en     km
en     km

ក្រសួងកសិកម្ម​ហាម​មិន​ឱ្យ​ប្រើប្រាស់​សារធាតុ​ Tricyclazole​ ទៅ​លើ​ដំណាំ​ស្រូវ​ និង​អង្ករ(មានសំឡេង)

Share

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីជូនដំណឹងហាមមិនឱ្យ ប្រើប្រាស់ថ្នាំកសិកម្មសកម្មសារធាតុTricyclazole នៅលើដំណាំស្រូវ និងអង្ករ ដែលបង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្មចុះនៅថ្ងៃទី ២៧ មិនា ម្សិលមិញ។

តាមសេចក្ដីជូនដំណឹងនេះ អ្នកប្រើប្រាស់ថ្នាំកសិកម្ម គ្រប់ក្រុមហ៊ុនដែលធ្វើពាណិជ្ជកម្មថ្នាំកសិកម្ម និងរាល់អ្នកផ្គត់ផ្គង់ចែកចាយ ត្រូវបញ្ឈប់រាល់ការផ្គត់ផ្គង់ ការចែកចាយដល់សាខា ឬដេប៉ូ លក់ដុំ លក់រាយ ថ្នាំកសិកម្មដែលមានសារធាតុ Tricyclazole នេះ។

កញ្ញា ជុំ ជោគជាតា ជូនសេចក្ដីរាយការណ៍៖

អង្ករដែលកម្ពុជាត្រៀមនាំចេញទៅក្រៅប្រទេស។
អង្ករដែលកម្ពុជាត្រៀមនាំចេញទៅក្រៅប្រទេស។

ការចេញសេចក្ដីហាមប្រាមមិនឱ្យមានការប្រើប្រាស់ និងនាំចូលថ្នាំកសិកម្ម សារធាតុ Tricyclazole ដែលប្រើប្រាស់នៅលើដំណាំស្រូវ និងអង្ករនេះ បន្ទាប់ពីសហភាពអ៊ឺរ៉ុបបានចេញសេចក្ដីព្រមានបញ្ឈប់ការនាំចូលអង្ករពីកម្ពុជា ប្រសិនបើមានសារធាតុ Tricyclazole មិនឱ្យលើស០,០១។

សហភាពអឺរ៉ុបដែលជាដៃគូដ៏សំខាន់ក្នុងការនាំអង្ករចេញពីកម្ពុជា បានចេញសេចក្ដីព្រមាននេះ ធ្វើឲ្យអ្នកពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករ ជាពិសេសអ្នកនាំចេញអង្ករ បានបង្ហាញពី ក្ដីកង្វល់ចំពោះការកម្រិតថ្មីនេះ។

ដោយហេតុនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីជូនដំណឹងពីការហាមឃាត់មិនឱ្យមានការប្រើប្រាស់ នាំចូល និងចែកចាយ ថ្នាំកសិកម្មដែលមានសារធាតុ Tricyclazole នេះ។

ដើម្បីរក្សាគុណភាព និងធានាសុខុមាលភាពសាធារណ និងរក្សាកេរ្ដិ៍ឈ្មោះនៃគុណភាពអង្កររបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាឆ្លើយតបទៅនឹងតម្រូវការទីផ្សារអន្ដរជាតិនោះ ក្រសួងបានដាក់ចេញនូវការណែនាំដល់ពាក់ព័ន្ធចំនួន ៦ចំនុច។

ក្នុងនោះរួមមាន ៖ ១.រាល់អ្នកប្រើប្រាស់ថ្នាំកសិកម្មទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំកសិកម្ម ដែលមានសារធាតុ សកម្ម Tricyclazole ទៅលើដំណាំស្រូវ ដែលអាចបន្សល់ទុកនូវសំណល់ថ្នាំកសិកម្មនៅក្នុងអង្ករ។

២.គ្រប់ក្រុមហ៊ុនដែលធ្វើពាណិជ្ជកម្មថ្នាំកសិកម្មទាំងអស់ ត្រូវបញ្ឈប់ការនាំចូលថ្នាំកសិកម្មដែលមាន សារធាតុសកម្ម Tricyclazole ។

