតុពុល។ការស្នើនេះគឺបន្ទាប់ពីក្រសួងបរិស្ថានបានបញ្ចប់សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យសារធាតុបំពុលដែលសាយភាយ និងបំលាស់ទីក្នុងបរិស្ថាន ដែលនឹងត្រូវអនុវត្តនាពេលខាងមុខនេះ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានចេញផ្សាយនៅថ្ងៃទី២៧ មេសានេះ។

យោងតាមបទប្បញ្ញត្តិនៃសេចក្តីព្រាងអនុក្រឹត្យនេះ គឺតម្រូវឱ្យម្ចាស់ទីតាំងផលិតកម្មមួយចំនួន ត្រូវបំពេញរបាយការណ៍ទិន្នន័យសារធាតុបំពុលដែលបានសាយភាយ ឬបំលាស់ទីចេញពីទីតាំងរបស់ខ្លួន។

គោលបំណងនៃការបង្កើតសេចក្តីព្រាងអនុក្រឹត្យនេះ ក្រសួងបញ្ជាក់ថា គឺដើម្បីជួយលើកកម្ពស់ការយល់ដឹង និងសមត្ថភាពជំនាញដល់ម្ចាស់ទីតាំងផលិតកម្មទាំង ២២ ប្រភេទ ដើម្បីរៀបចំ និងផ្តល់របាយការណ៍ទិន្នន័យសារធាតុបំពុលដែលត្រូវអនុវត្តជាកាតព្វកិច្ច។

នាពេលខាងមុខនេះដែរ ក្រសួងបរិស្ថាននឹងរៀបចំការអនុវត្តសាកល្បងប្រព័ន្ធទិន្នន័យនេះ ដោយស្នើដល់ម្ចាស់ទីតាំងផលិតកម្មត្រូវបញ្ជូនអ្នកតំណាង ២រូបមកក្រសួងឱ្យបានមុនថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីទទួលបានវគ្គបណ្តុះបណ្តាលស្តីពីការគណនា ឬការប៉ាន់ប្រមាណការសាយភាយសារធាតុពុល និងរបៀបផ្តល់របាយការណ៍ទិន្នន័យសម្រាប់ឆ្នាំសារពើភ័ណ្ឌឆ្នាំ២០១៨។

ប្រភេទទីតាំងទាំង ២២ប្រភេទដែលត្រូវជាប់កាតព្វកិច្ចផ្តល់របាយការណ៍នោះរួមមាន៖

១/ទីតាំងផលិតទឹកក្រូច ទឹកផ្លែឈើ ២/ទីតាំងផលិតស្រាបៀរ ៣/ទីតាំងផលិតអាល់កុល ឬមេតាណុល ដែលទីតាំងទាំងបីប្រភេទខាង មានកម្រិតល័ក្ខខ័ណ្ឌកម្មករលើសពី ៥០នាក់ ឬសមត្ថភាពផលិតលើសពី១០០០លីត្រក្នុងមួយថ្ងៃ។

ចំណែកប្រភេទទី៤ .គឺទីតាំងផលិតម្សៅដំឡូង ឬម្សៅមី  និងទី៥.ទីតាំងផលិតស្ករអំពៅ ឬស្ករស ដែលទីតាំងទាំងពីរនេះគិតរាប់កម្មករពី ៥០នាក់ ឬសមត្ថភាពផលិតលើសពី ៥តោនក្នុងមួយថ្ងៃ។រីឯទីតាំង ចៀរជ័រកៅស៊ូ ទីតាំងបោកគក់ក្រណាត់ ឬសំលៀកបំពាក់ និងទីតាំងជ្រលក់ពណ៌អំបោះ ឬក្រណាត់ ត្រូវគិតរាប់កម្មករលើសពី ២០នាក់ក្នុងមួយថ្ងៃ។

ដោយឡែកទីតាំងផលិតកម្មដែលក្រសួងមិនគិតពីទំហំល័ក្ខខ័ណ្ឌរួមមានទីតាំងផលិតស៊ីម៉ង់ត៍ ទីតាំងផលិតថាមពលអគ្គិសនីដើរដោយការដុតឥន្ធនៈផូស៊ីល ឬសំណល់ ទីតាំងសម្លាប់ស្បែកសត្វ ទីតាំងផលិត ឬកែច្នែផលិតជាសារធាតុគីមី ថ្នាំពណ៌ ល័ក្សពណ៌ សារធាតុបោកជម្រះ ទីតាំងផលិតជីគីមី និងថ្នាំពុលកសិកម្ម ទីតាំងទាញយក កិន ឬញែករ៉ែលោហៈធាតុ។

ចំណែកទីតាំងទាញយកប្រេងកាតឆៅ និងឧស្ម័នធម្មជាតិ ទីតាំងចម្រាញ់រ៉ែលោហៈធាតុ ទីតាំងចម្រាញ់ប្រេងកាត ទីតាំងក្រូម៉េ ឬស្រោបលោហៈ រួមមាន៖ ការស្រោបលោហៈលើបន្ទះស័ង្កសី ការបាញ់ថ្នាំពណ៌លើម៉ាស៊ីន គ្រឿងចក្រ ឬយានយន្ត ទីតាំង រោងចក្រកែច្នែសំណល់អគ្គិសនី សំណល់អេឡិច ត្រូនិច និងសំណល់ប្រេងឥន្ធនៈ ទីតាំងទីលានចាត់សំណល់រឹងឧស្សាហកម្ម ទីតាំងរោងចក្រឡដុតសំរាម សំណល់រឹងទីប្រជុំជន ឬសំណល់គ្រោះថ្នាក់ និងចុងក្រោយទីតាំងរោងចក្រព្រឹត្តកម្មទឹកលូទីប្រជុំជនរាជធានី-ខេត្ត៕

 

Share

Image
Image
Image