en     km
en     km

ក្រសួងបរិស្ថានបង្ក្រាបពលរដ្ឋទន្ទ្រានកាន់កាប់ដីនៅតំបន់ការពារធម្មជាតិ

Share

ភ្នំពេញ៖ ក្រសួងបរិស្ថានបានបង្ក្រាបការទន្ទ្រាន និងកាន់កាប់ដីរដ្ឋពីពលរដ្ឋដោយខុសច្បាប់នៅក្នុង តំបន់ប្រើប្រាស់ច្រើនយ៉ាងក្បាលឆាយ ខេត្តព្រះសីហនុ និងតំបន់មួយចំនួនទៀត។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងបរិស្ថាននៅថ្ងៃទី ១៧ កញ្ញាម្សិលមិញ។

តាមការចុះផ្សាយនេះបញ្ជាក់ តំបន់មួយចំនួនដែលក្រសួងបានបង្ក្រាបការទន្រា្ទនកាប់ដីរដ្ឋដោយខុសច្បាប់នោះ គឺមាន  តំបន់ក្បាលឆាយ ខេត្តព្រះសីហនុ ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ និងក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងបាត់ដំបងជាដើម។

ក្រសួងបរិស្ថានសរសេរថា ការកាប់ទន្ទ្រានយកដី និងពង្រីកដីចំការដែលមានស្រាប់នេះ ទៅលើតំបន់ហាមឃាត់ នៅក្នុងតំបន់ការពារ ពីសំណាក់ប្រជាពលរដ្ឋមួយចំនួន គឺដោយសារការញុះញង់របស់ក្រុមឈ្មួញរកស៊ីទិញដីធ្លី។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ឈ្មួញរកស៊ីដីបានបំផុស និងញុះញង់ឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានរំលោភបំពានច្បាប់ និងបំផ្លាញធនធានធម្មជាតិក្រោមច្រើនរូបភាព ដូចជា ការដាំដំណាំចេក ស្វាយ ខ្លុរ អាកាស្យាជាដើម ដើម្បីបន្លំថាជាដី និងដំណាំដែលខ្លួនបានកាន់កាប់ និងអាស្រ័យផលជាកម្មសិទ្ធិ ឬខ្លួនបានគ្រប់គ្រងជាយូរមកហើយ។

លោក នេត្រ ភក្ត្រា បន្ថែមថា ការទន្រ្ទានកាន់កាប់របស់ពលរដ្ឋមួយចំនួននេះក្នុងរូបភាព ជាការបោះព្រំដី ការត្រាយព្រៃតូចៗឱ្យងាប់ រួចដុតសម្អាត សម្រាប់ដាំដំណាំតាមរដូវនេះ ក្នុងរូបភាពអាស្រ័យផល និងឈានទៅដាក់ស្នើសុំការវាស់វែង ផ្តល់កម្មសិទ្ឋិជូនពួកគាត់ទៅ អាជ្ញាធរដែនដី ស្ថាប័នជំនាញពាក់ព័ន្ឋ ជាពិសេសស្នើទៅរដ្ឋាភិបាលជាបន្តបន្ទាប់។

ដើម្បីទប់ស្កាត់នូវរូបភាពការទន្ទ្រានកាន់កាប់ដីធ្លី ក្នុងតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានដោយសហការ ជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ឋ ចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្មើស ដូចបានរៀបរាប់ខាងលើ ដោយផ្អែកលើនីតិវិធីច្បាប់ជាធរមាន។

លោក នេត្រ ភក្ត្រា ថ្លែងថា ប្រសិនបើប្រជាពលរដ្ឋណាខ្វះដីពិតប្រាកដសូមដាក់សំណើសុំដីសម្បទានសង្គមកិច្ចពីអាជ្ញាធរមិនគួរទន្ទ្រាន រុករានកាប់ឆ្ការព្រៃ កាន់កាប់ដីរដ្ឋដោយខុសច្បាប់ឡើយ។ ជនទាំងឡាយដែលបំពាននឹងត្រូវប្រឈមមុខច្បាប់៕

Share

Image
Image
Image