en     km
en     km

កោះ​ត្រឡាច​អតីត​ដែនដី​ខ្មែរ​ក្លាយជា​គុក​ប្រវត្តិសាស្ត្រ​នៃ​សម័យ​អាណានិគម​បារាំង​

Share

​នៅ​កម្ពុជា​ក្រោម​ មាន​ឆ្នេរសមុទ្រ​លាតសន្ធឹង​ពី​ខេត្ត​បា​រៀ​ ឬ​ ខេត្ត​ព្រះ​សួគ៌ា​ រហូត​ដល់​ខេត្ត​ពាម​ ដោយ​ឆ្លងកាត់​តាម​ព្រៃនគរ​ កោះ​គង​ មេ​-​ស​ កំពង់​ឫស្សី​ ព្រះ​ត្រពាំង​ ឃ្លាំង​ ពល​លាវ​ ទឹកខ្មៅ​ និង​ក្រមួនស​។​ តាម​ឆ្នេរ​ទាំងនេះ​ មាន​កោះ​ ជា​ច្រើន​ដូច​ជា​ កោះ​បា​កែវ​ កោះ​ទុង​ កោះ​ក្អាត​ ជាដើម​ ។​ ក្រៅពី​កោះ​ទាំងនេះ​ គឺ​នៅ​មាន​កោះធំ​មួយទៀត​គឺ​ កោះ​ត្រឡាច​ ដែល​ជា​កោះ​មួយ​របស់​ចក្រភព​ខ្មែរ​ មុន​សតវត្សរ៍​ទី​ ១៧​ ។​

​តាម​ឯកសារ​របស់​ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ កោះ​ត្រឡាច​ ធ្លាក់​នៅ​ក្រោម​ការ​គ្រប់គ្រង​ របស់​ប្រទេស​វៀតណាម​ តាម​រយៈ​ អាណានិគម​បារាំង​។​ ប៉ុន្តែ​មាន​តែ​ កោះ​ត្រឡាច​មួយ​គត់​ ដែល​មាន​ប្រវត្តិ​ជូរ​ចត់​បំផុត​ របស់​អ្នក​សេ្ន​ហា​ជាតិខ្មែរ​។​
​លោក​នួន​ បូ​រិ​ន​ ជូន​អត្ថាធិប្បាយ​ !

​កោះ​ត្រឡាច​ យួន​ហៅ​ថា​ “​កូ​ង​ដាវ​”​ (Côn​ Đảo)​ ឬ​ “​ កូ​ង​ស៊ើ​ង​”​ (Côn​ Sơn)​ បារាំង​ហៅ​ថា​ ពូ​លូ​កុង​ដ័​រ​ (Poulo​ Condor)​ ។​ ប្រជុំ​កោះ​ត្រឡាច​ មាន​កោះ​ទាំងអស់​ចំនួន​ ១០​ ទាំង​តូច​ទាំង​ធំ​ មាន​ផ្ទៃក្រឡា​ប្រមាណ​ ៧៦​គីឡូ​ម៉ែត្រការ៉េ​ ។​នេះ​បើ​ តាម​គេហទំព័​ពរ​សំឡេង​ កម្ពុជា​ក្រោម​។​ តែបើ​តាម​ហ្វេ​ស​បុក​របស់​ លោក​ម៉ែ​ន​ ណាត​ សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ កោះ​ត្រឡាច​ មាន​ប្រជុំ​កោះ​តូចៗ​ចំនួន​ ៨​ នៅ​ជុំវិញ​ មាន​ទំហំ​ប្រហែល​ ១៥០​ គីឡូ​ម៉ែត្រការ៉េ​ មាន​ចម្ងាយ​ ៣០០​ គីឡូម៉ែត្រ​ ពី​ដែន​ដីគោក​កម្ពុជា​ក្រោម​ និង​ ២៣៧​ គីឡូម៉ែត្រ​ ពី​ទីក្រុង​ព្រៃនគរ​ សព្វ​ថ្ងៃនេះ​ ដែល​វៀតណាម​ ហៅ​ទីក្រុង​ហូ​ជី​មិ​ញ​។​

ប្រវត្តិ ​គុក​កោះ​ត្រឡាច​

​គុក​កោះ​ត្រឡាច​ជា​មជ្ឈមណ្ឌល​ព្រហ្មទណ្ឌ​មួយ​របស់​អាណានិគម​បារាំង​បារាំង​។​ គុក​នេះ​បារាំង​បង្កើត​ឡើង​ ដើម្បី​ឃុំឃាំង​អ្នកទោស​ទាំងឡាយ​ណា​ដែល​គេ​ចាត់​ទុក​ថា​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​របប​អាណានិគម​របស់​បារាំង​។​ គុក​នេះ​សម្រាប់​ឃុំខ្លួន​ អ្នកនយោបាយ​ អ្នក​ស្នេហា​ជាតិ​ អ្នកទោស​ត្រូវ​ប្រហារជីវិត​ សមាជិក​បក្ស​កុ​ម្មុយនិ​ស្ត​ និង​អ្នក​ជាតិនិយម​នៅ​ឥណ្ឌូចិន​ ដែល​ប្រឆាំង​នឹង​របប​ អាណានិគម​បារាំង​ ។​

