en     km
en     km

ក្រសួងបរិស្ថានប្តេជ្ញាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ពីវិស័យព្រៃឈើនៅកម្រិត ០%មុនឆ្នាំ ២០៤០

Share

ភ្នំពេញ៖ ក្រសួងបរិស្ថានបានកំណត់ទិសដៅយុទ្ធសាស្រ្តចំនួន ៣ធំៗ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីវិស័យព្រៃឈើឱ្យនៅកម្រិត០%នៅមុនឆ្នាំ២០៤០។ នេះជាការកំណត់បន្ថែមទស្សនវិស័យថ្មីដែលក្រសួងប្តេជ្ញាអនុវត្តតាមស្មារតីនៃការដាក់ចេញរបស់រាជរដ្ឋាភិបាលកម្ពុជា។

 

                                                         ​រូបព្រៃឈើក្នុងប្រទេសកម្ពុជា។រូបភាពពីក្រសួងបរិស្ថាន

យោងតាមសេចក្តីប្រកាសដែលបង្ហោះលើទំព័រហ្វេសប៊ុកក្រសួងបរិស្ថាននៅថ្ងៃទី០១ ធ្នូនេះឱ្យដឹងថា ក្រសួងនេះបាន ប្តេជ្ញាចិត្តបន្ថែមទស្សនៈវិស័យ ៣ធំៗដើម្បីគ្រប់គ្រងព្រៃឈើ តាមរយៈការកាត់បន្ថយការបំភាយឧស្ម័ន្មផ្ទះកញ្ចក់ឱ្យនៅកម្រិត០%នៅមុនឆ្នាំ២០៤០។

យុទ្ធសាស្រ្តទាំង ៣នោះរួមមាន

ទី១- ធានាបាននូវតុល្យភាពនៃការបំភាយ និងការស្រូបឧស្ម័នផ្ទះកញ្ជក់ពីវិស័យព្រៃឈើ។ ទី២- បង្កើនកម្រិតជីវភាពសហគមន៍មូលដ្ឋាន ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើផលព្រៃឈើ។និងទី៣- ពង្រឹងប្រភពផ្គត់ផ្គង់ផលិតផលឈើ ដោយត្រូវការពារព្រៃឈើធម្មជាតិ។

ការកំណត់បន្ថែមទស្សនវិស័យគ្រប់គ្រងព្រៃឈើរយៈពេលវែងនេះ ធ្វើឱ្យស្របតាមស្មារតីនិងចំណាររបស់នាយករដ្ឋមន្រ្តីដែលបានសម្រេចកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

​ឧស្ម័នផ្ទះកញ្ចក់មានពីរប្រភេទ គឺឧស្ម័នផ្ទះកញ្ចក់​កើតមានពីធម្មជាតិ និងឧស្ម័ន​ផ្ទះកញ្ចក់ ដែល​កើតចេញ​ពី​សកម្មភាព​របស់​មនុស្ស។

ឧស្ម័នផ្ទះកញ្ចក់កើតមានពីធម្មជាតិ​ វាមានអត្ថប្រយោជន៍ និងបានជួយដល់មនុស្សជាតិទៅវិញទេ ព្រោះប្រសិនបើគ្មានឧស្ម័នផ្ទះកញ្ចក់កើតមានពីធម្មជាតិនេះ ​នោះសីតុណ្ហភាព​មធ្យម​លើ​ភពផែនដី​នឹង​ត្រូវ​មាន​កម្រិត​ទាប​ជាង​បច្ចុប្បន្ន​ រហូតដល់​ទៅ ៣០អង្សា ដែល​ធ្វើ​ឲ្យ​ជីវិត​មនុស្ស សត្វ និង​រុក្ខជាតិ​នៅលើ​ភពផែនដី ពិបាក​នឹង​រស់។

តែអ្វីដែលមនុស្សជាតិមានការព្រួយបារម្ភនាពេលបច្ចុប្បន្ននេះ គឺការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ដែលកើតចេញពីសកម្មភាពរបស់មនុស្ស។ នៅពេល​ដែល​​ឧស្ម័ន​ផ្ទះកញ្ចក់កើតចេញពីសកម្មភាពរបស់មនុស្ស​មាន​នៅ​ក្នុង​បរិយាកាស​កាន់តែ​ច្រើន វា​អាច​ទប់កម្តៅ​ព្រះអាទិត្យ​បាន​កាន់តែ​ច្រើន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សីតុណ្ហភាព​លើ​ភពផែនដី​ត្រូវ​កើនកំដៅកាន់តែ​ខ្ពស់ផងដែរ។​

ក្រុមអ្នក​វិទ្យាសាស្រ្ត​ជំនាញ​ខាង​អាកាសធាតុ​បាន​ធ្វើការ​ប៉ាន់ស្មាន​ជាទូទៅ​ថា ឧស្ម័ន​ផ្ទះកញ្ចក់​ចម្បងបំផុត ​​ដែល​កើតចេញ​​​ពី​សកម្មភាព​របស់​មនុស្ស គឺ​ឧស្ម័ន​កាបូនិក ដែល​មាន​ប្រភព​​ចម្បង​​ចេញ​ពី​គ្រឿង​ម៉ាស៊ីន​​ដើរ​ដោយ​ប្រេង និង​ធ្យូងថ្ម ដូចជា ​គ្រឿងម៉ាស៊ីន​ក្នុង​វិស័យ​ឧស្សាហកម្ម​ រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម ម៉ាស៊ីន​យានយន្តជាដើម។ ចំណែកការ​កាប់បំផ្លាញ​ព្រៃឈើ​ក៏​ជា​ដើមហេតុ​ដែល​នាំ​ឲ្យ​​ឧស្ម័ន​កាបូនិក​នៅ​ក្នុង​បរិយាកាស​កើនឡើង​ផងដែរ។