៣.រាល់អ្នកផ្គត់ផ្គង់ចែកចាយទាំងអស់ ត្រូវបញ្ឈប់ការផ្គត់ផ្គង់ចែកចាយដល់សាខា ឬដេប៉ូ លក់ដុំ លក់រាយ ថ្នាំកសិកម្មដែលមានសារធាតុសកម្ម Tricyclazole។

៤.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចុះត្រួតពិនិត្យ និងណែនាំ អប់រំ ផ្សព្វផ្សាយដល់ដេប៉ូ លក់ដុំលក់រាយ និងអ្នកប្រើប្រាស់ថ្នាំកសិកម្មឱ្យបានយល់ដឹង ដើម្បីទប់ស្កាត់នូវការប្រើប្រាស់ថ្នាំ កសិកម្ម ដែលមានសារធាតុសកម្ម Tricyclazole និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ ប្រជាកសិករ។

៥.នាយកដ្ឋាននីតិកម្មកសិកម្ម ត្រូវបញ្ឈប់ការចុះបញ្ជីកា និងការអនុញ្ញាតឱ្យនាំចូលថ្នាំកសិកម្ម ដែល មានសារធាតុសកម្ម Tricyclazole ។

៦.អគ្គនាយកដ្ឋានកសិកម្ម ត្រូវសិក្សាស្រាវជ្រាវបន្ថែម ដើម្បីរកប្រភេទថ្នាំកសិកម្មថ្មីដែលគ្មានសារធាតុ ណហាមឃាត់មកជំនួសវិញ និងត្រូវបន្ដពង្រឹងការត្រួតពិនិត្យផ្នែកអនាម័យ ពិសេសសំណល់ថ្នាំ កសិកម្ម ឱ្យបានសមស្របតាមវិធានបច្ចេកទេស និងនីតិវិធីជាធរមាន មុនអនុញ្ញាតឱ្យនាំចេញអង្ករ ។

ទាក់ទិននឹងការហាមប្រាមរបស់ក្រសួងកសិកម្មខាងលើដែរ ទីប្រឹក្សាបច្ចេកទេសនៃក្រសួងកសិកម្ម លោក កៀន សុភា បានលើកឡើងថា ការប្រើប្រាស់ថ្នាំកសិកម្ម Tricyclazole នៅលើដំណាំស្រូវនេះ អាចធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកបរិភោគ នៅពេលដែលមានការប្រើប្រាស់សារធាតុទាំងនេះ ហួសកម្រិត ។

តាមលោក កៀន សុភាដដែល ថ្នាំកសិកម្ម Tricyclazole ជាថ្នាំគីមីម្យ៉ាងដែលគេប្រើប្រាស់ភាគច្រើននៅក្នុងអង្ករ ហើយអ្នកដែលប្រើប្រាស់ថ្នាំទ្រីហ្ស៊ីក្លាហ្សូលនេះ ភាគច្រើន គឺ ជាក្រុមហ៊ុន ដែលនាំអង្ករចេញ ។

លោក កៀន សុភា៖«ទេមែនកសិករទេ នឹងសុទ្ធតែអ្នកក្រុមហ៊ុនដែលនាំអង្ករចេញ»

តែយ៉ាងណាក៏ដោយ លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងដែរថា កម្ពុជានៅមិនទាន់មានករណីប្រើប្រាស់ថ្នាំ Tricyclazole នៅក្នុងអង្ករនាំចេញទៅក្រៅប្រទេសនៅឡើយទេ។

លោកថា ករណីនេះ ធ្លាប់តែកើតមាននៅប្រទេសផ្សេង តែប៉ុណ្ណោះ ដែលកន្លងមកសហគមន៍អឺរ៉ុប បានរកឃើញថា មានសារធាតុ Tricyclazole ផ្ទុកនៅក្នុងអង្ករ ដែលនាំចូលទៅកាន់សហគមន៍អឺរ៉ុប។

