en     km
en     km

ក្រសួងទេសចរណ៍ណែនាំរាជធានី-ខេត្តរៀបចំសន្ដិសុខជូនភ្ញៀវទេសចរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

Share

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានណែនាំមន្ទីរទេសចរណ៍រាជធានី-ខេត្ត អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ រៀបចំសណ្ដាប់ធ្នាប់ សន្ដិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរឱ្យបានល្អប្រសើរ នៅតាមគោលដៅទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍នានា។នេះបើតាមសារាចររបស់ក្រសួងទេសចរណ៍ ចុះនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៧។

តាមសារាចរណែនាំដដែល ក្រសួងទេសចរណ៍ក៏បានស្នើឱ្យប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត សហការជាមួយមន្ទីរ និងផ្នែកពាក់ព័ន្ធនានាអប់រំការយល់ដឹងជាសាធារណៈអំពីបរិស្ថាន ភាពស្អាតអនាម័យ និងសុវត្ថិភាពដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ពិសេសភោជនីយដ្ឋាន អាហារដ្ឋាន និងរមណីយដ្ឋានទេសចរណ៍។

បន្ថែមលើនេះ ក្រសួងទេសចរណ៍ក៏ស្នើពលរដ្ឋចូលរួមថែរក្សាភាពស្អាត អនាម័យ និងបរិស្ថាន ដោយលុបបំបាត់ការចោលសំរាម និងកាកសំណល់ផ្សេងៗ។

ដោយឡែក ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន និងរមណីយដ្ឋានទេចរណ៍នានា ត្រូវធានាឱ្យបាននូវការថែរក្សាភាពស្អាត អនាម័យល្អនៅតាមបង្គន់អនាម័យសាធារណៈ និងណែនាំបុគ្គលិកបំរើការងារត្រូវតែស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ និងផ្ដល់បដិសណ្ឋារកិច្ចល្អចំពោះភ្ញៀវទេសចរផងដែរ។

ក្រៅពីនេះ ក្រសួងទេសចរណ៍អំពាវនាវដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ មេត្តាកុំតម្លើងតម្លៃសេវាកម្ម និងផលិតផល ដោយរក្សាតម្លៃឱ្យបានសមរម្យ។ រាល់​សេវាស្នាក់នៅ និងតម្លៃម្ហូបអាហារត្រូវកំណត់ឱ្យបានច្បាស់លាស់ក្នុងតារាងតម្លៃដើម្បីឱ្យភ្ញៀវបានជ្រាបជាមុនជៀសវាងការកំណត់តម្លៃហួសហេតុ។ ករណីដែលមិនអនុវត្តតាមតារាងតម្លៃដែលបានកំណត់ និងបិទផ្សាយម្ចាស់មូលដ្ឋានអាជីវកម្ម ឬសេវាកម្ម ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

 

Share

Image
Image
Image