                                                                   ផ្សែងចេញពីបំពង់ក្នុងរោងចក្រឧស្សាហកម្ម។

ប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង​ដូចជា សហរដ្ឋអាមេរិក ចិន រុស្ស៊ី ឥណ្ឌា ជាដើមជាប្រទេសដើមចមឱ្យមានការបំភាយឧស្ម័នផ្ទះកញ្ចក់នេះ។ សង្វាក់ផលិតកម្មក្នុងវិស័យឧស្សាហ៍កម្មរបស់ប្រទេសធំៗទាំងនេះមានសន្ទុះកាន់តែខ្លាំង ក៏ដោយសារតែពួកគេបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់កាន់តែច្រើនក្នុងបរិយាកាសភពផែនដី។

ប្រទេសធំៗមានសេដ្ឋកិច្ចជឿនលឿនសុទ្ធតែត្រូវជាប់ក្នុងកិច្ចព្រមព្រៀងកាត់បន្ថយការឡើងកំដៅនៃភពផែនដី។

តាមរយៈកិច្ចព្រមព្រៀង ប្រទេសទាំងអស់មានកាតព្វកិច្ចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន​ ២%ក្នុងមួយឆ្នាំៗ។ ប្រទេសធំៗទាំងនោះត្រូវបានថយកំណើនសេដ្ឋកិច្ចបន្តិចមកវិញតាមរបស់ការគោរពកិច្ចព្រមព្រៀងនេះ។

សហរដ្ឋអាមេរិកជាមហាអំណាចសេដ្ឋកិច្ចធំជាងគេលើលោក បានប្រកាសជំហរចង់ដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ តាមរយៈគោលនយោបាយរបស់លោក ដូណាល់ ត្រាំ។

បារាំងដែលជាអ្នកផ្តួចផ្តើមឱ្យមានកិច្ចព្រមព្រៀងនេះឡើង បានអំពាវនាវដល់ពិភពលោក ត្រូវរួមដៃគ្នារក្សាលំនឹងនៃភពផែនដី ពោលគឺមិនត្រូវគេចយកតែរួចខ្លួននោះទេ។ ប្រធានាធិបតីបារាំងលោក ម៉ាញ៉ូអ៊ែល ម៉ាក្រង់ បានថ្លែងថា អ្នករកគ្រោះពីការប្រែប្រួលអាកាសធាតុកើតចេញពីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នេះ គឺជាប្រជាជនរស់នៅក្នុងតំបន់ និងនៅប្រទេសក្រីក្រ។

កម្ពុជាមិនមែនជាប្រភពនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នោះទេ​ តែកម្ពុជាជាប្រទេសដែលត្រូវរងគ្រោះក្នុងបរិបទនៃបំរែបម្រួលបរិយាកាសភពផែនដីនេះ។

                                                                                             ​ព្រៃកោងកាងកម្ពុជា។

តែយ៉ាងណាក្តី កម្រងទិន្នន័យបំរែបម្រួលគម្របព្រៃឈើនៃប្រព័ន្ធតំបន់ការពារធម្មជាតិ ឆ្នាំ២០០៦-២០១៦ របស់ក្រសួងបរិស្ថានតាមរយៈការសិក្សាបែបវិទ្យាសាស្រ្តព្យាករណ៍ដោយផ្កាយរណបង្ហាញថា អត្រាភាព រិករិលនៃព្រៃឈើក្នុងតំបន់ការពារធម្មជាតិ មានការថយចុះគួរឱ្យកត់សំគាល់ នៅរយៈពេល២ឆ្នាំ ចុងក្រោយ ដោយគិតជាមធ្យមមានត្រឹមតែ ០,៣%ប៉ុណ្ណោះ។

ទូរលេខនេះបង្ហាញពីការធ្លាក់ចុះជាមធ្យមប្រចាំឆ្នាំនៃភាពរិចរិលនៃព្រៃឈើប្រមាណពាក់កណ្តាលអំឡុងពេលពីឆ្នាំ២០១០-២០១៤ ដែលមានប្រមាណ០,៦២%។

តាមព្យាករណ៍នៅក្នុងរយៈពេល ២ឆ្នាំខាងមុខទៀត អត្រាភាពរិចរិលធនធានព្រៃឈើ នឹងបន្តធ្លាក់ចុះជាបន្តទៀតដោយសារប្រសិទ្ធភាពនៃការអនុវត្តកំណែទម្រង់លើការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចូលរួមពីសហគមន៍មូលដ្ឋានពីកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។

ក្រសួងបរិស្ថានថ្មីៗនេះបានបង្កើតតំបន់ការពារធម្មជាតិសរុបមាន ៥១កន្លែង និងរបៀងជីវៈចម្រុះប្រព័ន្ធការពារធម្មជាតិ ៣ កន្លែង ដែលគ្រប់ដណ្តប់លើផ្ទៃដីប្រមាណ៧,៥លានហិកតា ស្មើនឹង៤១% នៃផ្ទៃដីទូទាំងប្រទេស៕

 

Share

Image
Image
Image