លោក ហ៊ុន ឡាក់ ៖«នេះជារឿងរបស់សហគមន៍អឺរ៉ុបដែលគេរកឃើញមានសារធាតុ ទ្រីហ្ស៊ីក្លាហ្សួល ផ្ទុកនៅក្នុងអង្ករ ដែលនាំចូលទៅសហគមន៍អឺរ៉ុបពីប្រទេសគេ ។ ហើយគេបារម្ភខ្លាចនៅកម្ពុជាមានការប្រើប្រាស់ជីដែលមានផ្ទុកសារធាតុគីមីនេះ ចឹងគេសុំអោយទប់ស្កាត់ការប្រើប្រាស់ជីនេះ ។ មែនយើងមានវា ហើយយើងកំពុងតែប្រើប្រាស់វានោះទេ»

ជុំវិញរឿងនេះដែរ លោក យ៉ង សាំងកុមារ ទីប្រឹក្សាជាន់ខ្ពស់អង្គការសេដាក យល់ឃើញថា សេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្មគឺជាវិធីល្អមួយ ព្រោះកាលណាបើការនាំចេញអង្ករទៅក្រៅប្រទេសដែលមានផ្ទុកសារធាតុគីមីដូចនេះ នឹងធ្វើអោយប៉ះពាល់ទៅដល់ការនាំចេញអង្ករ និងកេរិ៍្ដឈ្មោះរបស់ប្រទេសកម្ពុជា។

លោកថា អ្នកពាក់ព័ន្ធគួរតែរួមគ្នាមិនអោយមានការប្រើប្រាស់សារធាតុគីមីប្រភេទនេះ នៅក្នុងអង្ករ ទាំងការនាំចេញទៅក្រៅស្រុក និងក្នុងស្រុករួមទាំងចំណីអាហារដែលមានជាតិពុល និងបន្លែដែលមានសារធាតុគីមីផងដែរ។

លោក យ៉ង សាំងកុមារ ៖«ចឹងគឺយល់ល្អ អង្ករខ្មែរដែលមានស្រាប់នោះ យើងត្រូវមើល ដើម្បីបង្ការ មើលទៅក្នុងអង្ករថាមានសារធាតុនឹងអត់ ហើយបើមាន មានកម្រិតណា អាចទទួលយកបានអត់»

កម្ពុជានាំអង្ករចេញទៅក្រៅប្រទេសក្នុងមួយឆ្នាំ ជាង ៥០ម៉ឺនតោន ហើយប្រភពដែលនាំអង្ករចេញពីប្រទេសកម្ពុជា មាន ប្រទេសចិន សហភាពអឺរ៉ុប ម៉ាឡេស៊ី ហុងកុង សិង្ហបុរី និងសហរដ្ឋអាមេរិក ។

កន្លងមកសហភាពអឺរ៉ុបបានព្រមានចំពោះប្រទេសណាដែលនាំអង្ករចូលទៅកាន់សហភាពអឺរ៉ុប មិនអោយប្រើប្រាស់ថ្នាំកសិកម្ម ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ដោយការព្រមានថា នឹងលែងនាំចូលបន្ដទៀត បើសិនជារកឃើញថា មានសារធាតុគីមីនេះ នៅក្នុងអង្ករ។

កាកសំណល់ថ្នាំកសិកម្ម Tricyclazole ជាថ្នាំមានប្រសិទ្ធភាពបំផុតក្នុងការសម្លាប់ជម្ងឺប្លាស់ (Blast) ក្នុងដំណាំស្រូវ ហើយក៏ជាថ្នាំដែលមានតម្លៃទាបសម្រាប់ការប្រើប្រាស់ដែរ។

TRICYCLAZOLE គឺជាថ្នាំកសិកម្មដែលគេប្រើទៅលើដំណាំស្រូវ ហើយសារធាតុ Tricyclazole នេះអាចបន្សល់ទុកនូវសំណល់ថ្នាំកសិកម្មនៅក្នុងអង្ករ៕

Share

Image
Image
Image