en     km
en     km

ក្រសួងការងារសោកស្ដាយករណីកម្មករគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកមិញ

Share

ភ្នំពេញ៖ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានការសោកស្ដាយដែលគ្រោះថ្នាក់ចរាចរណ៍មួយនៅ កាលពីព្រឹកថ្ងៃទី ៩ មិថុនានេះ បណ្ដាលអោយ កម្មករ-កម្មការិនី ជាច្រើននាក់រងរបួស។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដដឹកខ្សាច់ធុនធំ និងរថយន្ដដឹកកម្មករនិយោជិត កាលពីវេលាម៉ោង ០៦ និង១០នាទីព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៤ ភូមិត្រពាំងអត់ទឹក ឃុំគីរីវ័ន្ដ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានកម្មករនិយោជិតជិះក្នុងរថយន្ដសរុបចំនួន ៣០នាក់ និងបានបណ្ដាលឱ្យកម្មករ និយោជិតរងរបួសសរុបចំនួន ២៥នាក់ ក្នុងនោះ របួសស្រាល ១៦នាក់ របួសធ្ងន់ ០៩នាក់ ។

តាមសេចក្ដីប្រកាសនេះ ជនរងគ្រោះទាំងអស់បានទទួលការជួយសង្រ្គោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្រ្ដីបេឡាជាតិរបបសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយយកចិត្តទុកដាក់បំផុត។

គិតត្រឹមម៉ោង ០៨ និង ៤៥នាទីព្រឹក ថ្ងៃទី០៩ មិថុនានេះ កម្មករនិយោជិតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺចំនួន ២៥នាក់។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារស្ដីពីឧបទ្ទវហេតុនេះ ក្រសួងសូមចូលរួមរំលែកនូវសេចក្ដីសោកស្ដាយ និងអាណិតស្រឡាញ់ជាទីបំផុតជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់របស់ជនរងគ្រោះ ហើយសូមជូនពរដល់អ្នករងរបួសទាំងអស់ឆាប់ជាសះស្បើយ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងបន្ដជួយដោះស្រាយទុក្ខលំបាករបស់កម្មករ កម្មការិនី និងក្រុមគ្រួសារទៅតាមគោលការណ៍របបសន្ដិសុខសង្គមរបស់បេឡាជាតិ៕

Share

Image
Image
Image