​នៅ​លើ​កោះ​ត្រឡាច​ នេះ​ មាន​មន្ទីរ​មួយ​ដែល​អាណានិគម​បារាំង​ និង​ របប​សាធារណរដ្ឋ​វៀតណាម​ បាន​បង្កើត​ឡើង​ឲ្យ​ឈ្មោះ​ថា​ “​ទ្រុងខ្លា​”​ ដើម្បី​ធ្វើ​ទារុណកម្ម​លើ​សមាជិក​ដឹកនាំ​កំពូល​នៃ​ពួក​កុ​ម្មុ​យ​និ​ស្ត​ក្នុងអំឡុងពេល​សង្គ្រាម​នៅ​វៀតណាម​ និង​ឥណ្ឌូចិន​ ។​ អ្នក​ទោ​សនយា​បាយ​ខ្មែរ​ជា​ច្រើន​រូប​ ក៏​បាន​ស្លាប់​នៅ​ គុក​ កោះ​ត្រឡាច​ នេះ​ដែរ​ មាន​ដូច​ជា​ អាចារ្យ​ ហែម​ ចៀវ​,​លោកតា ក្រឡាហោមគង់, លោក​ ប៉ាច​ ឈឺ​ន​ លោក​ នួន​ ឌួ​ង​ ជាដើម​ ។​

​យោង​តាម​ សៀវភៅ​ ស្ដី​ពី​ទិដ្ឋភាព​ទូទៅ​នៃ​សេដ្ឋកិច្ច​វៀតណាម​”​ (Toàn​ cảnh​ kinh​ tế​ Việt​ Nam)​ ដែល​រៀបរៀង​ដោយ​ លោក​ ង្វៀ​ង​ ថា​យ​ ហ្វា​ង​ (Quang​ Thái​ Nguyễn)​ បាន​បញ្ជាក់​ថា​ នៅ​ក្រោម​របប​អាណានិគមនិយម​បារាំង​ មាន​ពលរដ្ឋ​វៀតណាម​ គ្រប់​ស្រទាប់វណ្ណៈ​ ប្រមាណ​ ២០០០០​ នាក់​ បាន​ស្លាប់​នៅ​ក្នុង​គុក​កោះ​ត្រឡាច​ ហើយ​បាន​យក​ទៅ​បញ្ចុះ​នៅ​ទី​បញ្ចុះសព​មួយ​ ឈ្មោះ​ ហាង​យឿ​ង​ (Nghĩa​ trang​ Hàng​ Dương)​ ។​

​តែបើ​យោង​តាម​សៀវភៅ​ឯកសារ​ប្រវត្តិសាស្ត្រ​ “​កម្ពុជា​ក្រោម អំណាចគ្មានក្រោម​ ”​ វិញ​ លោក​សាស្ត្រាចារ្យ​ ត្រាំ​ង​ ឆាត​ ប៊ុត​ បញ្ជាក់​ថា​ “​ឆ្នាំ​ ១៩៣៩​ នៅ​កោះ​នេះ​ មាន​អ្នកទោស​នយោបាយ​ចំនួន​ ២៤០០​ នាក់​ ហើយ​នៅ​ពេល​សង្គ្រាមលោក​លើក​ទី​ ២​ផ្ទុះ​ឡើង​ចំនួន​អ្នកទោស​ នយោបាយ​កើនឡើង​ដល់​ ៦០០០​ នាក់​។​

​បើ​តាម​អ្នកប្រវត្តិសាស្ត្រ​ កោះ​ត្រឡាច​ ពិតជា​មានរឿង​រ៉ាវ​ជា​ប្រវត្តិសាស្ត្រ​ពិតៗ​របស់​កម្ពុជា​ ប៉ុន្តែ​វា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ របស់​វៀតណាម​ តាំងពី​បារាំង​សម្រេច​កាត់​ដោយ​ទៅ​ជាមួយ​ដែនដី​កម្ពុជា​ក្រោម​។​

​គួរ​រំលឹក​ដែរ​ថា​ មាន​កោះត្រល់​ វៀតណាម​ហៅ​ថា​ កោះ​ភូ​កុក​ (Phu​ Quoc)​ និង​កោះ​ត្រឡាច​ វៀតណាម​ហៅ​ថា​ កូ​ង​ដាវ​ កោះ​ត្រី​ កោះទន្សាយ​ កោះធំ​ កោះ​វ៉ៃ​ ដែល​នៅ​ជាប់​ព្រំប្រទល់​ដែនសមុទ្រ​ដី​ខ្មែរ​កម្ពុជា​ក្រោម​។​ ក្នុង​ចំណោម​កោះ​ទាំងនេះ​ កោះ​ខ្លះ​ត្រូវ​បាន​គេ​ដឹង​ថា​ កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម​ ប៉ុន្តែ​កោះត្រល់​ដែល​មាន​ផ្ទៃក្រឡា​ធំ​ជិត​ប៉ុន​ប្រទេស​សិង្ហ​បុរី​ ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​និង​ក្រុម​អ្នកនយោបាយ​មក​ពី​បក្ស​ប្រឆាំង​ និយាយ​ថា​ បាន​បាត់​ទៅ​វៀតណាម​អំឡុង​ទស​វត្ស​ ១៩៨០៕

Share

Image
Image
Image